ជាតិ
សង្គមជាតិ
យូនីសេហ្វ៖ គួរដល់ពេលបើកសាលាវិញហើយដើម្បីជៀសវាងបញ្ហាកើតឡើងលើកុមារ
17, Jun 2021 , 2:48 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ នៅកម្ពុជា ការរាតត្បាតជំងឺកូវីដ-១៩នៅឆ្នាំ២០២០ និង២០២១នេះ ធ្វើឲ្យសាលារៀន ផ្អាកដំណើរ ការដល់ទៅ៣លើក ដោយសិស្សត្រូវបន្តការសិក្សាតាមអនឡាញ ឬមានឪពុកម្តាយជាអ្នកបង្រៀនផ្ទាល់។ ទោះបីជាយ៉ាងណាក៏ដោយ អង្គការយូនីសេហ្វ បែបបទថ្មីនេះ ក៏នៅតែធ្វើឲ្យកុមារមួយចំនួនជួបបញ្ហាដដែល។

 
បើទោះបីកុមារទទួលបានចំណេះដឹងតាមរយៈការបង្រៀនតាមអនឡាញ ក្នុងបរិបទកូវីដ-១៩  ប៉ុន្តែកុមារមាន ពិការភាព កុមារចំណាកស្រុក និងកុមារជនជាតិភាគតិច គ្មានលទ្ធភាពរៀនតាមអនឡាញឡើយ។ បញ្ហានេះ ហើយបង្កឲ្យកុមារ និងយុវជនប្រឈមនឹងបញ្ហាសុខភាពផ្លូវចិត្ត និងសុខភាពផ្លូវកាយ។ យូនីសេហ្វ បានបានកត់សម្គាល់យ៉ាងដូច្នេះ ។
 
ស្ថាប័នអប់រំរបស់អង្គការសហប្រជាជាតិនេះ បានកត់សម្គាល់ថា៖ «ការកើនឡើងនូវការថប់បារម្ភក្នុងចិត្ត ការធ្លាក់ទឹកចិត្ត និងការ បង្កគ្រោះថ្នាក់ដល់ខ្លួនឯង ក្នុងចំណោមកុមារ ដែលដល់វ័យចូលរៀន កើតឡើងចាប់តាំងការរាតត្បាតនៃជំងឺ រាលដាលសកលនេះ។ កុមារដែលមិនបានទៅរៀនក្នុងថ្នាក់ផ្ទាល់ ក៏ជួបប្រទះនឹងភាពឯកាកាន់តែ ច្រើនជាង មុន។ ពិបាកផ្ចង់អារម្មណ៍ និងមានអារម្មណ៍ ថប់បារម្ភពាក់ព័ន្ធនឹងការរៀនសូត្រក្នុងកម្រិតខ្ពស់ផងដែរ។ បញ្ហានេះនឹងរឹតតែធ្ងន់ធ្ងរទៅៗ នៅពេលសាលារៀនត្រូវបន្តបិទទ្វារកាន់តែយូរ»។ 
 
ចំណុចគួរឲ្យព្រួយបារម្ភដែរនោះគឺ ការរៀនតាមអនឡាញ ធ្វើឲ្យកុមារស្នាក់នៅផ្ទះច្រើន ដែលបណ្តាល ឲ្យមានទម្លាប់បរិភោគអាហារមិនល្អ រំខានដល់ការលូតលាស់របស់កុមារ និងបង្កឲ្យកើតមានអំពើហិង្សាដល់ កុមារ។ ថយចុះនូវសកម្មភាពសិក្សា ដោយធ្វើឲ្យកុមារចំណាយពេលច្រើនទៅលើការប្រើប្រាស់ ប្រព័ន្ធ អេឡិចត្រូនិកច្រើន ដែលបង្កឲ្យកុមារ មានការរំលោភបំពានក្នុងរូបភាពផ្សេងៗតាមប្រព័ន្ធអ៊ីនធឺណិត។ ក្នុងករណីដែលឪពុកម្តាយ និងអាណាព្យាបាលខ្វះការគ្រប់គ្រង និងតាមដានកូន។ 
 
តាមអង្គការយូនីសេហ្វ អត្រាកុមារឆ្លងជំងឺកូវីដ-១៩ គឺមានភាគរយតិចជាងមនុស្សចាស់។ «សូម្បីតែនៅពេល ដែលពួកគេឆ្លងជំងឺកូវីដ-១៩ ក៏ដោយ ពួកគេច្រើនតែមានរោគសញ្ញាស្រាលជាងមនុស្សពេញវ័យ។ ដូច្នេះហើយទើបកុមារទាំងនេះពុំបានរួមចំណែកធំដុំដល់ភាគរយនៃករណីសម្រាកព្យាបាលនៅមន្ទីរពេទ្យ ឬករណីបាត់បង់ជីវិតដែលត្រូវបានរាយការណ៍»។ 
 
យូនីសេហ្វ បានអះអាងដោយផ្អែកលើការសិក្សា ស្រាវជ្រាវ និងភស្តុតាងថា សាលាបឋមសិក្សា សាលា មត្តេយ្យសិក្សា និងមជ្ឈមណ្ឌលអភិវឌ្ឍន៍កុមារតូច មិនមែនជាទីកន្លែងដែលមាន ហានិភ័យខ្ពស់ នាំឲ្យមាន ការឆ្លងជំងឺជាសកលនេះឡើយ។ បើសិនអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩បានត្រឹមត្រូវ។ 
ក្រោមហេតុផលទាំងនេះហើយ អង្គការUNICEF ស្នើឲ្យរដ្ឋាភិបាលពិចារណា បើកសាលារៀនឡើងវិញ ដោយអនុវត្តតាមគោលការណ៍សុវត្ថិភាព ដើម្បីការពារកុមារជៀសផុតពីការឆ្លងជំងឺកូវីដ-១៩។ 
 
