COVID-19
ជាតិ
កូ​វីដ​-១៩៖ ស្វាយរៀង​១៨​នាក់​ទៀត រតនគិរី​១​នាក់ ខណៈ​នៅ​កំពង់ចាម មាន​១​នាក់​ស្លាប់​
11, Jun 2021 , 5:30 pm        
រូបភាព
ដោយ: ថ្មីៗ
​ខេត្តស្វាយរៀង នៅ​ថ្ងៃទី​១០ មិថុនា បាន​រកឃើញ​មនុស្ស​១៨​នាក់​ទៀត មាន​តេស្ត​វិជ្ជមាន​កូ​វីដ​-១៩ និង​២០​នាក់​បានជា​សះស្បើយ​។ ខេត្តរតនគិរី ក៏​រកឃើញ​អ្នក​ឆ្លង​ថ្មី ១​នាក់ ខណៈ​ខេត្តកំពង់ចាម មាន​អ្នកជំងឺ​១​នាក់ បាន​ស្លាប់​។


​ស្វាយរៀង​៖ រកឃើញ​១៨​នាក់​ទៀត និង​២០​នាក់​ជាសះស្បើយ​

​ខេត្តស្វាយរៀង មាន​អ្នក​ឆ្លង​កូ​វីដ​-១៩ ចំនួន ១៨​នាក់​ទៀត​នៅ​ថ្ងៃទី​១០ មិថុនា ខណៈ​អ្នកជំងឺ ២០​នាក់​ជាសះស្បើយ​។ យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត ក្នុងចំណោម​អ្នក​ឆ្លង​ថ្មី​ទាំង ១៨​នាក់​នោះ ភាកច្រើន​ជា​កម្មករ​រោងចក្រ ដែលមាន​៨​នាក់​ជា​ពលរដ្ឋ​រស់នៅ​ស្រុក​ស្វាយទាប ខណៈ​ស្រុក​កំពង់រោទិ៍ និង​ក្រុង​ស្វាយរៀង​មាន​៣​នាក់​រៀងខ្លួន​។ ស្រុក​ចន្ទ្រា មាន​អ្នក​វិជ្ជមាន​២​នាក់ រីឯ​ស្រុក​រំដួល និង​ស្រុក​ស្វាយជ្រំ មាន​១​នាក់​រៀងខ្លួន​។ បច្ចុប្បន្ន​ខេត្តស្វាយរៀង មាន​ករណី​វិជ្ជមាន​កូ​វីដ​-១៩ សរុប ១១៩២​នាក់​ក្នុងនោះ ៧៥៦​នាក់​បានជា​សះស្បើយ ៧​នាក់​ស្លាប់ និង​៤២៨​នាក់​ទៀត​បន្ត​សម្រាក​ព្យាបាល​។ 

​រតនគិរី​៖ រកឃើញ​១​នាក់ ជា​អ្នកដំណើរ​ពី​រាជធានី​ភ្នំពេញ​

​ខេត្តរតនគិរី រកឃើញ​អ្នក​ឆ្លង​កូ​វីដ​-១៩ ម្នាក់​បន្ថែម​នៅ​ថ្ងៃទី​១០ ខែមិថុនា ដែលជា​អ្នកដំណើរ​ពី​រាជធានី​ភ្នំពេញ​។ យោងតាម​សេចក្តី​ជូន​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត អ្នក​វិជ្ជមាន​១​នាក់​នេះ មាន​វ័យ ២៥​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ភូមិ​ព្រៃ​សំពៅ ឃុំ​ប្រសិទ្ធិ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។ បច្ចុប្បន្ន ខេត្តរតនគិរី មាន​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ សរុប ២៥​នាក់ ក្នុងនោះ ៨​នាក់​បានជា​សះស្បើយ ហើយ​អ្នកជំងឺ ១៧​នាក់​ទៀត បន្ត​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​

