ជាតិ
សង្គមជាតិ
ជប៉ុន ប្រទេសទី៣ ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង RCEP
26, Jun 2021 , 3:48 pm        
រូបភាព
រូបភាព៖ Xinhua
រូបភាព៖ Xinhua
ជប៉ុន នៅថ្ងៃទី២៥ ខែមិថុនា បានផ្តល់សច្ចាប័នជាផ្លូវការលើកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។ នេះជាការបោះជំហានមួយទៀត នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលមានប្រទេសជាសមាជិកចំនួន ១៥។


អត្ថបទទាក់ទង


បន្ទាប់ពីសិង្ហបុរី និងចិន ពេលនេះជប៉ុន បានក្លាយជាប្រទេសទី៣ ដែលបានតម្កល់លិខិតូបករណ៍នៃការផ្តល់សច្ចាប័នរបស់ខ្លួនរួចហើយ នៅ​អគ្គលេខាធិការដ្ឋាន​អាស៊ាន។ ការផ្តល់សច្ចាប័ននេះ ធ្វើឡើងបន្ទាប់ពីសភាជាន់ខ្ពស់ជប៉ុន បានអនុម័តកិច្ចព្រមព្រៀងសេរីមួយនេះ នៅក្នុងខែមេសាកន្លងទៅ។

រដ្ឋាភិបាលជប៉ុន បានរំពឹងថា កិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ នឹងជួយពន្លឿនផលិតផលក្នុងស្រុករបស់ជប៉ុនបាន ២,៧ភាគរយ ហើយវាអាចបង្កើតការងារបានជាង ៥៧ម៉ឺនកន្លែងផងដែរ។

កិច្ចព្រៀមព្រៀងពាណិជ្ជកម្មសេរី ដែលមានសមាជិកចំនួន ១៥ប្រទេស ដូចជា ប្រទេសអាស៊ានចំនួន១០ ចិន ជប៉ុន កូរ៉េខាងត្បូង អូស្រ្តាលី និងនូវែលសេឡង់ នឹងចូលជាធរមានក្នុងរយៈពេល ៦០ថ្ងៃ បន្ទាប់ពីប្រទេសអាស៊ានចំនួន៦ និងប្រទេសមិនមែនសមាជិកអាស៊ានចំនួន ៣ ផ្តល់សច្ចាប័ន។

តាមលក្ខខណ្ឌ កិច្ចព្រមព្រៀង RCEP នឹងកាត់បន្ថយពន្ធរហូតដល់ ៩០ភាគរយឯណោះ រវាងប្រទេសហត្ថលេខីក្នុងរយៈពេល ២០ឆ្នាំ។ មិនតែប៉ុណ្ណោះ​ កិច្ចព្រមព្រៀងមួយនេះ ក៏គោរពតាមច្បាប់វិនិយោគ និងកម្មសិទ្ធិបញ្ញាផងដែរ ដើម្បីលើកតម្កើងសេដ្ឋកិច្ចទីផ្សារសេរី។

គួររំលឹកថា កន្លងទៅឥណ្ឌា ក៏ស្ថិតក្នុងការចរចាក្លាយជាភាគីមួយដែរ ប៉ុន្តែប្រទេសអាស៊ីខាងត្បូងមួយនេះ បានសម្រេចដើរចេញនៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៩ ដោយសារខ្លាចទំនិញចិន ហូរចូលក្នុងទីផ្សាររបស់ខ្លួនខ្លាំងពេក និងការពារជំនួញក្នុងស្រុករបស់ខ្លួនផង៕


Tag:
 ជប៉ុន
  RCEP
© រក្សាសិទ្ធិដោយ thmeythmey.com