ជាតិ
អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន ស្នើឱ្យ​ដោះលែង​និង​ទម្លាក់​បទ​ចោទ​លោក សុវណ្ណ រិទ្ធី ចាងហ្វាង​TVFB
09, Apr 2020 , 4:11 pm        
រូបភាព
​ភ្នំពេញ​៖ អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន និង​សម្ព័ន្ធ​អ្នកកាសែត​កម្ពុជា (Camboja) ស្នើឱ្យ​អាជ្ញាធរ​ដោះលែង និង​ទម្លាក់​បទ​ចោទ​លោក សុវណ្ណ រិទ្ធី ចាងហ្វាង​TVFB ដែល​រង​បទ​ចោទ​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទល្មើស​ជាអាទិ៍ តាម​មាត្រា ៤៩៥ ។ លោក សុវណ្ណ រិទ្ធី ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ពាក់ព័ន្ធ​នឹង​ការសរសេរ​លើ​ហ្វេ​ស​ប៊ុ​កដោយ​ស្រង់​ពាក្យសម្តី​សម្ដេច ហ៊ុន សែន ដែល​បាន​និយាយថា «​បើ​អ្នករត់ម៉ូតូឌុប​ក្ស័យធន លក់​ម៉ូតូ​ចាយ​សិន​ទៅ រដ្ឋាភិបាល​គ្មាន​លទ្ធភាព​ជួយ​នោះទេ​» រួមទាំង​មានការ​បកស្រាយ​នៅក្នុង​វីដេអូ​ទៀតផង​។​


 
​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះលែង​លោក សុវណ្ណ រិទ្ធី ដែល​ស្រង់​សម្តី​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះផ្សាយ​នេះ ជាបន្ទាន់ ។ ជាពិសេស​អនុញ្ញាតឱ្យ​អង្គភាព​TVFB និង FBTV ដែល​ត្រូវបាន​លុប​អាជ្ញាប័ណ្ណ​នោះ បើក​ដំណើរ​ការធម្មតា​។​
 
«​ការចាប់ខ្លួន​អ្នកកាសែត​ដាក់ពន្ធនាគារ ដោយសារ​ស្រង់​សម្តី​នាយករដ្ឋមន្ត្រី យកមក​ចុះផ្សាយ​នោះ វា​មិនមែនជា​រឿង​សម​ហេតុផល​ឡើយ​»​។ នេះ​ជាការ​លើកឡើង​របស់​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន កាលពី​ថ្ងៃទី​៨ មេសា​។​
 
​លោក សុវណ្ណ រិទ្ធី ចាងហ្វាង​TVFB រង​បទ​ចោទ​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទល្មើស​ជាអាទិ៍ តាម​មាត្រ ៤៩៥ ពាក់ព័ន្ធ​នឹង​ការសរសេរ​លើ​ហ្វេ​ស​ប៊ុ​កដោយ​ស្រង់​ពាក្យសម្តី​សម្ដេច ហ៊ុន សែន ដែល​បាន​និយាយថា «​បើ​អ្នករត់ម៉ូតូឌុប​ក្ស័យធន លក់​ម៉ូតូ​ចាយ​សិន​ទៅ រដ្ឋាភិបាល​គ្មាន​លទ្ធភាព​ជួយ​នោះទេ​» រួមទាំង​មានការ​បកស្រាយ​នៅក្នុង​វីដេអូ​ទៀតផង​។ នេះ​បើតាម​លោក ប្លង់ សុផល អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​
 
​ជុំវិញ​បញ្ហា​នេះ​លោក ណុប វី នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នកកាសែត​កម្ពុជា ស្នើឱ្យ​អាជ្ញាធរ​ពិចារណា​ឡើងវិញ ចំពោះ​ការដាក់​បទ​ចោទ​លើ​លោក សុវណ្ណ រិទ្ធី នេះ ពោលគឺ​មិនត្រូវ​មានការ​ចាប់ខ្លួន​បែបនេះ​ទេ ប៉ុន្តែអាជ្ញាធរ​អាច​ស្នើឱ្យ​មានការ​កែតម្រូវ​រាល់​ការចុះផ្សាយ​វិញ តាមច្បាប់​ស្តីពី​សេរីភាព​សារព័ត៌មាន​។ «​ជា​ការពិត​បើសិនជា​គាត់​(​សុវណ្ណ រិទ្ធី​) បាន​ចុះផ្សាយ ឬ​សាបព្រោះ​ព័ត៌មាន​នេះ អាជ្ញាធរ​គួរតែ​ប្រើ​ច្បាប់សារព័ត៌មាន​អនុវត្ត​លើ​អ្នកកាសែត ដែល​បាន​បង្កើត​កំហុស​នៅក្នុង​ការផ្សព្វផ្សាយ និង​ចែកចាយ​ព័ត៌មាន​របស់​ពួកគេ ហើយ​ម្យ៉ាងវិញទៀត​អាជ្ញាធរ​ក៏​អាច​ស្នើឱ្យ​អ្នកកាសែត​កែតម្រូវ​ឡើងវិញ នូវ​កំហុស​ខុសឆ្គង​ទាំងនោះ​ដែរ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ណុប វី​។​
 
