ជាតិ
សម្ដេច ហ៊ុន សែន ផ្ញើសារអបអរនាយករដ្ឋមន្រ្តីថ្មីម៉ាឡេស៊ី
21, Aug 2021 , 9:51 am        
រូបភាព
ភ្នំពេញ៖ សម្ដេច ហ៊ុន សែន ផ្ញើសារអបអរសាទរលោក ដាតុ ស្រ៊ី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី ។ លោក យ៉ាកុប ក្លាយជានាយករដ្ឋមន្រ្តីទី៩ ក្រោយពីលោក មូហ៊ីឌីន យ៉ាស៊ីន បានសុំលាលែងពីតំណែង កាលពីថ្ងៃទី១៥ សីហា។

 
សម្ដេច ហ៊ុន សែន ជឿជាក់ថា ក្រោមការដឹកនាំរបស់លោក យ៉ាកុប នឹងធ្វើឱ្យប្រទេសម៉ាឡេស៊ីងើបឡើងវិញ ប្រកបដោយថាមពលខ្លាំងក្លា ក្នុងការដោះស្រាយការលំបាក និងបញ្ហាប្រឈមក្នុងពេលបច្ចុប្បន្ននេះ ហើយសម្រេចបាននូវកំណើន និងវឌ្ឍនភាពសេដ្ឋកិច្ច-សង្គមកិច្ចលើគ្រប់ទិដ្ឋភាព។ 
 
លិខិតរបស់នាយករដ្ឋមន្រ្តីកម្ពុជា ផ្ញើទៅនាយករដ្ឋមន្រ្តីថ្មីម៉ាឡេស៊ី ដូច្នេះថា៖«ឯកឧត្តមពិតជាទទួលបាននូវជំនឿទុកចិត្តយ៉ាងធំធេង ក្នុងការដឹកនាំប្រទេសជាតិ ខណៈដែលម៉ាឡេស៊ី ដូចជាពិភពលោកទាំងមូលដែរ កំពុងខិតខំប្រឹងប្រែងគ្រប់គ្រងការផ្ទុះឡើងវិញ នូវជំងឺរាតត្បាតកូវីដ-១៩ និងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ មកលើជីវភាពប្រជាជន និងសេដ្ឋកិច្ច»។
 
ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏ប្រកាសជំហរពង្រឹងកិច្ចសហប្រតិបត្តិការជាមួយនាយករដ្ឋមន្រ្តីថ្មីម៉ាឡេស៊ីដែរ។ «ខ្ញុំត្រៀមខ្លួនធ្វើការយ៉ាងជិតស្និទជាមួយឯកឧត្តម ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អប្រពៃនេះ ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជនយើង ក៏ដូចជាដើម្បីសន្តិភាព ស្ថេរភាព សន្តិសុខ និងការកសាងសហគមន៍អាស៊ានដ៏រឹងមាំ»។ នេះបើតាមសម្ដេច ហ៊ុន សែន។
 
សមាជិកសភាម៉ាឡេស៊ី ចំនួន១១៤នាក់ក្នុងចំណោម២២២ ប្រកាសគាំទ្រលោក អ៊ីស្មាអ៊ីល យ៉ាកុប ជានាយករដ្ឋមន្ត្រីថ្មី។ ចំនួននេះគ្រប់គ្រាន់ដើម្បីឱ្យលោក យ៉ាកុប ក្លាយជានាយករដ្ឋមន្រ្តីថ្មីរបស់ម៉ាឡេស៊ី។ មុនកាន់តំណែងនេះ លោក យ៉ាកុប ជាអនុប្រធានបក្សរួបរួមជាតិម៉ាឡេ (UMNO) ដែលជាសមាជិកក្នុងរដ្ឋាភិបាលចម្រុះរបស់អតីតនាយករដ្ឋមន្រ្តី មូហ៊ីឌីន យ៉ាស៊ីន ។ ដោយឡែកលោក យ៉ាស៊ីន ចុះចេញពីតំណែងនៅថ្ងៃទី១៥ ខែសីហា ក្រោយបាត់បង់ការគាំទ្ររបស់ពីសមាជិកសភានៃសម្ព័ន្ធភាពកាន់អំណាច។
អត្ថបទទាក់ទង

 
កម្ពុជា និងម៉ាឡេស៊ី មានទំនាក់ទំនងការទូត តាំងពីឆ្នាំ១៩៥៧មក។ បច្ចុប្បន្នភាគីទាំងពីរ កំពុងបន្តកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដូចជា ការផ្លាស់ប្ដូរពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ព្រមទាំងការបង្កើនទំនាក់ទំនងរវាងប្រជាជន និងប្រជាជនជាដើម៕

Tag:
 ហ៊ុន សែន
  ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com