ជាតិ
ផលិតកម្មត្រីពីបឹងទន្លេសាប មាន​ប្រមាណ២៣ម៉ឺនតោនក្នុង១ឆ្នាំ
03, Oct 2021 , 7:59 pm        
រូបភាព
រូបភាពពីលើអាកាសនៃភូមិបណ្តែតទឹកមួយនៅក្នុងបឹងទន្លេសាប ខេត្តពោធិសាត់។ រូបភាព៖ ឈុត ឈាណា  អច្ឆរិយភាពនៃទន្លេមេគង្គ_
រូបភាពពីលើអាកាសនៃភូមិបណ្តែតទឹកមួយនៅក្នុងបឹងទន្លេសាប ខេត្តពោធិសាត់។ រូបភាព៖ ឈុត ឈាណា អច្ឆរិយភាពនៃទន្លេមេគង្គ_
ភ្នំពេញ៖ ផលិតកម្មត្រីសរុបពីបឹងទន្លេសាប គឺមានប្រមាណ២៣ម៉ឺនតោនក្នុងមួយឆ្នាំ។ ចំ​នួន​នេះ​គឺ ស្មើជិតពាក់កណ្តាល នៃផលិតផលត្រីសរុបប្រចាំឆ្នាំនៅកម្ពុជា ដែលមានទំហំទឹកប្រាក់ជិត២ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ស្ថានភាពបរិស្ថានលើកទី៤ របស់ក្រសួងបរិស្ថាន។ របាយការណ៍នេះ បានបញ្ជាក់ទៀតថា បឹងទន្លេសាប បានផ្តល់សេវាគ្រប់គ្រងទឹកជំនន់ធម្មជាតិ និងជា«រោងចក្រផលិតត្រី»ដ៏ល្បីល្បាញ ដែលជាបឹងសម្បូរត្រីច្រើនបំផុតមួយនៅលើពិភពលោក។​

 
បឹងទន្លេសាប ជាបេះដូងនៃប្រព័ន្ធទន្លេមេគង្គទាំងមូល។ បឹងនេះ មានផ្ទៃពី ២,៥ពាន់ ទៅ ៣ពាន់គីឡូម៉ែត្រការ៉េនារដូវប្រាំង និងផ្ទៃ១ម៉ឺន ទៅ១,៦ម៉ឺនគីឡូម៉ែត្រការ៉េ នារដូវវស្សា។ ផ្ទៃទឹករបស់បឹងនេះ ​លាតសន្ធឹង នៅក្នុងខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ ​បាត់​ដំបង កំពង់ធំ និងខេត្តសៀមរាប។ 


 សកម្មភាពរបស់ពលរដ្ឋកំពុងនេសាទត្រី នៅបឹងទន្លេសាបក្នុងខេត្តសៀមរាប កាលពីអំឡុងឆ្នាំ២០២០។រូបថត៖ អ៊ីសា រ៉ហានីThmeyThmey

របាយការណ៍ស្ថានភាពបរិស្ថានលើកទី៤ របស់ក្រសួងបរិស្ថាន បានបញ្ជាក់ថា បឹងទន្លសាប ដែលជាទំនាបលិចទឹកដ៏ធំនេះ បានផ្តល់សេវាគ្រប់គ្រងទឹកជំនន់ធម្មជាតិ និងជារោងចក្រផលិតត្រីដ៏ល្បីល្បាញ។ មិនតែប៉ុណ្ណោះ បឹងទន្លេសាប ថែមទាំងមានជីវៈចម្រុះដ៏សម្បូរបែបផ្សេងៗទៀត ដែលមានសារសំខាន់ជាសកល សម្រាប់កម្ពុជា និងបណ្តាប្រទេសផ្សេងៗទៀត​។ បឹងដែលសម្បូរទៅដោយដីល្បាប់ និងបំលាស់ទីត្រី​​ ទៅមករវាងទន្លេមេគង្គនេះ បានជួយទ្រទ្រង់ប្រព័ន្ធសង្គម បរិស្ថាន និងសេដ្ឋកិច្ចដ៏មានតម្លៃ នៅក្នុង និងជុំវិញទន្លេសាប។ 
 
របាយការណ៍ដដែលបានបង្ហាញថា គ្រោះទឹកជំនន់ជារៀងរាល់ឆ្នាំ បាននាំយកទឹកដែលសម្បូរដោយដីល្បាប់ ពីទន្លេមេគង្គចាក់បង្គរ​នៅក្នុងអាងបឹងទន្លេសាប បូករួមនឹងជីវៈចម្រុះយ៉ាងច្រើន នៅក្នុងតំបន់នេះ មានព្រៃលិចទឹក និងចុល្លព្រឹក្ស បានផ្តល់ជម្រកសម្រាប់បន្តពូជ និងលូតលាស់របស់ត្រី​ និងសត្វត្រីផ្សេងទៀត។ 


 
«ទាំងនេះ ជាមូលហេតុដែលជាធ្វើឱ្យប្រព័ន្ធបរិស្ថានទន្លេសាប ក្លាយជាប្រភពទឹកនៅលើដីដែលមានលទ្ធភាព និងជាបឹងដែលសម្បូរត្រីច្រើនបំផុតមួយ ក្នុងពិភពលោក»។ របាយការណ៍ដែលក្រសួងបរិស្ថាន​ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២៣កញ្ញា ឆ្នាំ២០២១ បានបន្តរៀបរាប់ថា បំលាស់ពូជត្រីផ្សេងៗ នៅចន្លោះទន្លេសាប និងទន្លេមេគង្គមានវិសាលភាពធំធេង និងលក្ខណៈចម្រុះ ដោយផលិតកម្មត្រីសរុបពីបឹងទន្លេសាប គឺមានប្រមាណ ២៣ម៉ឺនតោនក្នុងមួយឆ្នាំ ឬជិតពាក់កណ្តាល នៃផលិតផលត្រីសរុបប្រចាំឆ្នាំរបស់កម្ពុជា ដែលមានទំហំទឹកប្រាក់ ជិត ២ពាន់លានដុល្លារ។
 
ក្រសួងបរិស្ថាន បានបន្ថែមថា បឹងទន្លេសាប ជាទីតាំងដែលសម្បូរអំបូរបក្សីទឹកជាច្រើនបំផុតមួយ នៅអាស៊ី រួមទាំងពូជបក្សីជិតផុតពូជ  និងជាជម្រកថនិកសត្វ ល្មូន និងសត្វល្អិតចម្រុះផងដែរ៕ 
 
 

Tag:
 បឹងទន្លេសាប
  ត្រី
© រក្សាសិទ្ធិដោយ thmeythmey.com