​កំពង់ចាម​៖ គ្មាន​ករណី​ថ្មី តែមាន​អ្នកជំងឺ​ម្នាក់​បាន​ស្លាប់​
 
​ខេត្តកំពង់ចាម មិនបាន​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ នោះទេ នៅ​ថ្ងៃទី​១០ មិថុនា ប៉ុន្តែ​បែរជា​មាន​អ្នកជំងឺ​ម្នាក់ បាន​ស្លាប់​ដោយសារ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។ តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្តកំពង់ចាម អ្នកជំងឺ​ដែល​ស្លាប់​នេះ ជា​បុរស​វ័យ ៣៨​ឆ្នាំ ជា​ពលរដ្ឋ​រស់នៅ​ភូមិ​ព្រែកជីក ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។ បុរស​រូបនេះ បាន​រកឃើញថា​មាន​តេស្ត​វិជ្ជមាន​កូ​វីដ​-១៩ នៅ​ថ្ងៃទី​៨ មិថុនា និង​បាន​ចូល​សម្រាក​នៅ​មន្ទីរពេទ្យ​មេគង្គ​កំពង់ចាម​។ ដោយសារ​អ្នកជំងឺ​មាន​ប្រវត្តិ​លើសឈាម ហើយ​ការវិវត្តន៍​ជំងឺ​ចេះតែ​ធ្ងន់​ឡើង ជាមួយនឹង​ស្ថានភាព​ហត់ ដង្ហក់​ខ្លាំង ដែល​តម្រូវឱ្យ​គ្រូពេទ្យ​សង្គ្រោះ​តាម​លក្ខណៈ​បច្ចេកទេស និង​ការប្រើ​ម៉ាស៊ីន​ជំនួយ​ដង្ហើម​ផង​។ ទោះយ៉ាងណា អាការ​អ្នកជំងឺ មិន​ធូរស្រាល និង​បាត់​បង់ជីវិត​នៅ​ម៉ោង​៣​ទៀបភ្លឺ ថ្ងៃទី​១០ មិថុនា​។ ក្រុមគ្រូពេទ្យ​សន្និដ្ឋានថា ង្ន​ក​ជំងឺ​ស្លាប់​ដោយសារ​រលាក​សួត​ធ្ងន់ធ្ងរ ព្រោះ​កូ​វីដ​-១៩ និង​មកពី​អ្នកជំងឺ​មាន​ជំងឺលើសឈាម​រ៉ាំរ៉ៃ​ផង​។ 

សៀមរាប៖ មាន៤៥នាក់បន្ថែម ក្នុងនោះ២៤ករណីនៅក្រុងសៀមរាប
 
រដ្ឋបាលខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៤៥នាក់បន្ថែមទៀត នៅថ្ងៃទី១០ ខែមិថុនា ដែលភាគច្រើនជាពលរដ្ឋរស់នៅក្នុងសង្កាត់ស្រង៉ែ ,សង្កាត់គោកចក និងសង្កាត់ស្លក្រាមក្រុងសៀមរាប។ នៅស្រុកសូទ្រនិគម និងស្រុកជីក្រែង ក៏មិនទាន់ថមថយ ខណៈពលករខ្មែរមកពីថៃ ៥នាក់ ក៏មានវិជ្ជមានដែរ។ ទន្ទឹមនឹងនោះ រដ្ឋបាលខេត្តក៏ប្រកាសថា មានអ្នកជំងឺចំនួន ១២នាក់ បានជាសះស្បើយផងដែរ។ តាមរដ្ឋបាលខេត្ត ក្នុងចំណោមអ្នកឆ្លងថ្មី ទាំង ៤៥នាក់នោះមាន ១៧នាក់ ជាពលរដ្ឋនៅសង្កាត់ស្រង៉ែ, ២នាក់នៅសង្កាត់គោកចក និង៥នាក់នៅសង្កាត់ស្លក្រាម ក្រុងសៀមរាប។ ពលរដ្ឋ ៦នាក់ ជាអ្នករស់នៅស្រុកសូទ្រនិគម, ៤នាក់នៅស្រុកជីក្រែង, ២នាក់នៅស្រុកពួក, ៤នាក់នៅស្រុកប្រាសាទបាគង, ៣នាក់នៅស្រុកក្រឡាញ់ ហើយស្រុកស្រីស្នំ និងស្រុកវ៉ារិនមាន១នាក់រៀងខ្លួន។ គិតត្រឹមថ្ងៃទី ១០មិថុនា ខេត្តសៀមរាប មានអ្នកវិជ្ជមានកូវីដ-១៩ សរុប ៣៤៤នាក់ ក្នុងនោះ ១០៦នាក់បានជាសះស្បើយ ២នាក់ស្លាប់ និង២៣៦នាក់ទៀត នៅបន្តព្យាបាល។
 
