កីឡាអន្តរជាតិ
រថយន្ត
អន្តរជាតិ
F1៖ Bottas ឈ្នះលើកដំបូងនៅ Turkish Grand Prix ខណៈ Verstappen និង Hamilton បន្តប្រដេញពិន្ទុគ្នា
11, Oct 2021 , 7:19 pm        
រូបភាព
កីឡាករ Valtteri Bottas របស់ក្រុម Mercedes ប្រជែងឈ្នះ Max Verstappen និង Sergio Perez ដើម្បីបញ្ចប់ទីមុនគេក្នុងព្រឹត្តិការណ៍ប្រណាំងរថយន្ត Formula One កម្មវិធី Turkish Grand Prix ប្រទេសតួកគី។ Verstappen ដែលបានចំណាត់ថ្នាក់ទី២ ឡើងទៅឈរកំពូលតារាង F1 ជាថ្មី ជំនួសគូប្រជែង Lewis Hamilton។


ដោយប្រើថេរវេលា ១ម៉ោង ៣១នាទី និង៤វិនាទី Bottas សញ្ជាតិហ្វាំងឡង់ បានឈ្នះការប្រណាំងនៅទីលានទី១៦ នាថ្ងៃទី១០ ខែតុលា និងជាការឈ្នះលើកដំបូងរបស់គេនៅរដូវកាល២០២១នេះ។ 
 
Verstappen និងមិត្តរួមក្រុម Red Bull កីឡាករ Perez បញ្ចប់ក្នុងចំណាត់ថ្នាក់ទី២ និងទី៣ ខណៈម្ចាស់ការពារតំណែងជើងឯក Lewis Hamilton ដែលបើកឱ្យក្រុម Mercedes ទទួលបានចំណាត់ថ្នាក់ទី៥ នៅ Turkish Grand Prix។
 
ទទួលបានចំណាត់ថ្នាក់ទី២នៅតួកគី Verstappen អ្នកប្រណាំងហូឡង់ បាននាំមុខ Hamilton ៦ពិន្ទុវិញ ដើម្បីឡើងទៅឈរកំពូលតារាង F1 សារជាថ្មីម្តងទៀត។ ស្របពេលការប្រណាំងនៅសល់៦លើកទៀតនឹងបញ្ចប់រដូវកាលនេះ Verstappen រកបាន២៦២,៥ពិន្ទុ តាមពីក្រោយដោយអ្នកប្រណាំងអង់គ្លេស ២៥៦,៥ពិន្ទុ។


 
Bottas មិត្តរួមក្រុម Mercedes ជាមួយ Hamilton ឈរលេខ៣មាន១៧៧ពិន្ទុ កើន២៦ពិន្ទុក្រោយឈ្នះលើកដំបូងនៅទីលានប្រណាំងទី១៦ ក្នុងប្រទេសតួកគេនេះ។
 
សម្រាប់ផ្នែកគ្រឿងម៉ាស៊ីន Mercedes បន្តបង្កើនការនាំមុខគូប្រជែង Red Bull ពីការប្រណាំង១លើកទៅ១លើក។ ឆ្លងកាត់ការប្រណាំង១៦លើក Mercedes ឈរកំពូលតារាង F1 ជាមួយពិន្ទុសរុប ៤៣៣,៥ពិន្ទុ ខណៈ Red Bull មាន ៣៩៧,៥ពិន្ទុ។ McLaren រក្សាលេខរៀងទី៣ដដែល ដោយរកបាន២៤០ពិន្ទ ឯ Ferrari នៅលេខ៤មាន ២៣២,៥ពិន្ទុ។
 
United State Grand Prix ជាកម្មវិធីប្រណាំង F1 ក្នុងទីលានទី១៧ រដូវកាល ២០២១ ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី២៤ ខែតុលា៕
 

Tag:
 Formula One
© រក្សាសិទ្ធិដោយ thmeythmey.com