អន្តរជាតិ
អ្នកស្លាប់កើនដល់៤៧នាក់ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅហ្វីលីពីន
05, Jul 2021 , 9:27 am        
រូបភាព
ទិដ្ឋភាពនៅទីតាំងធ្លាក់យន្តហោះ_C-130 ។ រូបថតពីកងទ័ពហ្វីលីពីន
ទិដ្ឋភាពនៅទីតាំងធ្លាក់យន្តហោះ_C-130 ។ រូបថតពីកងទ័ពហ្វីលីពីន
ចំនួនអ្នកស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះយោធានៅហ្វីលីពីន កើនដល់៤៧នាក់ហើយ ខណៈចំនួនអ្នករបួសមាន៤៩នាក់ផងដែរ។ នេះបើតាមការបញ្ជាក់របស់មេបញ្ជាការកងទ័ពហ្វីលីពីននៅថ្ងៃទី៥ ខែកក្កដា។

 
យន្តហោះធុន C-130 Hercules បានជួបបញ្ហាពេលចុះចតក្នុងខេត្ត Sulu នៅថ្ងៃទី៤ ខែកក្កដា។ អ្នកដំណើរទាំង៩៦នាក់ ត្រូវបានរកឃើញទាំងអស់។ លោក Cirilito Sobejana និយាយថា មនុស្ស៤៧នាក់បានស្លាប់ ហើយ៤៦នាក់រងរបួស។ 
 
ចំណែកក្រសួងការពារជាតិហ្វីលីពីនបញ្ជាក់ថា នៅលើដីឯណេះវិញ ជនស៊ីវិលបីនាក់ក៏បានបាត់បង់ជីវិត និង៤នាក់ទៀតរបួសផងដែរ។ រដ្ឋមន្រ្តីការពារជាតិ Delfin Lorenzana បានបញ្ជាឱ្យបើកការស៊ើបអង្កេតលើករណីធ្លាក់យន្តហោះមួយនេះក្រោយប្រតិបត្តិការសង្រ្គោះបញ្ចប់។ 
 
ភាគច្រើននៃដំណើរលើយន្តហោះC-130 នេះ ជាកងទ័ពដែលត្រូវពង្រាយនៅលើកោះ Jolo ក្នុងខេត្ត Sulu ដែលនៅចម្ងាយជាង៩៥០គីឡូម៉ែត្រពីរដ្ឋធានីម៉ានីល។ កងទ័ពហ្វីលីពីន ត្រូវបានពង្រាយលើកោះ Jolo និងកោះឯទៀតក្នុងប្រតិបត្តិការប្រឆាំងក្រុមឧទ្ទាមអាប៊ូសាយ៉ាហ្វ និងក្រុមជ្រុលនិយមមួយចំនួនទៀត ដែលតែងចាប់ជម្រិតមនុស្សយកប្រាក់ និងធ្វើសកម្មភាពភេរវកម្មប្រឆាំងរដ្ឋាភិបាលនៅប៉ែកខាងត្បូងប្រទេស។
 
តាមពិតទៅ ហ្វីលីពីន ទើបទទួលបានយន្តហោះដែលផលិតដោយក្រុមហ៊ុនអាមេរិក Lockheed កាលពីខែមករាដើមឆ្នាំ២០២១នេះប៉ុណ្ណោះ ដោយដាក់លេខកូដ ៥១២៥។ យន្តហោះ ស្ថិតក្នុងចំណោមយន្តហោះពីរគ្រឿងដែលរដ្ឋាភិបាលអាមេរិកផ្ដល់ឱ្យរដ្ឋាភិបាលហ្វីលីពីនដើម្បីជំរុញការដឹកជញ្ជូនផ្លូវអាកាស៕ 
 
 
 

Tag:
 ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com