 
ព្រៃវែង​៖ មាន​៤២​នាក់​ទៀត ក្នុងនោះ​១៩​នាក់​ជា​អ្នក​មកពី​ថៃ​
 
​រដ្ឋបាលខេត្ត​ព្រៃវែង បាន​រកឃើញ​មន​សុ្ស ៤២​នាក់​បន្ថែមទៀត វិជ្ជមាន​កូ​វីដ​-១៩ ដែលមាន​១៩​នាក់​ជា​អ្នក​ត្រឡប់​មកពី​ថៃ និង​អ្នក​ដែល​ប៉ះពាល់​នឹង​អ្នក​ឆ្លង​កន្លងមក ខណៈ​ករណី​មួយចំនួន​មិនទាន់​កំណត់​ប្រភព​ឆ្លង​បាន​នៅឡើយ​។ តាម​រដ្ឋបាល​ខេត្តព្រៃវែង ក្នុងចំណោម​អ្នក​ឆ្លង​ថ្មី​ទាំង ៤២​នាក់​នេះ មាន​៩​នាក់​នៅ​ស្រុក​ព្រះស្តេច​, ៨​នាក់​នៅ​ក្រុង​ព្រៃវែង​, ៧​នាក់​នៅ​ស្រុក​ពារាំង​។ ស្រុក​ស្វាយ​អ​ន្ទ​រ កំចាយមារ និង​ស្រុក​ស៊ីធរ​កណ្ដាល រកឃើញ​៤​នាក់​រៀងខ្លួន ខណៈដែល​ស្រុក​ពាម​រក៍ មាន​៣​នាក់​។ ស្រុក​ពោធិ៍​រៀង មាន​២​នាក់ និង​ស្រុក​ក​ញ្ចៀ​ច មាន​អ្នក​ឆ្លង​ថ្មី​១​នាក់​។ គិត​ត្រឹម​ថ្ងៃទី ១០​មិថុនា ខេត្តព្រៃវែង រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ សរុប ៨២៤​នាក់ ក្នុងនោះ​៣៥៦​នាក់​ជាសះស្បើយ ៨​នាក់​បាន​ស្លាប់ និង​អ្នក​នៅ​បន្ត​ព្យាបាល​មាន​ចំនួន​៤៦០​នាក់​ទៀត​។​
 
​បន្ទាយមានជ័យ​៖ មាន​៣៧ នាក់​បន្ថែម និង​សះស្បើយ ៣៧​នាក់​
 
​ខេត្តបន្ទាយមានជ័យ បាន​រកឃើញ​អ្នក​វិជ្ជមាន​ថ្មី​បន្ថែម ៣៧​នាក់​ទៀត ខណៈ​អ្នក​សះស្បើយ ក៏មាន​៣៧​នាក់​ដែរ​។ សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​បញ្ជាក់ថា ក្នុងចំណោម​អ្នក​ឆ្លង​ថ្មី​ទាំង ៣៧​នាក់​នោះ ភាគច្រើន​គឺជា​អ្នក​ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ និង​មួយចំនួនទៀត​ជា​បុគ្គលិក​ក្រុមហ៊ុន កម្មករ​រោងចក្រ និង​អ្នករត់ម៉ូតូឌុប​។ ក្នុងចំណោម​អ្នក​ឆ្លង​ថ្មី​ទាង ៣៧​នាក់ មាន ១៨​នាក់​នៅ​ក្រុង​ប៉ោយប៉ែត​, ៦​នាក់​នៅ​ស្រុក​ព្រះនេត្រព្រះ​, ៥​នាក់​នៅ​ស្រុក​មង្គល​បូរី​, ៤​នាក់​នៅ​ក្រុង​សិរីសោភ័ណ​, ២​នាក់​ស្រុក​ភ្នំស្រុក ខណៈ​ស្រុក​អូរជ្រៅ និង​ស្រុក​ម៉ាឡៃ​រកឃើញ​១​នាក់​រៀងខ្លួន​។​
កំពត៖ ឆ្លងថ្មី ៣៤នាក់ និងមាន២នាក់បានស្លាប់ 
 
