COVID-19
ជាតិ
អាជីវកម្ម និង​មុខរបរ ដែលមាន​ហានិភ័យ​ឆ្លង​កូ​វីដ​-១៩​ខ្ពស់ ត្រូវ​ផ្អាក​បណ្ដោះអាសន្ន ១៤​ថ្ងៃ​
02, Jun 2021 , 10:06 pm        
រូបភាព
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ (ឈរកណ្ដាល) ចុះពិនិត្យភូមិសាស្រ្ត និងទីតាំងចាក់វ៉ាកសាំងបង្ការកូវីដ-១៩ នៅព្រឹកថ្ងៃទី៣ មិថុនា ២០២១
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ (ឈរកណ្ដាល) ចុះពិនិត្យភូមិសាស្រ្ត និងទីតាំងចាក់វ៉ាកសាំងបង្ការកូវីដ-១៩ នៅព្រឹកថ្ងៃទី៣ មិថុនា ២០២១
​ភ្នំពេញ​៖ អាជីវកម្ម និង​សកម្មភាព​ការងារ ឬ​មុខរបរ ព្រមទាំង​ការជួបជុំ និង​ប្រមូលផ្ដុំ​លក្ខណៈ​ឯកជន នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដែលមាន​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​កូ​វីដ​-១៩ ត្រូវ​ផ្អាក​បណ្ដោះអាសន្ន ១៤​ថ្ងៃ ដោយ​គិត​ចាប់ពី​ម៉ោង​សូន្យ ថ្ងៃទី​៣ ដល់​១៦ មិថុនា​។​


 
​សាលា​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា អាជីវកម្ម និង​សកម្មភាព​ការងារ ឬ​មុខរបរ ដែល​ចាត់ទុក​មាន​ហានិភ័យ​ឆ្លង​ខ្ពស់ ហើយ​ត្រូវ​ផ្អាក​សកម្មភាព​នោះ រួមមាន សាលារៀន រួមទាំង​សាលា​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​រដ្ឋ និង​ឯកជន លើកលែងតែ​សាលារៀន ដែល​បណ្ដុះបណ្ដាល​តាម​ប្រព័ន្ធ​អន​ឡាញ​។ ចំណែក​អាជីវកម្ម​ក្លឹប​កម្សាន្ត​គ្រប់​ប្រភេទ ដូចជា ខារ៉ាអូខេ រង្គសាល បៀ​ហ្គា​ឌិន កាស៊ីណូ រមណី​ដ្ឋា​ន សារមន្ទីរ សួន​កម្សាន្ត រោងភាពយន្ត រោង​សម្ដែង​សិល្បៈ ក្លិប​ហាត់ប្រាណ មជ្ឈមណ្ឌល​កីឡា និង​កន្លែង​ម៉ាស្សា​នោះ គឺ​សុទ្ធតែ​ស្ថិតនៅក្នុង​វិធានការ​រដ្ឋបាល ដែល​តម្រូវឱ្យ​ផ្អាក​សកម្មភាព​។​
 
​សេចក្តីសម្រេច​របស់​សាលា​រាជធានី​ភ្នំពេញ ចេញ​នៅ​យប់​ថ្ងៃទី​២ មិថុនា ត្រង់​មាត្រា​២ បាន​សង្កត់ធ្ងន់​ដូច្នេះ​ថា​៖«​ក្រៅពី​សកម្មភាព​ការងារ មុខរបរ ឬ​អាជីវកម្ម ដែល​ត្រូវ​ផ្អាក​ជា​បណ្ដោះអាសន្ន ដូច​បានកំណត់​ខាងលើ រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ពិនិត្យ​សម្រេច​ផ្អាក​សកម្មភាព​ការងារ មុខរបរ និង​អាជីវកម្ម​ផ្សេងទៀត​ទៅតាម​ស្ថានភាព​វិវឌ្ឍន៍​ជាក់ស្ដែង ដោយ​អនុលោម​តាម​តម្រូវ​ការចាំបាច់​ក្នុងការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩»​។​
 
​ចំពោះ​ការជួបជុំ និង​ប្រមូលផ្ដុំ​លក្ខណៈ​ឯកជន នៅ​អំឡុងពេល​ដាក់ចេញ​វិធានការ​រដ្ឋបាល​នេះ​វិញ គឺ​ត្រូវ​បានកំណត់​មិនឱ្យ​លើសពី​១៥​នាក់​ឡើយ ។ នេះ​បើតាម​សាលា​រាជធានី​ភ្នំពេញ​។ 
 
