ជាតិ
រថយន្ត
ការនាំចេញកង់ទៅកាន់ទីផ្សារអន្តរជាតិនឹងប្រឈមផលប៉ះពាល់ដោយសារកូវីដ-១៩?
31, May 2021 , 8:19 pm        
រូបភាព
រូបពីក្រសួងព័ត៌មាន
រូបពីក្រសួងព័ត៌មាន
គិតចាប់តាំងពីថ្ងៃទី២៦ ខែឧសភា មក កម្មករជាង៧០នាក់ហើយនៅរោងចក្រដំឡើងកង់ពីរនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង ក្រុងបាវិត មានលទ្ធផលវិជ្ជមានកូវីដ-១៩។ ការរាលដាលជំងឺរាតត្បាតសកលនេះ បានធ្វើឲ្យការនាំចេញកង់របស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិប្រឈមបញ្ហា ដោយមេដឹកនាំសហជីព ទាមទារឲ្យរដ្ឋាភិបាលចាត់វិធានការឲ្យហ្មត់ចត់ ដើម្បីធានានិរន្តភាពនៃដំណើរការផលិត និងការនាំចេញ។

 
រោងចក្រ អេ អេន ជេ ខេមបូឌា (A and J) នៅតំបន់សេដ្ឋកិច្ចពិសេសតាយសេង ក្រុងបាវិត ត្រូវបានមន្ទីរការងារខេត្តស្វាយរៀង សម្រេចបិទដំណើរការបណ្តោះអាសន្ន បន្ទាប់ពីបានរកឃើញកម្មករជិត៦០នាក់តេស្តវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី២៦ ខែឧសភា ហើយបន្តរកឃើញជាង១០នាក់ទៀតកាលពីចុងសប្តាហ៍កន្លងមក ហើយរោងចក្រស្មាត ថេក ដែលជារោងចក្រផលិតកង់មួយទៀត ក៏រកឃើញវិជ្ជមាន២នាក់ផងដែរ។
 
បើតាម លោក អ៊ូ សុខឿន ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តស្វាយរៀង រោងចក្រ ស្មាត ថេក ក៏បានសម្រេចផ្អាកដំណើរដោយខ្លួនឯងជាបណ្តោះអាសន្នផងដែរ ដើម្បីទប់ស្កាត់ការរាលដាលកូវីដ-១៩ ខណៈកម្មករ និងអ្នកបម្រើការផ្សេងទៀត ត្រូវបន្តតាមដានសុខភាពរបស់ខ្លួន។
 
ទាក់ទងនឹងករណីនេះ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានស្នើឲ្យអាជ្ញាធរចាត់វិធានការឲ្យបានហ្មត់ចត់ដើម្បីកុំឲ្យប៉ះពាល់ដល់ការនាំចេញ រួមទាំងការបញ្ជាទិញ។ លោកបានថ្លែងប្រាប់សាររព័ត៌មានថ្មីៗតាមទូរសព្ទថា៖ «ការឆ្លងរាលដាលកាន់តែខ្លាំងនៅតំបន់រោងចក្រផលិតកង់ ធ្វើឲ្យផលិតកម្មត្រូវផ្អាក អ៊ីចឹង ការនាំចេញនឹងអាក់ខាន ហើយការបញ្ជាទិញមានបញ្ហាផងដែរ។ វាស្រដៀងនឹងវិស័យកាត់ដេរកន្លងមកដែរ»។ 
 
ក្រៅពីស្នើឲ្យអាជ្ញាធរចាត់វិធានការឲ្យបានទាន់ពេលវេលាដើម្បីកាត់ផ្តាច់ប្រភពនៃការឆ្លងរាលដាល លោក អាត់ ធន់ ក៏អំពាវនាវដល់ឲ្យអាអាជ្ញាធរយកចិត្តទុកដាក់លើការគាំទ្រជាស្បៀងអាហារ និងប្រាក់ឧបត្ថម្ភដល់កម្មករដែលរងផលប៉ះពាល់ផងដែរ។
ប្រធានមន្ទីរការងារខេត្តស្វាយរៀងបានអះអាងថា បច្ចុប្បន្នភាពនៅក្នុងខេត្តស្វាយរៀងមានរោងចក្រ១០ហើយ ដែលមានកម្មករជាប់ពាក់ព័ន្ធនឹងករណីកូវីដ-១៩ ហើយក្នុងនោះមានរោងចក្រដំឡើងកង់ និងផលិតកង់ចំនួន២ក្នុងចំណោម៧នៅតំបន់សេដ្ឋកិច្ចពិសេសតាយសេង ក្រុងបាវិត។
 
នៅកម្ពុជាមានរោងចក្រផលិតកង់ចំនួន៩ ក្នុងនោះ មាននៅខេត្តស្វាយរៀងចំនួន៨ និង១នៅខេត្តកណ្ដាល ដោយរោងចក្រទាំង៩នោះ មានបានបោះទន់វិនិយោគជាង៤៦លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ 
រយៈពេល៤ខែនៃដើមឆ្នាំ២០២១នេះ ទំហំទឹកប្រាក់នៃការនាំចេញកង់ពីកម្ពុជាទៅទីផ្សារអន្តរជាតិ មានការកើនឡើងជាង៣២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានឹងឆ្នាំមុន ពោលគឺប្រមាណពី១៥០លានដុល្លារ ទៅជិត២០០លានដុល្លារ។ ទីផ្សារអន្តរជាតិដែលកម្ពុជានាំចេញកង់ទៅមាន អាមេរិក អង់គ្លេស អឺរ៉ុប កាណាដា ក្រៅពីនេះ មាន ប្រទេសចិន ជប៉ុន និងប្រទេសក្នុងតំបន់អាស៊ាន៕
 
 

Tag:
 រោងចក្រកង់
© រក្សាសិទ្ធិដោយ thmeythmey.com