ជាតិ
លោក ជិន ម៉ាលីន៖ សង្គមស៊ីវិល មានចរិតនយោបាយ និងសន្សំរឿងជាមួយរដ្ឋាភិបាល
25, Aug 2021 , 5:29 pm        
រូបភាព
លោក ជិន ម៉ាសីន អនុប្រធាននិងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ (រូបពីទំព័រហ្វេសប៊ុករបស់លោកជិន ម៉ាលីន)
លោក ជិន ម៉ាសីន អនុប្រធាននិងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ (រូបពីទំព័រហ្វេសប៊ុករបស់លោកជិន ម៉ាលីន)
ភ្នំពេញ៖ សង្គមស៊ីវិល៦០ ស្នើឲ្យរដ្ឋាភិបាលស្ដារស្ថានភាពសិទ្ធិមនុស្សឡើងវិញ មុនពេលបង្កើតស្ថាប័នសិទ្ធមនុស្សជាតិ ។ ពួកគេទាំងនោះ សង្កេតឃើញថា រដ្ឋាភិបាលកំពុងព្យាយាមបង្កើតស្ថានប័ននេះឡើង ដើម្បីការពារខ្លួននិងប្រើជាឈ្នាន់បញ្ឈប់ការរិះគន់។ ប៉ុន្តែមន្រី្តជាន់ខ្ពស់ផ្នែកសិទ្ធិមនុស្សរបស់រដ្ឋាភិបាល ចាត់ទុកការលើកឡើងរបស់សង្គមទាំងនេះ ជាចរិតនយោបាយ និងគ្មានទំនួលខុសត្រូវ ដើម្បីរិះគន់មកលើរដ្ឋាភិបាល។

 
សង្គមស៊ីវិលចំនួន៦០ បានចេញសេចក្ដីថ្លែងការណ៍រួមមួយ នៅថ្ងៃទី២៤ សីហា ស្ដីពី «ស្ដារស្ថានភាពសិទ្ធិមនុស្សឡើងវិញ នៅមុនពេលបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ» ដោយបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ជុំវិញប្រសិទ្ធភាពនិងទំនុកចិត្តនៃស្ថាប័ន ដែលនឹងត្រូវបង្កើតឡើងនេះ។ 
 
ក្នុងសេចក្ដីថ្លែងការណ៍សង្គមស៊ីវិលលើកឡើងថា ការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ ត្រូវមានការពិចារណាហ្មត់ចត់ តាមគោលការណ៍ទីក្រុងប៉ារីស ហើយសំខាន់បំផុតគឺឯករាជ្យភាព។ «ប៉ុន្តែ គួរឲ្យស្ដាយដែលនាពេលកន្លងមក មានការបង្កើតស្ថាប័នឯករាជ្យជាច្រើន តែទីបំផុតស្ថាប័នទាំងអស់នោះអសកម្ម ឬស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលទាំងស្រុង ដែលនេះធ្វើឲ្យយើងខ្ញុំបារម្ភថា ស្ថាប័នសិទ្ធិមនុស្សជាតិដែលនឹងបង្កើតឡើងនេះ ក៏មិនខុសពីស្ថាប័នមុនៗទាំងនោះដែរ»។ នេះបើតាមការសង្កត់ធ្ងន់របស់ក្រុមសង្គមស៊ីវិល។ 
 
ឆ្លើយតបទៅសង្គមស៊ីវិលទាំងនេះ លោក ជិន ម៉ាលីន អនុប្រធាននៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបកស្រាយថា អ្វីដែលពួកគេព្រួយបារម្ភនោះ គឺមានចែងក្នុងសេចក្ដីព្រាងច្បាប់ ស្ដីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិកម្ពុជា​អស់ហើយ។ បើតាមលោក ម៉ាលីន សេចក្ដីព្រាងនេះ គឺបានដកស្រង់ពីគោលការណ៍ទីក្រុងបារីស របស់អង្គការសហប្រជាជាតិទាំងស្រុង ហើយក៏មានការចូលរួមពីឧត្តមស្នងការសិទ្ធិមនុស្សOHCHRនៅកម្ពុជា និងក្រុមជំនាញនៅអូស្ត្រាលី Asia Pacific Forum (APF)ដែរ។ 
 
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះ បាននិយាយដូច្នេះថា៖«អ្វីដែលគាត់(ក្រុមសង្គមស៊ីវិល) បារម្ភមានក្នុងសេចក្ដីព្រាងច្បាប់ដំបូងរបស់យើងទាំងអស់ ប្រហែលជាគាត់មិនបានមើល ឬយ៉ាងម៉េច‌! ប៉ុន្តែគាត់បដិសេធមិនចូលរួមតែម្ដង ហើយចូលរួមរិះគន់នូវស្ថាប័នមួយដែលមិនទាន់បានបង្កើតផង។ នេះជាទង្វើរមួយគ្មានការទទួលខុសត្រូវ ហើយជាទម្លាប់ដើម្បីចិញ្ចឹមរឿងក្នុងការរិះគន់រដ្ឋាភិបាល»។ 
 
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក ជិន ម៉ាលីន បានបន្ថែមថា សេចក្ដីព្រាងច្បាប់នេះ គឺផ្ដោតសំខាន់លើឯករាជ្យភាព ស្វ័យភាព និងអាណត្តិការងារ រួមទាំងការរៀបចំ និងការប្រព្រឹត្តិទៅ ការងារពាក់ព័ន្ធនានា ។ 
 