​តែ​យ៉ាងណា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​លោក ឆាយ គឹម​ឃឿន បាន​ប្រាប់​សារព័ត៌មាន​ថ្មី​ថា សំណេរ​របស់លោក សុវណ្ណ រិទ្ធី នេះ ជាការ​បំប៉ោង និង​បំពុលសង្គម ដែល​ធ្វើឱ្យ​ពលរដ្ឋ​យល់ច្រឡំ​លើស​ម្ដេច ហ៊ុន សែន​។ លោក គឹម​ឃឿន ចាត់ទុក​សំណេរ​របស់​ចាងហ្វាង​TVFB រូបនេះ ជា​ចេតនា​បង្កើតឱ្យមាន​ចលាចល​ក្នុងសង្គម​។​
 
«​សម្ដេច ហ៊ុន សែន គាត់​បានចេញ​វិធានការ​ដោះស្រាយ​បញ្ហា​ពលរដ្ឋ ដែល​ជួប​បញ្ហា​ប្រឈម​នឹង​ជំងឺ​COVID-19​ហើយ ហើយ​គ្រាន់តែ​សម្ដេច​និយាយ​លេង​មួយ​ម៉ាត់ ពីរ​ម៉ាត់​សោះ បែរជា​យកមក​ចុះផ្សាយ​។ សម្ដេច​គាត់​គ្មាន​ចេតនា​ដូច​ការចុះផ្សាយ​ឯណា ព្រោះ​គាត់​បានចេញ​វិធានការ​ច្រើន​មកហើយ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ឆាយ គឹម​ឃឿន​។​
 
​ជាមួយគ្នានេះ ក្រសួង​ព័ត៌មាន ក៏បាន​សម្រេច​លុបចោល​អាជ្ញាប័ណ្ណ​TVFB និង FBTV  ក្រោម​ហេតុផល​ស្ថាប័ន​នេះ ផ្សព្វផ្សាយ​ញុះញង់​បង្ក​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម​។​
 
​ផ្ទុយ​ពី​ការលើកឡើង​របស់​អាជ្ញា​ធរ​នេះ លោក ណុប វី ដែល​បាន​តាមដាន​ករណី​លោក សុវណ្ណ រិទ្ធី នេះ បាន​និយាយថា ការផ្សព្វផ្សាយ​របស់​ចា​ង​ហ្វា​ង​TVFB​រូបនេះ ក៏​មិនមាន​ឥទ្ធិពល​ធ្ងន់ធ្ងរ ដែលនាំឱ្យ​ប៉ះពាល់ និង​បង្កចលាចល​ក្នុងសង្គម​ដែរ​។ តាមរយៈ​ការចុះផ្សាយ​របស់​សម្ព័ន្ធ​អ្នកកាសែត​កម្ពុជា បាន​ស្រង់​សម្ដី​លោក ណុប វី ដូច្នេះ​ថា​៖«​អ្វី​ដែលជា​ចំណុច​សំខាន់​នោះ ខ្ញុំ​គិតថា​ការផ្សព្វផ្សាយ​របស់លោក សុវណ្ណ រិទ្ធី​នេះ ក៏​មិន​បណ្ដាលឱ្យ​បំផ្លាញ​ដល់​ផលប្រយោជន៍​ជាតិ និង​ការរើសអើង​នៅក្នុង​សង្គម​ដែរ​។ ដូច្នេះ​ខ្ញុំ​ស្នើឱ្យ​រដ្ឋាភិបាល​ពិចារណា និង​ពិនិត្យមើល​លើ​បញ្ហា​នេះ​ឡើងវិញ​»​។​
 
​ជុំវិញ​ករណី​ខាងលើនេះ លោក សុវណ្ណ សុខា ឪពុក​លោក សុវណ្ណ រិទ្ធី ក៏បាន​ស្នើ​សុំឱ្យ​ប្រមុខ​រដ្ឋាភិបាល អធ្យាស្រ័យ​និង​អនុគ្រោះ​លោក រិទ្ធី តាមរយៈ​វីដេអូ​សុំទោស​ជំនួស​កូន​ផងដែរ ។ លោក​អះអាងថា កូន​របស់ខ្លួន គ្មាន​ចេតនា​វាយប្រហារ​លើ​រដ្ឋា​ភិ​បាល​ឡើយ​៕

Tag:
 សុវណ្ណ រី​ទ្ធី​
  TVFB
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com