កីឡាអន្តរជាតិ
អន្តរជាតិ
ជំនួបអង់គ្លេសទល់អង់ដូរ៉ា នឹងកាត់សេចក្តីដោយអាជ្ញាកណ្តាលជាស្រ្តី
09, Oct 2021 , 8:29 am        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
អ្នកស្រី Kateryna Monzul នឹងដឹកនាំការប្រកួតនាជំនួបរវាងក្រុមតោកំណាចអង់គ្លេសទល់នឹងក្រុមអង់ដូរ៉ាក្នុងការការប្រកួតជម្រុះ World Cup 2022 នាវេលាម៉ោង​១ និង​៤៥នាទីយប់នេះ​។ ការប្រកួតនេះ នឹងមានអាជ្ញាកណ្ដាលជាស្ត្រីទាំងអស់។



អាជ្ញាកណ្តាលស្រ្តីសញ្ជាតិអ៊ុយក្រែន Kateryna Monzul នឹងត្រូវអមដោយជំនួយការអាជ្ញាកណ្តាលខ្សែបន្ទាត់ជាស្រ្តីពីរទៀតមានអ្នកស្រី Maryna Striletska និងអ្នកស្រី Svitlana Grushko ដែលសុទ្ធសឹងតែជាសញ្ជាតិអ៊ុយក្រែនដូចគ្នានាការប្រកួតនៅកីឡដ្ឋាន Estadi Nacional របស់អង់ដូរ៉ា ។
 
លើសពីនេះអ្នកស្រី Stephanie Frappart​ ដែលធ្លាប់ជាអាជ្ញាកណ្តាលកាត់សេចក្តីក្នុងពានរង្វាន់ UEFA Champion League នឹងដឹកនាំក្រុមអាជ្ញាកណ្តាលផ្នែកវីដេអូ (Video Assistant Referee) ។ ដោយឡែក លោក Deny Shurman ជាជំនួយការអាជ្ញាកណ្តាលទី៤ លើទីលាន ហើយលោក Viktor Matyash នឹងធ្វើជាជំនួយការរបស់អ្នកស្រី Frappart ក្នុងបន្ទប់វីដេអូ VAR។
អ្នកស្រី Monzul មានវ័យ៤០ឆ្នាំ ធ្លាប់បានកាត់សេចក្តីការប្រកួតរបស់ក្រុមបាល់ទាត់បុរសលើកដំបូងក្នុងឆ្នាំ ២០២០ ក្នុងការប្រកួតរបស់ក្រុមសាំម៉ារ៉ាំង់ទល់នឹងក្រុមហ្ស៊ីប្រាល់តាក្នុងការប្រកួតបានរង្វាន់ Nations League។ 
 
មុនឈានជើងមកកាត់សេចក្តីការប្រកួតរបស់បាល់ទាត់បុរស អ្នកស្រី Monzul ធ្លាប់បានធ្វើអាជ្ញាកណ្តាលការប្រកួតពានរង្វាន់ Women’s FIFA World Cup ចំនួន៤ដង និងវគ្គផ្តាច់ព្រ័ត្រ១ដងក្នុងឆ្នាំ ២០១៥ ដែលអាមេរិកបំបាក់ជប៉ុន ៥-២។
 
ក្រុមតោកំណាចអង់គ្លេស កំពុងឈរលើកំពូលតារាង នៃវគ្គជម្រុះក្នុងតំបន់ ដោយមាន១៦ពិន្ទុ ក្នុងចំណោម៦ប្រកួត ហើយអង់គ្លេស នឹងត្រូវជួបតទល់ជាមួយអង់ដូរាស់ នារាត្រីថ្ងៃទី៨ ឈានចូលថ្ងៃទី មុនស្វាគមន៍ក្រុមហុងគ្រីនៅកីឡដ្ឋាន Wembley នាថ្ងៃទី ១១ខែតុលា៕

Tag:
 England World Cup 2022
© រក្សាសិទ្ធិដោយ thmeythmey.com