ខេត្តកំពតបានរកឃើញមនុស្ស ៣៤នាក់ទៀត វិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១០មិថុនា ខណៈអ្នកជំងឺ២នាក់បានស្លាប់។ បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពត ក្នុងចំណោមអ្នកឆ្លងថ្មីនេះ មានទាំងកម្មកររោងចក្រ អាជីវករ កសិករ គ្រូបង្រៀន ស្ត្រីមេផ្ទះ និងសិស្ស។ ក្នុងចំណោអ្នកវិជ្ជមានទាំង ៣៤នាក់ មាន ១៦នាក់ជាពលរដ្ឋមានអាសយដ្ឋាននៅស្រុកដងទង់ , ៦នាក់ នៅស្រុកជុំគិរី, ៦នាក់នៅស្រុកឈូក ,២នាក់នៅស្រុកអង្គរជ័យ, ២នាក់នៅសង្កាត់កំពង់កណ្តាល ក្រុងកំពត និង២នាក់ទៀតនៅស្រុកទឹកឈូ។ 
ចំពោះករណីស្លាប់វិញ គឺលើបុរសវ័យ ៧៦ឆ្នាំ រស់នៅឃុំអង្គរសុភី ស្រុកកំពង់ត្រាច ។ បុរសរូបនេះបានស្លាប់ដោយជំងឺលើសសម្ពាធឈាម មុននឹងតេស្តឃើញវិជ្ជមានកូវីដ-១៩លើសាកសព។  ចំណែក១ករណីទៀត គឺជាបុរសវ័យ ៣៩ឆ្នាំ ដែលរស់នៅឃុំចំប៉ី ស្រុកអង្គរជ័យ។ បុរសរូបនេះ មានតេស្តវិជ្ជមានកូវីដ-១៩ និងបានចូលសម្រាកនៅមន្ទីរពេទ្យ នៅថ្ងៃទី៩មិថុនា ជាមួយនឹងអាការក្អកខ្លាំង ក្តៅខ្លួន ឈឺក្បាល ហៀរសំបោរ និងដង្ហក់ ដែលតម្រូវឱ្យគ្រូពេទ្យសង្គ្រោះតាមបច្ចេកទេសបន្ទាន់ភ្លាមៗ។ នៅព្រឹកថ្ងៃទី១០មិថុនា សភាពជំងឺក៏បានរើឡើងម្តងទៀត ហើយគាត់ក៏បានបាត់បង់ជីវិតទៅ។ គ្រូពេទ្យសន្និដ្ឋានថា អ្នកជំងឺស្លាប់ដោយសារវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងដោយសារជំងឺកូវីដ-១៩។ 
 

