ភ្នំពេញ៖ ដូចការគ្រោងទុក! ដំណក់ប្រេងលើកដំបូងនៅកម្ពុជា ដែលក្រុមហ៊ុន Kris Energy បានផលិតចេញនោះ ត្រូវបានយកទៅតម្កល់ទុកនៅវិមានឈ្នះ-ឈ្នះ ហើយ នៅព្រឹកថ្ងៃទី៩ មិថុនានេះ។ ដំណក់ប្រេងលើកដំបូងរបស់កម្ពុជា បានផលិតចេញ នៅថ្ងៃទី២៩ ធ្នូ ២០២០ ក្រោយចំណាយពេលវេលារុករក និងបច្ចេកទេសផលិតអស់១៨ឆ្នាំមកនេះ។
ដំណក់ប្រេងលើកដំបូងនេះ គឺផលិតចេញពីអណ្តូងប្រេងទី១ ឈ្មោះ A-0ID នៃផ្លាតហ្វម A នៅក្នុងប្លុកនៃឈូងសមុទ្រកម្ពុជា ដែលមានចម្ងាយប្រមាណ ១៦០គីឡូម៉ែត្រ ពីក្រុងព្រះសីហនុ ។ ចំណែកតំបន់២ទៀត ដែលស្ថិតនៅគម្រោងបូមប្រេងបន្ទាប់ រួមមាន តំបន់ប៉ូលូវៃនិងបាសិត ស្ថិតនៅក្នុងដំណាក់កាលទី២ និងដំណាក់កាលទី៣ គឺតំបន់អង្គារសិល្ប៍ ។ ទីតាំងទាំងអស់នេះ គឺស្ថិតនៅក្នុងគម្រោងប្លុកA ដូចគ្នា ។
ចំពោះប្លុកA នេះ គឺកម្ពុជាអាចទទួលបានប្រេង៣០លានបារ៉ែល(១បារ៉ែល ស្មើ១៥៦លីត្រ) ។ នេះបើតាមលោក ជៀប សួរ អគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែ និងថាមពល ដែលធ្លាប់បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា បរិមាណប្រេងឆៅរបស់កម្ពុជា ជាលើកដំបូង ចន្លោះពី២៧ម៉ឺន ទៅ៣០ម៉ឺនបារែល នឹងនាំទៅលក់នៅទីផ្សារអន្តរជាតិ ដោយក្រុមហ៊ុន KrisEnergy នាចុងខែឧសភា ឆ្នាំ២០២១។
ក្រៅពីនៅដែនសមុទ្រកម្ពុជានេះ ក៏មានទីតាំងប្រេងកាត នៅ៤តំបន់ទៀត ក្នុងដែនសមុទ្រដែរ ប៉ុន្តែទីតាំងទាំងនោះ វាស្ថិតនៅតំបន់ត្រួតស៊ីគ្នាជាមួយភាគីថៃ។ ភាគីកម្ពុជា កំពុងចរចាជាមួយរដ្ឋាភិបាលថៃ លើបញ្ហានេះ ដើម្បីអាចមានលទ្ធភាពអភិវឌ្ឍ និងផលិតប្រេងកាត។ នេះជាការបញ្ជាក់របស់អគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែ និងថាមពល។
មិនមែនតែដែនទឹកទេ ក្នុងដែនគោកវិញ ក៏មានតំបន់ប្រេងដែរ។ លោក ជៀប សួរ បានបញ្ជាក់ថា ប្រេងនៅដែនគោក មានចំនួន១៩ប្លុកទៀត ដែលត្រូវការក្រុមហ៊ុនសហការវិនិយោគ។ «នៅលើដែនគោកយើងបានបែងចែកជា១៩ប្លុក ដើម្បីធ្វើការសិក្សាស្រាវជ្រាវរកធនធានប្រេងកាតនេះ ហើយក្នុងនោះមានប្លុក(ទី)៨ មួយដែលមានការចាប់អារម្មណ៍ពីក្រុមហ៊ុនប្រទេសកាណាដា ហើយគាត់កំពុងតែចរចាកិច្ចព្រមព្រៀងប្រេងកាតជាមួយគណៈកម្មការអន្តរក្រសួងយើង។ ប៉ុន្តែការចរចានេះ មានការរអាករអួលខ្លះដែរដោយសារបញ្ហាកូវីដ-១៩ នេះ។ ហើយ១៨ប្លុកទៀតនៅលើដែនគោកនេះ ក៏នៅទំនេរដែរ ហើយយើងក៏រង់ចាំការចាប់អារម្មណ៍ពីអ្នកវិនិយោគប្រេងកាត»។ នេះជាការបញ្ជាក់របស់លោក ជៀប សួរ ដែលមិនអាចបញ្ជាក់លម្អិតពីទីតាំងភូមិសាស្ត្រ និងបរិមាណប្រេងកាតសរុបនៅតាមប្លុកនានាឡើយ ។
គួរបញ្ជាក់ថា ដំបូងឡើយកម្ពុជា បានចុះកិច្ចព្រមព្រៀងប្រេងកាតដំបូងនៅឆ្នាំ ២០០២ ជាមួយសម្ព័ន្ធក្រុមហ៊ុន មានក្រុមហ៊ុន Chevron Oversea Petroleum (Cambodia) Ltd., LG Caltex Oil Corporation, Moeco Cambodia Co., Ltd. និង KrisEnergy) ។ សម្ព័ន្ធក្រុមហ៊ុននេះ ដឹកនាំដោយក្រុមហ៊ុន Chevron របស់អាមេរិក។
ក្រោយដំណើរការរុករកជម្រកប្រេង អស់៨ឆ្នាំ ក្រុមហ៊ុនChevron បានប្រកាសរកឃើញជម្រករ៉ែប្រេងមានលក្ខណៈពាណិជ្ជកម្ម ជាលើកដំបូងរបស់កម្ពុជា និងបានកសាងគម្រោងផែនការអភិវឌ្ឍនិងអាជីវកម្ម ដើម្បីស្នើសុំរាជរដ្ឋាភិបាលពិនិត្យនិងសម្រេច នៅឆ្នាំ ២០១០ ដើម្បីឈានទៅអនុវត្តផែនការការងារនៅខែធ្នូ ឆ្នាំ២០១២។ ប៉ុន្តែដោយការពិនិត្យលក្ខណៈបែងចែកផលសេដ្ឋកិច្ច និងសង្គតភាពច្បាប់ពាក់ព័ន្ធនិងផែនការអភិវឌ្ឍនិងអាជីវកម្មនៅពេលនោះ បានតម្រូវឲ្យកម្ពុជា និងក្រុមហ៊ុន Chevron ត្រូវចរចារកែសម្រួលលក្ខខណ្ឌកិច្ចព្រមព្រៀងខ្លះឡើងវិញ ដើម្បីស្របបទប្បញ្ញត្តិច្បាប់កម្ពុជាផង និងមានសមធម៌កាន់តែប្រសើរ។ ដោយសារការកែសម្រួលលក្ខខណ្ឌ និងរៀបចំច្បាប់ផែនការអភិវឌ្ឍនេះហើយ ទើបធ្វើឲ្យដំណើរការផលិតប្រេងនៅឆ្នាំ២០១២ រាំងស្ទះ ហើយមិនអាចអនុវត្តបាន។
តាមរយៈការចរចារដ៏តឹងតែងនេះ ក្រុមហ៊ុន Chevron Oversea Petroleum (Cambodia) Ltd., LGCaltex Oil Corporation និងក្រុមហ៊ុន Mocco Cambodia Co., Ltd. បានស្នើសុំដកខ្លួនចេញបន្តបន្ទាប់គ្នានៅឆ្នាំ ២០១៤ និង២០១៦។ ការចរចារត្រូវបានបន្តអូសបន្លាយពេលតាំងពីឆ្នាំ ២០១០ រហូតដល់ថ្ងៃទី២៣ ខែសីហាឆ្នាំ ២០១៧ ទើបសម្រេចបាននូវកិច្ចព្រមព្រៀងថ្មី និងគម្រោងផែនការអភិវឌ្ឍ និងអាជីវកម្មអណ្តូងប្រេងថ្មី ដែលបើកផ្លូវឲ្យដំណើរការសាងសង់ផ្លាតហ្វមអណ្តូងប្រេងបច្ចុប្បន្ននេះ៕