កីឡាអន្តរជាតិ
អន្តរជាតិ
លោក Steve Bruce បារម្ភបាត់បង់តំណែងក្រោយ Newcastle រកបានម្ចាស់ថ្មី
08, Oct 2021 , 11:29 pm        
រូបភាព
អ្នកចាត់ការក្រុម Newcastle United លោក Steve Bruce បានបង្ហាញអារម្មណ៍ខ្លាចគេបណ្តេញចេញពីតំណែងគ្រូបង្វឹកក្រោយក្លិបក្នុងលីគកំពូលអង់គ្លេសមួយនេះរកបានម្ចាស់ថ្មីដែលជាគាំទ្ររជ្ជទាយាទអារ៉ាប៊ីសាអូឌីត។



លោក Steve Bruce ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅក្លិប Newcastle United កាលពីក្នុងខែកក្កដាឆ្នាំ ២០១៩។ ប៉ុន្តែក្នុងរដូវកាលថ្មីនេះ ក្លិបសារិកាព្រៃមួយនេះហាក់ធ្វើមិនសូវបានល្អឡើយគឺ៧ប្រកួត ស្មើ៣ នឹងចាញ់៤មានត្រឹម៣ពិន្ទុប៉ុណ្ណោះ ហើយឈរលេខរៀងទី១៩ នៃក្របខ័ណ្ឌ Premier League។
 
ក្រោយពីទទួលដំណឹងថាលោក Mike Ashley យល់ព្រមលក់ក្លិបមួយនេះទៅកាន់ព្រះអង្គម្ចាស់ Mohammed Bin Salman ភ្លាមលោក Bruce ក៏បានបង្ហាញពីអារម្មណ៍ចង់ស្នាក់នៅដឹកនាំក្រុមបន្តទៀត។
 
«ខ្ញុំចង់បន្តដឹកនាំក្រុម។ ខ្ញុំចង់មានឱកាសដើម្បីបង្ហាញទៅកាន់ម្ចាស់ក្លិបថ្មីពីអ្វីដែលខ្ញុំអាចធ្វើបានទៅមុខទៀត។ ប៉ុន្តែអ្នកក៏ត្រូវទទួលស្គាល់ការពិត ហើយខ្ញុំមើលឃើញថា ពួកគេកំពុងត្រូវការអ្នកចាត់ការក្រុមថ្មីសម្រាប់ត្រួសត្រាយផ្លូវថ្មីទៅកាន់ពួកគេ។»លោក Bruce និយាយបែបនេះក្នុងបទសម្ភាសជាមួយកាសែត Daily Telegraph។
 
ក្រុមសារិកាព្រៃ Newcastle United នឹងត្រូវជួបស្វាគមន៍ក្រុមមាន់ខ្នាយមាស Tottenham Spurs នាសប្តាហ៍ក្រោយថ្ងៃអាទិត្យទី១៧ ហើយក៏ជាការប្រកួតទី១០០០ សម្រាប់លោក Steve Bruce ក្នុងអាជីពជាគ្រូបង្វឹកផងដែរ៕

Tag:
 Steve Bruce Newcastle United
© រក្សាសិទ្ធិដោយ thmeythmey.com