COVID-19
ជាតិ
អាជ្ញាធរព្រះសីហនុ នឹងស៊ើបអង្កេតករណីបង្ខាំងមនុស្សនៅកាស៊ីណូ ដឹសេនជូរី ខណៈបុគ្គលិកជាច្រើនកើតកូវីដ-១៩
01, Oct 2021 , 2:59 pm        
រូបភាព
បុគ្គលិកដឹសេនជូរី សម្រាកព្យាបាលកូវីដ-១៩នៅក្នុងអគារកាស៊ីណូដឹសេនជូរី។ (រូបពីហ្វេសប៊ុក Srey Leang)
បុគ្គលិកដឹសេនជូរី សម្រាកព្យាបាលកូវីដ-១៩នៅក្នុងអគារកាស៊ីណូដឹសេនជូរី។ (រូបពីហ្វេសប៊ុក Srey Leang)
ភ្នំពេញ៖ បុគ្គលិកជាច្រើននាក់ នៅកាស៊ីណូ ដឹសេនជូរី ត្រូវបានរកឃើញឆ្លងកូវីដ-១៩ ប៉ុន្តែបុគ្គលិកខ្លះ មិនព្រមទៅសម្រាកព្យាលទៅមន្ទីរពេទ្យទេ។ មិនតែប៉ុណ្ណោះពួកគេ អះអាងថា ថៅកែកាស៊ីណូ បង្ខាំងពួកគេ មិនឱ្យចេញក្រៅទៀតផង។ អាជ្ញាធរ នឹងស៊ើបអង្កេតករណីបង្ខាំងមនុស្សនៅកាស៊ីណូ ដឹសេនជូរី ខណៈគ្រូពេទ្យកំពុងយកចិត្តទុកដាក់ដោះស្រាយអ្នកកើតកូវីដ-១៩ នៅក្នុងកាស៊ីណូនេះ។

 
ក្រុមគ្រូពេទ្យបានចុះទៅពិនិត្យសំណាកបុគ្គលិកនៅកាស៊ីណូ ដឹសេនជូរី កាលពីចុងខែកញ្ញាកន្លងមក ដោយរកឃើញមនុស្សជាច្រើននាក់ បានឆ្លងកូវីដ-១៩។ ដោយសារតែពិនិត្យឃើញថា ទីតាំងកាស៊ីណូនេះ មានទីធ្លាសមរម្យទើបរដ្ឋបាលខេត្ត ក៏បានផ្ដល់ជម្រើសដល់អ្នកជំងឺ ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ ឬបន្តស្នាក់នៅព្យាបាលនៅកាស៊ីណូ ដឹសេនជូរីនេះ។
 
បើតាមរដ្ឋបាលខេត្តព្រះសីហនុ អ្នកជំងឺកូវីដ-១៩ ដែលស្នាក់នៅទីតាំងខាងលើ ត្រូវបានក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្ត ចុះត្រួតពិនិត្យព្យាបាលយ៉ាងយកចិត្តទុកដាក់ និងតាមដានសុខភាពអ្នកជំងឺជាប្រចាំ រួមទាំងបង្កើតក្រុមតេឡេក្រាម សម្រាប់ឱ្យពួកគេរាយការណ៍ព័ត៌មាន ពេលមានបញ្ហាមិនស្រួលផងដែរ។ ចំពោះ អាហារហូបចុកគឺបានផ្ដល់ជូន៤ពេលក្នុងមួយថ្ងៃពីម្ចាស់កាស៊ីណូរបស់ខ្លួនផងដែរ។ 
 
តែយ៉ាងណាបុគ្គលិក៥នាក់ ដែលវិជ្ជមានកូវីដ-១៩ កំពុងសម្រាកព្យាបាលនៅក្នុងកាស៊ីណូ ដឹសេនជូរី នេះ បានចេញវីដេអូមួយ តាមរយៈគណនីហ្វេសប៊ុកឈ្មោះ Doung Chan Sreypov  កាលពីថ្ងៃទី៣០ កញ្ញា ដោយបកស្រាយថា ក្រុមគ្រូពេទ្យមិនបានយកចិត្តទុកដាក់ ក្នុងការបញ្ជូនពួកគេទៅព្យាបាលនៅមន្ទីរពេទ្យឡើយ ខណៈមានបុគ្គលិកជាង១០នាក់ បានដួលសន្លប់ជាបន្តបន្ទាប់។ ការបកស្រាយរបស់បុគ្គលិកទាំង៥នាក់នេះ ធ្វើឡើងក្រោយពីមានបុគ្គលិកម្នាក់ឈ្មោះ ហៀន ស្រីនិច បានស្លាប់ បន្ទាប់ពីមានអាការៈក្អួតចង្អោរ រយៈពេល១ថ្ងៃប៉ុណ្ណោះ។
 