កាលពីថ្មីៗនេះ គ្រឹះស្ថានសិក្សាអប់រំឯកជនចំនួន១៣០ និងសមាគមន៍គ្រឹះស្ថានឧត្តមសិក្សា កម្ពុជាបានប្រជុំគ្នា អំពីបញ្ហាទាក់ទងដែលគ្រឹះស្ថានសិក្សាឯកជនកំពុងជួបប្រទះនាបរិបទកូវីដ-១៩ សម្រាប់បានដាក់សំណើដល់ក្រសួងអប់រំពិចារណាបើកសាលារៀនឡើងវិញផងដែរ។
 
លោក ហេង វ៉ាន់ដា នាយកវិទ្យាស្ថានវ៉ាន់ដា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមគ្រឹះស្ថាន ឧត្តម សិក្សា បានបញ្ជាក់ថា មូលហេតុដែលគ្រឹះស្ថានសិក្សាអប់រំឯកជនបានដាក់ សំណើបើកសាលារៀនឡើងវិញនេះ គឺដោយសារសាលារៀនឯកជន ជួបនូវវិបត្តិធ្ងន់ធ្ងរ។ 
 
«វិស័យអប់រំឯកជន បានលើកឡើងថា ទំហំនៃការមិនបង់ថ្លៃសាលាឯកជនគឺមាន៣០ ទៅ៤០ភាគរយ។ ហើយចំណាយសព្វបែបយ៉ាងរបស់សាលាឯកជនគឺនៅតែដដែល។ ជាពិសេសចំណាយលើគ្រូ និងបុគ្គលិក។  មាតាបិតាសិស្សខ្លះ គាត់ផ្អាកបង់ថ្លៃសាលា។ ធ្វើឲ្យសាលារៀនគ្មានអ្វីត្រូវបង្វិល។ គាត់ស្នើសុំឲ្យរដ្ឋាភិបាលផ្អាកបង់ប.ស.ស. និងបង់ព័ន្ធ។ ទោះបីធនាគារឲ្យលុយខ្ចី និងបន្ថយអត្រាការប្រាប់។ ប៉ុន្តែសាលារៀនទាំងនោះមិនអាចទប់នៃបញ្ហានេះបានទេ»។ នេះជាការលើកឡើងរបស់លោកលោក ហេង វ៉ាន់ដា។ 
 
ទាក់ទិននឹងបញ្ហានេះ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួង អប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ក្រសួងអប់រំនៅតែបន្តគោលជំហរផ្អាកសាលារៀនទូទាំងប្រទេស ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។ អ្នកនាំពាក្យក្រសួងអប់រំ បានអះអាងថា លុះត្រាតែជំងឺកូវីដ-១៩នៅកម្ពុជាមានភាពធូរស្រាល ទើបក្រសួងអប់រំពិចារណាបើកសាលារៀនឡើងវិញ។
 
អ្នកនាំពាក្យក្រសួងអប់រំ បានរៀបរាប់ដូច្នេះថា៖«ក្រសួងអប់រំ យុវជន និងកីឡា មានជំហរបន្តផ្អាកគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននៅទូទាំងប្រទេសដោយបន្តតាមដាន និងវាយតម្លៃស្ថានភាពព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ»។ 
 
លោក រស់ សុវាចា បានទទួលស្គាល់ថា វិបត្តិកូវីដ-១៩ បានជះឥទ្ធិពលខ្លាំងដល់វិស័យអប់រំឯកជន 
និងវិស័យពាក់ព័ន្ធផ្សេងទៀត។ អ្នកនាំពាក្យក្រសួងអប់រំ បានរៀបរាប់ថា៖«ក្រសួងអប់រំ លើកទឹកចិត្តឲ្យវិស័យអប់រំឯកជន អ្នកទទួលសេវាអប់រំឯកជន និងភាគីពាក់ព័ន្ធបន្តពិភាក្សាគ្នា ចរចារគ្នា រកដំណោះស្រាយសមស្របប្រកបដោយការយោគយល់ គ្នាកម្រិតខ្ពស់ និង សម្បទាន គ្នាទៅវិញទៅមក។ ទន្ទឹមនឹងនេះ ក្រសួងអប់រំ យុវជន និងកីឡា គោរពអនុវត្តតាមគោលការណ៍នានា របស់រាជដ្ឋាភិបាល»។ 
 
បើតាមលោក រស់ សុវាចា ក្រសួងអប់រំអំពាវនាវដល់គ្រឹះស្ថានសិក្សាទាំងអស់ មាតាបិតា និងអាណាព្យាបាលសិស្សបន្តចូលរួមលើកកម្ពស់វិស័យអប់រំឲ្យមានគុណភាព និងប្រសិទ្ធភាពក្នុងបរិបទកូវីដ-១៩ តាមរយៈការបង្រៀនកូន។
 
សូមបញ្ជាក់ថា សាលារៀនគ្រប់កម្រិតទូទាំងប្រទេស ត្រូវបានផ្អាកដំណើរការកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ក្រោយពីមានការរាតត្បាតជំងឺកូវីដ-១៩ នៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ ប៉ុន្តែបន្តការបង្រៀន និងរៀនតាមអនឡាញ និងអេឡិចត្រូនិក៕
 
អត្ថបទទាក់ទង
 
 

Tag:
 សាលារៀន
 កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com