​បាត់ដំបង​៖ មាន ១៤​នាក់​បន្ថែម ក្នុងនោះ​៩​នាក់​ជា​ពលករ​មកពី​ថៃ​
 
​ខេត្តបាត់ដំបង រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន​១៤​នាក់​បន្ថែមទៀត  ក្នុងនោះ​ភាគច្រើន​ជា​ពលករ​មកពី​ប្រទេស​ថៃ ហើយ​ក្រៅពី​ជា​បុគ្គលិក​កាស៊ីណូ , បុគ្គលិក​រោងចក្រ និង​កម្មករសំណង់​។ តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត ក្នុងចំណោម​អ្នក​ឆ្លង​ថ្មី​ទាំង ១៤​នាក់ មាន ៤​នាក់​ជា​ពលរដ្ឋ​រស់នៅ​ស្រុក​ឯក​ភ្នំ​, ៤​នាក់​នៅ​ស្រុក​មោងឫស្សី​, ៣​នាក់​នៅ​ស្រុក​បាណន់ ខណៈ​ស្រុក​រុក្ខ​គិរី និង​ស្រុក​គាស់ក្រឡ​មាន​១​នាក់​រៀងខ្លួន​។ អ្នកជំងឺ​១​នាក់​ទៀត ជា​ពលរដ្ឋ​នៅ​ឃុំ​អូរជ្រៅ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។  បច្ចុប្បន្ន ខេត្តបាត់ដំបង មាន​អ្នក​ឆ្លង​កូ​វីដ​-១៩ ចំនួន​៤៨៣​នាក់ ក្នុងនោះ​១៧៨​នាក់​បានជា​សះស្បើយ​។ អ្នកជំងឺ​២​នាក់​បាន​ស្លាប់ ខណៈ ៣០៣​នាក់​ទៀត នៅ​បន្ត​ព្យាបាល​នៅតាម​មន្ទីរពេទ្យបង្អែក​នានា​ក្នុង​ខេត្ត​។ 
 

​កំពង់ធំ​៖ រកឃើញ​១២​នាក់​ទៀត និង​៦​នាក់​សះស្បើយ​
 
​ខេត្តកំពង់ធំ មាន​អ្នក​ឆ្លង​ថ្មី ចំនួន ១២​នាក់ និង​អ្នកជា​សះស្បើយ ១២​នាក់​។ បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្តកំពង់ធំ អ្នក​ឆ្លង​ភាគច្រើន​ជា​កម្មករ​រោងចក្រ និង​មាន​អ្នក​ត្រឡប់​ពី​រាជធានី​ភ្នំពេញ និង​ប្រទេស​ថៃ​ផងដែរ​។ ក្នុងចំណោម​អ្នក​វិជ្ជមាន​ថ្មី​ទាំង​១២​នាក់​នោះ មាន​៦​នាក់​ជា​ពលរដ្ឋ​នៅ​ស្រុក​តាំងគោក ,៣​នៅ​ស្រុក​ស្ទោង​, ២​នាក់​នៅ​ក្រុង​ស្ទឹងសែន និង​១​នាក់​ទៀត​នៅ​ស្រុក​ប្រាសាទ​សំបូរ​។ បច្ចុប្បន្ន ខេត្តកំពង់ធំ រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ សរុប​៣៧៥​នាក់ ក្នុងនោះ ២០៥​នាក់ បានជា​សះស្បើយ និង​១៦៩​នាក់​ទៀត​កំពុង​សម្រាក​ព្យាបាល​។​
 
​ព្រះវិហារ៖ រកឃើញ៨នាក់ ដោយ៣នាក់ជាទារក និងកុមារ
 
ទារកអាយុ៧ខែម្នាក់ និងកុមារ២នាក់ ស្ថិតក្នុងចំណោមអ្នកវិជ្ជមានសរុប ៨នាក់ ដែលមានតេស្តវិជ្ជមានកូវីដ-១៩ នៅខេត្តព្រៃះវិហារ នៅថ្ងៃទី១០មិថុនា។ សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះវិហារ បញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៨នាក់នេះ មាន៦នាក់ ជាពលរដ្ឋរស់នៅភូមិស្រអែមជើង ឃុំស្រអែម ស្រុកជាំក្សាន្ត  និង២នាក់ទៀត ជាអ្នកធ្វើដំណើរពីរាជធានីភ្នំពេញ ដែលមានអាសយដ្ឋាននៅភូមិអភិវឌ្ឍន៍ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ។ គិតត្រឹមថ្ងៃទី ១០ មិថុនា ខេត្តព្រះវិហារ រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន២៤នាក់ ក្នុងនោះ៥នាក់បាន ជាសះស្បើយ៥ករណី និង ១៩នាក់នៅបន្តព្យាបាល។