​ប៉ុន្តែ​ក៏មាន​លើកលែងតែ​ករណីខ្លះ ជុំវិញ​ការជួបជុំ ឬ​ប្រមូលផ្ដុំ​ដែរ ដូចជា ការជួបជុំ​ក្នុងចំណោម​សមាជិកគ្រួសារ និង​រង្វង់​សាច់ញាតិ ដែល​រស់នៅក្នុង​លំនៅដ្ឋាន ឬ​ទី​សំណាក់​ជាមួយគ្នា ក្នុង​កម្មវិធី​ប្រពៃណី និង​សាសនា​ផ្សេងៗ​។ ការរៀបចំ​ពិធី​បុណ្យសព​ដោយ​គោរព​តាម​ការកំណត់​របស់​អា​ជ្ញា​ធរ និង​ក្រោយពេល​យក​សំណាក​សាកសព​ទៅ​វិភាគ​រក​មេរោគ​កូ​វីដ​-១៩ ដែល​ទទួលបាន​លទ្ធផល​អវិជ្ជមាន​។ ការជួបជុំ​របស់​ស្ដា​ប័ន​សាធារណៈ ការប្រមូលផ្ដុំ​មនុស្ស និង​ការជួបជុំ​របស់​បុគ្គលិក​សុខាភិបាល ដើម្បី​អនុវត្ត​វិធានការ​សុខាភិបាល ជាអាទិ៍ ការយក​សំណាក​មក​វិភាគ​រក​មេរោគ និង​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ព្រមទាំង​សកម្មភាព​បុគ្គលិក​សុខាភិបាល ដែល​បំពេញការងារ​សង្គ្រោះបន្ទាន់ គឺ​ត្រូវបាន​អនុញ្ញាត​។​
 
​ជាមួយគ្នានេះ ក៏មាន​ការលើកលែង​លើ​ការជួបជុំ​របស់​អាជ្ញាធ​រ​មាន​សមត្ថកិច្ច កងកម្លាំង​ការពារ​សន្តិសុខ និង​សណ្ដាប់ធ្នាប់ រួមទាំង​មន្ត្រីនគរបាល​យុត្តិធម៌ ឬ​សាលាជម្រះក្តី និង​មាន​ផលប្រយោជន៍​សាធារណៈ ដែល​ស្របតាម​ការកំណត់​រប​ស់​អាជ្ញាធរ​។ រីឯ​ការជួបជុំ ឬ​ប្រមូលផ្ដុំ​មនុស្ស ដើម្បី​បំពេញការងារ​ឱ្យ​សកម្មភាព​ការងារ អាជីវកម្ម ឬ​មុខរបរ ដែល​មិនបាន​បែង​ចែង​ក្នុង​មាត្រា​២ ក៏ត្រូវ​បាន​លើកលែង​ដែរ​។​
 
ក្រៅពី​ករណី​ខាងលើ រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ពិនិត្យ​សម្រេច​ផ្អាក​ការជួបជុំ និង​ប្រមូលផ្ដុំ​លក្ខណៈ​ឯកជន​ផ្សេងទៀត​ទៅតាម​ស្ថានភាព​វិវឌ្ឍន៍​ជាក់ស្ដែង ដោយ​អនុលោម​តាម​តម្រូវ​ការចាំបាច់​ក្នុងការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩។ 

«​ក្នុងករណី​រកឃើញថា បុគ្គល ឬ​នីតិបុគ្គល​ទាំងឡាយណា ដែល​បំពាន​វិធានការ​នេះ ត្រូវអនុវត្ត​ទណ្ឌកម្ម​រដ្ឋបាល និង​ទណ្ឌកម្ម​ច្បាប់ រួមទាំង​ការផ្សព្វផ្សាយ​ជា​សាធារណៈ​ចំពោះ​បុគ្គល​ល្មើស ស្របតាម​ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺ​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ផ្សេងៗ និង​លិខិតបទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​ជា​ធរមាន ដោយ​គ្មាន​ការលើកលែង​ឡើយ​»​។​នេះ​បើតាម​អភិបាល​រាជធានី​ភ្នំពេញ​៕​

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com