តែយ៉ាងណាសង្គមស៊ីវិល សង្កេតឃើញថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នៅតែមានការប្រឈមបញ្ហា ដែលត្រូវយកចិត្តទុកដាក់ដោះស្រាយជាមុន ជាពិសេសនៅក្នុងបរិបទកូវីដ-១៩។ 
 
បញ្ហាប្រឈមទាំងនោះ គឺដោយសាររដ្ឋាភិបាលនៅតែបន្តដាក់កំហិតតឹងរឹង ទៅលើសេរីភាពមូលដ្ឋាន ពោលគឺបើកដៃឲ្យអាជ្ញាធរប្រើវិធានការកាន់តែច្រើន ដើម្បីគាបសង្កត់លើសំឡេងរិះគន់។ លើសពីនេះ គឺការប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីធ្វើទុក្ខទៅលើអ្នកការពារសិទ្ធិមនុស្ស សមាជិកគណបក្សជំទាស់ អ្នកសារព័ត៌មានជាដើម។ មិនតែប៉ុណ្ណោះ មានទាំងការអនុម័តច្បាប់មួយចំនួន ដែលមានលក្ខណៈគាបសង្កត់ ហើយធ្វើវិសោធនកម្មច្បាប់មួយចំនួនទៀត ដែលបង្ហាញពីនិន្នាការរបស់រដ្ឋាភិបាល គឺផ្ដោតលើអំណាចរបស់ខ្លួន ជាជាងផងប្រយោជន៍និងសិទ្ធពលរដ្ឋ។ នេះបើតាមសង្គមស៊ីវិលជាតិ និងអន្តរជាតិ ទាំង៦០ស្ថាប័ន។
 
«យើងខ្ញុំទទួលស្គាល់ថា ស្ថាប័នសិទ្ធិមនុស្សជាតិ ពិតជាមានសារៈសំខាន់ ក្នុងការស៊ើបអង្កេតលើករណីរំលោភសិទ្ធិមនុស្ស ប៉ុន្តែយើងខ្ញុំពិតជាគ្មានទំនុកចិត្តថា ស្ថាប័នសិទ្ធិមនុស្សជាតិ ដែលរដ្ឋាភិបាលនឹងបង្កើតឡើងនេះ នឹងមានឯករាជ្យ ប្រសិទ្ធិភាព និងគួរឲ្យទុកចិត្តបាននោះទេ។ ផ្ទុយមកវិញ យើងខ្ញុំព្រួយបារម្ភថាការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ នៅក្នុងបរិបទបច្ចុប្បន្ននេះ គឺគ្រាន់តែជាវិធីសាស្រ្តទំនាក់ទំនងសាធារណៈដើម្បីបញ្ឈប់ការរិះគន់ ពីមជ្ឈដ្ឋានអន្តរជាតិទៅលើរដ្ឋាភិបាលក្នុងការគោរពសិទ្ធិមនុស្សតែប៉ុណ្ណោះ»។ នេះបើតាមក្រុមសង្គមស៊ីវិល ដោយស្នើឲ្យរដ្ឋាភិបាលបើកលម្ហសេរីភាពឡើងវិញ រួមទាំងសំឡេងជំទាស់ និងដោះលែងអ្នកទោសមនសិការទាំងអស់ជាបន្ទាន់ មុនឈានទៅបង្កើតស្ថាប័នសិទ្ធិមនុស្ស។ ។ 
 
ការស្នើសុំនេះ លោក ជិន ម៉ាលីន ចាត់ទុកជាចរិតនយោបាយ។ លោកពន្យល់ថា ក្រុមសង្គមស៊ីវិលទាំងនោះ តែងរិះគន់លើសកម្មភាពរដ្ឋាភិបាល។ បន្ថែមពីនេះ លោក ម៉ាលីន បាននិយាយបែបផ្លែផ្កាវិញថា ទាល់តែគណបក្សនយោបាយឡើងកាន់អំណាច  ដែលក្រុមសង្គមស៊ីវិលទាំងនោះ គាំទ្រនិងជាសម្ព័ន្ធមិត្តរបស់ពួកគេ ទើបកម្ពុជាមានការគោរពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ ។ 
 
«ការចេញសេចក្ដីថ្លែការណ៍របស់សង្គមស៊ីវិលម្សិលមិញនេះ គឺបង្ហាញពីរបៀបវារៈចរិតនយោបាយនិងភាពគ្មានទំនួលខុសត្រូវរបស់សង្គមស៊ីវិល ព្រោះសេចក្ដីព្រាងច្បាប់ស្ដីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិនេះ នៅត្រឹមតែសេចក្ដីព្រាងនៅឡើយទេ។ យើងបានបញ្ជូនឲ្យគាត់(សង្គមស៊ីវិល)ពិនិត្យមើល ដើម្បីចូលរួមផ្ដល់យោបល់ជាមួយយើង។ ប៉ុន្តែគាត់អត់ចូលជាមួយយើងទេ គាត់បដិសេធហើយទៅរិះគន់...ប្រសិនគាត់បារម្ភពីបញ្ហាណាមួយ គួរតែចូលរួមហើយផ្ដល់យោបល់ តែបែរជាទៅចេញសេចក្ដីថ្លែងការណ៍ទៅវិញ»។ នេះជាការលើកឡើងរបស់អនុប្រធាននៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលរិះគន់វិញថា ក្រុមសង្គមស៊ីវិល មានរបៀបវារៈនិងសកម្មភាពនយោបាយ ហើយជ្រកក្រោមផ្លាកអង្គការសង្គមស៊ីវីលប៉ុណ្ណោះ៕ 
 

Tag:
 សិទ្ធិមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com