កោះកុង៖ ឆ្លងថ្មី៥នាក់ ជាសះស្បើយ ៤នាក់
 
ក្នុងចំណោមអ្នកវិជ្ជមានថ្មីទាំង៥នាក់នៅខេត្តកោះកុង នៅថ្ងៃទី១០មិថុនា មាន១នាក់នៅឃុំជីខក្រោម ស្រុកស្រែអំបិល ហើយ៤នាក់ទៀតជាពលរដ្ឋនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត ដែលបានបន្តថា អ្នកជំងឺ ៤នាក់ ក៏បានជាសះស្បើយផងដែរ។ 
 
ស្ទឹងត្រែង៖ រកឃើញ ១នាក់ ដែលជាអ្នកធ្វើដំណើរពីខេត្តកណ្តាល
 
ករណីវិជ្ជមានកូវីដ-១៩ នៅខេត្តស្ទឹងត្រែង នៅថ្ងៃទី១០ មិថុនា កើតលើបុរសវ័យ ៦៨ឆ្នាំ ដែលបានធ្វើដំណើរតាមរថយន្តផ្ទាល់ខ្លួនពីខេត្តកណ្តាល។ តាមរដ្ឋបាលខេត្ត បុរសរូបនេះ មានអាសយដ្ឋាននៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។ បច្ចុប្បន្ន ខេត្តស្ទឹងត្រែង មានអ្នកវិជ្ជមានកូវីដ-១៩ សរុប ១៥នាក់ ក្នុងនោះ៧នាក់បានជាសះស្បើយ។ 

ឧ​ត្ត​រ​មានជ័យ​៖ រកឃើញ​១​នាក់​ទៀត ជា​ពលករ​មកពី​ថៃ​
 
១​ករណី​ថ្មី​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ គឺជា​ពលករ​ខ្មែរ​ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ​។ តាម​រដ្ឋបាលខេត្ត​អ្នកជំងឺ​រូបនេះ ជា​បុរស​វ័យ ២៩​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​កៀន​កេស​២ ឃុំ​គោក​ឃ្មុំ ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។ បច្ចុប្បន្ន ខេត្តឧត្ដរមានជ័យ រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ សរុប ១០២​នាក់ ក្នុងនោះ​៩៧​នាក់ ជា​ករណី​នាំចូល​។ អ្នកជំងឺ ៣០​នាក់ បានជា​សះស្បើយ​និង​៧២​នាក់​កំពុង​សម្រាក​ព្យាបាល​។​
 

ទូទាំងប្រទេស​៖  ឆ្លង​ថ្មី​៦៥៥​នាក់ សះស្បើយ ៨១០​នាក់ និង​អ្នក​ស្លាប់មាន​១១​នាក់​ទៀត​
 
​ក្រសួងសុខាភិបាល ប្រកាសថា​មាន របស់ មនុស្ស​ចំនួន​៦៥៥​នាក់​ទៀត បាន​ឆ្លង​កូ​វីដ​-១៩ នៅ​កម្ពុជា ក្នុងនោះ​ក្នុងនោះ ៤៩​នាក់​ជា​ករណី​នាំចូល​។ ទន្ទឹមនឹងនេះ មាន​អ្នកជំងឺ​ចំនួន ៨១០​នាក់​បន្ថែម បានជា​សះស្បើយ ហើយ​អ្នកស្លាប់ មាន​១១​នាក់​ទៀត​។ គិត​មកដល់ពេលនេះ កម្ពុ​ជាមាន​អ្នក​កើត​កូ​វីដ​-១៩ សរុប ៣៧ ៣២១​នាក់ ក្នុងនោះ​មាន​៣០ ៦១៧​នាក់ បានជា​សះស្បើយ និង​ស្លាប់​សរុប​៣១១​នាក់​៕
 
 

Tag:
 សៀមរាប
 កំពត
 កោះកុង
 ព្រះវិហារ
  ស្ទឹងត្រែង
© រក្សាសិទ្ធិដោយ thmeythmey.com