COVID-19
ជាតិ
ខេត្តពោធិ៍សាត់ រកឃើញវិជ្ជមានកូវីដ-១៩ បន្ថែម៧ករណី ឯខេត្តក្រចេះមាន២ករណី
17, May 2021 , 12:59 pm        
រូបភាព
មន្ត្រីសុខាភិបាល បាញ់ថ្នាំសម្លាប់មេរោគលើអ្នកជំងឺម្នាក់ ដែលរកឃើញវិជ្ជមានកូវីដ-១៩ ពេលកំពុងធ្វើចត្តាឡីស័ក _មុននឹងឡើងរថយន្តសង្គ្រោះ ដឹកទៅកាន់កន្លែងសម្រាកព្យាបាល។ រូបភាព៖ហ្វេសប៊ុក រដ្ឋបាលក្រុងពោធិ៍សាត់
មន្ត្រីសុខាភិបាល បាញ់ថ្នាំសម្លាប់មេរោគលើអ្នកជំងឺម្នាក់ ដែលរកឃើញវិជ្ជមានកូវីដ-១៩ ពេលកំពុងធ្វើចត្តាឡីស័ក _មុននឹងឡើងរថយន្តសង្គ្រោះ ដឹកទៅកាន់កន្លែងសម្រាកព្យាបាល។ រូបភាព៖ហ្វេសប៊ុក រដ្ឋបាលក្រុងពោធិ៍សាត់
ដោយ: ថ្មីៗ
មនុស្ស៧នាក់ទៀត មានតេស្តវិជ្ជមានកូវីដ-១៩ នៅខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៦ ឧសភា ដែលក្នុងនោះ ៣នាក់ជាអ្នកដំណើរពីភ្នំពេញ, ១នាក់ពីខេត្តព្រះសីហនុ និង៣នាក់ពីខេត្តកំពង់ស្ពឺ។ ចំណែកឯខេត្តក្រចេះ ក៏រកឃើញករណីឆ្លងថ្មី២ករណីដែរ លើអ្នកស្ត្រីអ្នកដំណើរពីភ្នំពេញ។

 
រដ្ឋបាលខេត្តពោធិ៍សាត់ បានរកឃើញអ្នកតេស្តវិជ្ជមានកូវីដ-១៩ ចំនួន ៧នាក់បន្ថែមទៀត នៅថ្ងៃទី១៦ឧសភា ខណៈអ្នកសះស្បើយ មាន២នាក់បន្ថែមដែរ។ តាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង៧នាក់ មាន៣នាក់ជាអ្នកដំណើរពីរាជធានីភ្នំពេញ, ១នាក់ជាអ្នកដំណើរពីខេត្តព្រះសីហនុ និង៣នាក់ជាអ្នកដំណើរពីខេត្តកំពង់ស្ពឺ។ គិតត្រឹមថ្ងៃទី១៦ ឧសភា ខេត្តពោធិ៍សាត់មានអ្នកកើតកូវីដ-សរុប ៥៩នាក់ ក្នុងនោះ៦នាក់ជាសះស្បើយ និង២នាក់ បានបាត់បង់ជីវិត។ នេះបើតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់។ 
 
នៅឯខេត្តក្រចេះវិញ ក៏បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន២នាក់ផងដែរ លើស្ត្រីអ្នកដំណើរពីរាជធានីភ្នំពេញ។ តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តក្រចេះ អ្នកទាំង២ជាបុគ្គលិកឱសថស្ថានអរុណរស្មី ផ្សារអូរឡាំពិក រាជធានីភ្នំពេញ និងមានអាសយដ្ឋាននៅភូមិរហារ៍ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។
 
 
តាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១៥ ឧសភា កម្ពុជាមានអ្នកកើតកូវីដ-១៩ ចំនួន ២២ ១៨៤នាក់ ដោយសះស្បើយមាន ១២ ១២០នាក់ និងស្លាប់១៥០នាក់៕
 
 
 
 
 

Tag:
 ពោធិ៍សាត់
 ក្រចេះ
© រក្សាសិទ្ធិដោយ thmeythmey.com