ជាតិ
បន្ទាប់ពីភ្នំពេញ ​សៀមរាបទទួលបានទេសចរច្រើនជាងគេ ក្នុងអំឡុងបុណ្យអុំទូក​
21, Nov 2021 , 3:27 pm        
រូបភាព
ភ្ញៀវទេសចរដើរទស្សនាប្រាសាទអង្គរវត្តនាពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក។ រូបភាព៖ មន្ទីរទេសចរណ៍ខេត្តសៀមរាប
ភ្ញៀវទេសចរដើរទស្សនាប្រាសាទអង្គរវត្តនាពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក។ រូបភាព៖ មន្ទីរទេសចរណ៍ខេត្តសៀមរាប
សៀមរាប៖ ខេត្តសៀមរាបទទួលបានទេសចរសរុប ១១៨,១៤៦ នាក់ ក្នុងរយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក ពីថ្ងៃទី១៨-២០ វិច្ឆិកា។  ក្នុងចំណោមទេសចរសរុបនោះ មាន​ទេសចរក្នុងស្រុកចំនួន១១៧​ ០០០ នាក់ និងទេសចរបរទេសផ្ទៃក្នុងចំនួន ១​១៤៦ នាក់។ ​​នេះបើយោង​តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប។

 
តាមរបាយការណ៍ដដែល ​ ​ក្នុងចំណោមតំបន់ទេសចរណ៍សំខាន់ៗនៅសៀមរាប រមណីយដ្ឋានអង្គរមានទេសចរចូលទស្សនា ៧៩​០០០នាក់ រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែន ១២​៧០០នាក់ និងសហគមន៍ទេសចរណ៍-អេកូទេសចរណ៍ និងតំបន់ផ្សេងៗ មានប្រមាណ ២៥​៣០០ នាក់។ នេះបើតាមមន្ទីរទេសចរណ៍ខេត្ត។
 
សូមរំឭកថា នៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូគ ខេត្តសៀមរាប ទទួលបានទេសចរសរុប  ១៥​ ២៦០ នាក់ ខណៈនៅថ្ងៃទី២ មានទេសចរសរុប ៤៧ ៧០២នាក់បានដើរកម្សាន្តក្នុងខេត្តប្រាង្គប្រាសាទមួយនេះ។
 
គួរកត់សម្គាល់ថា បន្ទាប់ពីរាជធានីភ្នំពេញ សៀមរាប គឺជាខេត្តដែលទទួលបានទេសចរច្រើនជាងគេនៅក្នុងអំឡុងព្រះរាជពិធីបុណ្យអុំទូកនេះ។ ក្រៅពីខេត្តព្រះសីហនុ កំពត កែប និងពោធិ៍សាត់ ក៏សុទ្ធតែបានទទួលស្វាគមន៍ច្រើនរៀងៗខ្លួន នាអំឡុងសម្រាកបុណ្យអុំទូក ឆ្នាំនេះដែរ៕ 

Tag:
 ទេសចរណ៍
  អុំទូក២០២១
© រក្សាសិទ្ធិដោយ thmeythmey.com