ជាតិ
សេដ្ឋកិច្ច
បើមិនដំឡើងពន្ធឲ្យខ្ពស់ទេ ថ្នាំជក់បន្តនាំឲ្យស្លាប់ ពិការ និងឈឺ កាន់តែច្រើននៅកម្ពុជា
18, May 2021 , 7:59 am        
រូបភាព
សម្រាប់កម្ពុជា វិធានការដែលមានប្រសិទ្ធខ្ពស់ក្នុងការជំរុញឲ្យពលរដ្ឋផ្ដាច់បារីបានជោគជ័យ គឺការដំឡើងពន្ធថ្នាំជក់។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ អង្គការចលនា ដើម្បីសុខភាព កម្ពុជា (CMH)  នាថ្ងៃទី១៧ ខែឧសភា នៅពេលរដ្ឋាភិបាលដំឡើងពន្ធថ្នាំជក់ខ្ពស់ នឹងធ្វើឱ្យចំនួនអ្នក ជក់បារី តិចជាងមុន ឬ ផ្ដាច់បារីបានទាំងស្រុង ដែលនាំទៅរកការថយចុះនូវចំនួនអ្នកស្លាប់ អ្នកពិការ និងអ្នកឈឺដោយការប្រើប្រាស់ថ្នាំជក់។



អត្ថបទទាក់ទង
 
ការប្រើប្រាស់ថ្នាំជក់ បង្កឱ្យកើតជំងឺ ដាច់សរសៃឈាមខួរក្បាល, រលាកសួតរ៉ាំរ៉ៃ, ជំងឺសរសៃឈាមបេះដូង និងជំងឺមហារីកសួត និងមាត់ ជាដើម។ អង្គការចលនាដើម្បីសុខភាពកម្ពុជា បានបញ្ជាក់ថា ការដំឡើងពន្ធថ្នាំជក់ មិនត្រឹមតែជួយកាត់បន្ថយអត្រាអ្នកស្លាប់ និងអ្នកជំងឺដែលបណ្តាល មកពីការប្រើប្រាស់ថ្នាំជក់នោះ គឺថែមទាំងឱ្យរដ្ឋាភិបាលទទួលបាននូវចំណូលពន្ធបន្ថែមទៀត សម្រាប់ទៅយកប្រើប្រាស់នៅក្នុងកិច្ចការសង្គមនានាដូចជាប្រើប្រាស់លើការទប់ស្កាត់ និងព្យាបាលអ្នកជំងឺកូវីដ-១៩ (COVID-19)ជាដើម។
 
កន្លងមក លោកវេជ្ជបណ្ឌិតមុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា មានប្រសាសន៍ថា  ការដំឡើងពន្ធលើផលិតផលថ្នាំជក់ជាយុទ្ធសាស្ត្រឈ្នះ-ឈ្នះ ដែលធ្វើឱ្យកម្ពុជាទទួល បានប្រាក់ចំណូល បន្ថែម ហើយថែមទាំងអាចកាត់បន្ថយផលប៉ះពាល់ ដែលបណ្ដាលមកពីការប្រើប្រាស់ផលិតផលថ្នាំជក់ ផងដែរ។


 
ការសិក្សារបស់ការអង្គការសហប្រជាជាតិ(UN) ស្ដីពីការវិនិយោគលើការត្រួតពិនិត្យ ផលិតផលថ្នាំជក់ ក្នុងឆ្នាំ២០១៩ បានបង្ហាញថា  កម្ពុជានឹងទទួលចំណូលពន្ធ បន្ថែមចំនួន ២៣៥លានដុល្លារ នារយៈពេល ៥ឆ្នាំខាងមុខ និង៩៣៣លានដុល្លារ នារយៈពេល១៥ឆ្នាំ ប្រសិនបើរដ្ឋាភិបាលដំឡើងពន្ធលើផលិតផល ថ្នាំជក់ ដល់៧៥ភាគរយ នៃតម្លៃបារីលក់រាយ។
 
កម្ពុជា បានស្ថិតក្នុងចំណោមប្រទេស ដែលមានអត្រាពន្ធលើផលិតផលថ្នាំជក់ទាបជាងគេនៅក្នុង តំបន់ អាស៊ាន បន្ទាប់ពីប្រទេសឡាវ។ បច្ចុប្បន្ន អត្រាពន្ធលើផលិតផលថ្នាំជក់ធៀបតម្លៃលក់រាយនៅកម្ពុជា មានត្រឹមតែ២៥ភាគរយ ចំពោះបារីក្នុងស្រុក និង៣១,១ភាគរយ សម្រាប់បារីនាំចូល ខណៈប្រទេស ថៃមានអត្រាពន្ធធៀបតម្លៃលក់រាយ ៧០ភាគរយ សិង្ហបុរី៦៧,៥ភាគរយ និងភូមា៥០ទៅ៦០ភាគរយ ។
 
ជារៀងរាល់ឆ្នាំ ពលរដ្ឋកម្ពុជាចំនួន១៥,០០០នាក់ស្លាប់ ដោយសារជំងឺបង្កដោយការប្រើប្រាស់ថ្នាំជក់។ លើសពីនេះ ការប្រើប្រាស់ថ្នាំជក់បណ្ដាលឱ្យខាតបង់ទឹកប្រាក់៦៤៩លានដុល្លាក្នុងមួយឆ្នាំ ដែលស្មើនឹង៣ភាគរយ នៃផលិតផលក្នុងស្រុកសរុប(GDP)របស់កម្ពុជា។ ក្នុងនោះ ៥៨៤លានដុល្លារ បណ្ដាលមកពីការខាតបង់ផលិតភាពសេដ្ឋកិច្ច គឺមរណភាពមុនអាយុកំណត់ ផលិតភាពធ្លាក់ចុះពីការសម្រាកជក់បារី និងអវត្តមានពីការងារ។ នេះបើយោងតាមការសិក្សារបស់អង្គការសហប្រជាជាតិ៕
 

Tag:
 សុខភាព
  ពន្ធថ្នាំជក់
© រក្សាសិទ្ធិដោយ thmeythmey.com