ជាតិ
លោក ហ៊ីង ប៊ុនហៀង ប្រមូលទិញ«ផ្លែមៀន»ពីកសិករ បាន៥,០០០តោនហើយ
26, Aug 2021 , 6:59 pm        
រូបភាព
 ក្រុមការងាររបស់លោក ហ៊ីង ប៊ុនហៀង កំពុងទិញមៀនពីកសិករក្នុងខេត្តបាត់ដំបង។ រូបថត៖ មន្ទីរកសិកម្មខេត្តបាត់ដំបង។​
ក្រុមការងាររបស់លោក ហ៊ីង ប៊ុនហៀង កំពុងទិញមៀនពីកសិករក្នុងខេត្តបាត់ដំបង។ រូបថត៖ មន្ទីរកសិកម្មខេត្តបាត់ដំបង។​
ភ្នំពេញ៖ លោក ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យ និងជាមេបញ្ជាការដ្ឋានកងអង្គរក្សរបស់ សម្តេច ហ៊ុន សែន ប្រមូលទិញមៀនប៉ៃលិនឬតាង៉ែនពីកសិកម្ម បានប្រមាណ៥,០០០តោនហើយ គិតត្រឹមពឹ្រកថ្ងៃទី២៦សីហានេះ។ 

 
បច្ចុប្បន្ន ក្រុមការងាររបស់លោក ហ៊ីង ប៊ុនហៀង កំពុងសម្រុកចុះប្រមូលទិញមៀនពីកសិករផ្សេងៗបន្តទៀត ដែលកំពុងជួបបញ្ហាទីផ្សារ។ លោក ហ៊ីង ប៊ុនហៀង បានបញ្ជាក់ប្រាប់សារព័ត៌មានThmeyThmey តាមទូរសព្ទយ៉ាងខ្លីដូច្នេះ៖«បច្ចុប្បន្នក្រុមការងារយើងកំពុងប្រមូលទិញមៀនពីកសិករនៅខេត្តជាប់ប្រទេសថៃ និងខេត្តផ្សេងៗ ដែលមានដាំដុះមៀនប៉ៃលិននេះ»។  
 
សូមជម្រាប ថា លោក ហ៊ីង ប៊ុនហៀង ចុះប្រមូលទិញមៀនពីកសិករដើម្បីជួយដោះស្រាយបញ្ហាទីផ្សារពួកគេ ក្នុងអំឡុងពេលថៃបិទខ្ទប់ទីផ្សារនាំចូល ដោយសារកូវីដ-១៩ ចាប់ពីថ្ងៃទី១៨សីហាមក ក្រោយមានការបញ្ជាផ្ទាល់ពីសម្តេច ហ៊ុន សែន។ ការប្រកាសរបស់សម្តេចនេះ បានក្លាយជានិន្នាការមួយ ដែលនាំឱ្យអ្នកជំនួញ និងអ្នកមានទ្រព្យធនជាដើមនោះ នាំគ្នាចូលរួមទិញមៀនពីកសិករដែរ។ 


 លោក ហ៊ីង ប៊ុនហៀង កំពុងជជែកជាមួយកសិករនិងក្រុមការងារនៅក្នុងចម្ការមៀនប៉ៃលិនជាំមួយកន្លែងក្នុងខេត្តបាត់ដំបង។ រូបថត៖ មន្ទីរកសិកម្មខេត្តបាត់ដំបង

បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីដាំដុះតាង៉ែនទូទាំងប្រទេស សរុប១៣,៦០៨ហិកតា នៅក្នុងខេត្តចំនួន១៤ ហើយខេត្តដែលមានកសិករដាំដុះប្រភេទនេះច្រើនជាងគេ គឺខេត្តប៉ៃលិន បាត់ដំបង រតនៈគិរី និងបន្ទាយមានជ័យ។ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ក្នុងចំណោមផ្ទៃដីដាំដុះមៀនប៉ៃលិនឬតាង៉ែនជាង១,៣ម៉ឺនហិកតានេះ គឺមាន៦,៩២៧ហិកតា ដែលកសិករត្រូវទទួលបានទិន្នផលនៅក្នុងឆ្នាំ២០២១។  
 
តាមរយៈកិច្ចសម្ភាសជាមួយទូរទស្សន៍ជាតិកម្ពុជា កាលពីថ្ងៃទី២០សីហា រដ្ឋមន្ត្រីកសិកម្មរូបនេះមានប្រសាសន៍ដូច្នេះ ៖ « តាមអ្វីដែលយើងប៉ាន់ស្មាន ផ្ទៃដីដែលអាចប្រមូលផល[ផ្លែតាង៉ែន]បាននៅក្នុងឆ្នាំ២០២១នេះ  គឺ មានប្រមាណ១១ម៉ឺនតោន ដែលយើងត្រូវប្រមូលផល»៕ 
 


 មៀនប៉ៃលិន ឬតាង៉ែនរបស់កសិករ ក្នុងខេត្តបាត់ដំបង។ រូបថត៖ មន្ទីរកសិកម្មខេត្តបាត់ដំបង


Tag:
 មៀន
  តាង៉ែន
  លោក ហ៊ីង ប៊ុនហៀង
© រក្សាសិទ្ធិដោយ thmeythmey.com