ក្រោយឃើញវីដេអូបកស្រាយរបស់បុគ្គលិកទាំង៥នាក់នេះ ក្រុមគ្រូពេទ្យក៏បានទៅយកពួកគេ ដើម្បីបញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យ ប៉ុន្តែបុគ្គលិកទាំងនេះ បដិសេធមិនទៅមន្ទីរពេទ្យ ដោយសុំបន្តសម្រាកព្យាបាលនៅក្នុងកាស៊ីណូដដែល។ នេះបើតាមរដ្ឋបាលខេត្តព្រះសីហនុ ដែលបកស្រាយបន្ថែមថា ការបកស្រាយក្នុងវីដេអូនោះ គឺជារឿងចោទប្រកាន់លើអាជ្ញាធរទាំងស្រុង ។
               

កាស៊ីណូដឹសេនជូរី។ (រូបពីហ្វេសប៊ុក Srey Leang)
 
ដោយឡែកករណីបុគ្គលិកឈ្មោះ ហៀន ស្រីនិច ស្លាប់វិញ រដ្ឋបាលខេត្តព្រះសីហនុ បានពន្យល់ថា នាងបានបាត់បង់ជីវិត ដោយសារពុលអាហារ ដែលនាំឱ្យក្អួត និងបាត់បង់ជាតិទឹកច្រើន។
 
ក្រៅពីរិះគន់លើបញ្ហាព្យាបាលនេះ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Doung Chan Sreypov ដដែលនោះ ក៏បានអះអាងក្នុងវីដេអូដែរថា បុគ្គលិកជាង៤០០នាក់ ត្រូវបានបង្ខាំងឲ្យធ្វើការងារនៅក្នុងកាស៊ីណូ ដែលពោរពេញដោយអ្នកផ្ទុកកូវីដ-១៩។ 
 
ស្រី្តរូបនោះ បានសង្កត់ធ្ងន់ថា៖ «ក្រុមហ៊ុនបង្ខាំងបុគ្គលិកមិនចេញក្រៅរយៈពេលជិត២ឆ្នាំហើយ តាំងពីមីនាឆ្នាំ២០២០ មកដល់ឥឡូវ។ ក្រុមហ៊ុនមិនយកចិត្តទុកដាក់បុគ្គលិក រហូតដល់ធ្វើការដួលសន្លប់ តែគេថានៅដកដង្ហើមបានតើ‌! មានទាន់ស្លាប់ណា‌!។ ហើយឥឡូវមានអ្នកស្លាប់ហើយគិតម៉េច…។ ពួកខ្ញុំចង់រស់!»។ 
 
ឆ្លើយតបការលើកឡើងរបស់បុគ្គលិកខាងលើនេះ អាជ្ញាធរព្រះសីហនុ អះអាថា ខ្លួននឹងស៊ើបអង្កេតករណីបង្ខាំងមនុស្សនៅកាស៊ីណូ ដឹសេនជូរី នេះ។ «ការបង្ខាំងបុគ្គលិកឲ្យធ្វើការក្នុងកាស៊ីណូខាងលើ ដោយគ្មានការព្រមព្រៀង រដ្ឋបាលខេត្តនឹងធ្វើការស៊ើបអង្កេតឲ្យលម្អិតបំផុត ករណីរកឃើញមានប្រព្រឹត្តបទល្មើស នោះរដ្ឋបាលខេត្តនិងចាត់វិធានការតាមផ្លូវច្បាប់ដោយគ្មានការលើកលែងឡើយ»។ នេះបើតាមរដ្ឋបាលខេត្ត។ 
 
 
កាលពីពេលថ្មីៗនេះ លោក ជួន ណារិន្ទ ស្នងការខេត្តព្រះសីហនុ ក៏បានចេញមុខបកស្រាយថា គ្មានករណីបង្ខាំងមនុស្ស នៅក្នុងកាស៊ីណូ ហ្គោលដិនវើលឡើយ។ ស្នងការរូបនេះ បានពន្យល់ថា មនុស្សមួយក្រុម ដែលស្នើសុំអន្តរាគមន៍នោះ ជាជនជាតិថៃ ដែលចាញ់បោកមេខ្យល់ឆ្លងដែនខុសច្បាប់ប៉ុណ្ណោះ។ ចំពោះការបន្តស្នាក់នៅក្នុងកាស៊ីណូដដែលនោះ គឺដើម្បីធ្វើចត្តាឡីស័ក៕ 

Tag:
 កូវីដ-១៩
  កាស៊ីណូ
  បង្ខាំងមនុស្ស
  ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com