ជាតិ
សង្គមជាតិ
សីហា បាន​ការឧបត្ថម្ភជាហូរហែ មានទាំងពី​នាយករដ្ឋមន្ត្រី ឧកញ៉ា និងព្រះសង្ឃ
03, Nov 2021 , 2:00 pm        
រូបភាព
 រូបថត កំពុង​ផ្លាស់ប្តូរជីវិត កុមារា គង់ សីហា ដែល​ជាសិស្សក្រីក្រម្នាក់​រស់នៅ​ក្នុងឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ រូបដែល​បង្ហោះដំបូងនៅលើទំព័រហ្វេសប៊ុក JCI Chaktomuk បង្ហាញពី​ទិដ្ឋភាព​ដែល​សីហា ឈរតម្រង់ជួរនៅ​ក្នុងបរិវេណ​​សាលារៀន ដោយគ្មាន​ស្បែក​ជើង ហើយ​អ្វី​ដែលពិសេសនោះ គេ​បាន​យក​ថង់​ច្រក​បណ្ណ​ចាក់វ៉ាក់សាំង ពាក់​នៅពីមុខ។

 
រូបថតនេះ បាន​ទាក់ទាញ​ចំណាប់អារម្មណ៍មនុស្សជាច្រើន ដែលក្នុងនោះមាន​ទាំង​សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។ «បណ្ណចាក់វ៉ាក់សាំងពាក់នៅកបង្ហាញថាខ្ញុំ បានចាក់វ៉ាក់សាំងរួចហើយនិងចូលរៀនដោយគ្មានការភ័យខ្លាចជាមួយ និងការពាក់ម៉ាស់បានត្រឹមត្រូវ»។ នេះជាសំណេរនៅ​លើ​ហ្វេសប៊ុក​ប្រមុខ​រដ្ឋាភិបាល ចំពោះសីហា។
 


តាមសេចក្តីរាយការណ៍របស់អ្នកសារព័ត៌មានថ្មីៗ ប្រចាំខេត្តសៀមរាប នៅព្រឹកថ្ងៃទី​៣ ខែវិច្ឆិកា​នេះ លោក ទៀ សីហា អភិបាលខេត្ត បាននាំយកអំណោយទឹកប្រាក់២០លានរៀល​របស់ សម្តេច ហ៊ុន សែន ប្រគល់ឱ្យក្រុមគ្រួសារកុមារា គង់ សីហា។ បន្ថែម​ពី​ប្រមុខរដ្ឋាភិបាល ក៏ជួយសង់ផ្ទះដែលមានតម្លៃជាង៣ពាន់ដុល្លារឱ្យថែមទៀតផង។ 
 


មានសប្បុរសជន​ជាច្រើន បាន​នាំគ្នា​ឧបត្ថម្ភ​អំណោយជាទឹកប្រាក់ សម្ភារសិក្សា គ្រឿងឧបភោគ និង​បរិភោគ ដល់​សីហា និងក្រុមគ្រួសារ ដែលកំពុង​រស់នៅ​ក្នុងកូន​ផ្ទះ​ប្រក់​ស័ង្កសី បាំងដោយ​ជញ្ជាំងស្បូវ និង​ធាងដូង។ សប្បុរសជនទាំងនោះ មានដូចជាអាជ្ញាធរមូលដ្ឋាន បណ្តា ឧកញ៉ា ក្នុងនោះក៏មាន​ព្រះសង្ឃ ហាក់ សៀងហៃ នាយកប្រតិបត្តិអង្គការពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា ផងដែរ៕

អត្ថបទទាក់ទង
 







© រក្សាសិទ្ធិដោយ thmeythmey.com