ជាតិ
កម្ពុជា និង​បណ្តា​ប្រទេស​អាស៊ីបូព៌ា ប្តេជ្ញាអនុវត្តតាមផែនទីបង្ហាញផ្លូវ​លើ​ការគ្រប់បរិស្ថាន​សមុទ្រ
03, Dec 2021 , 6:59 pm        
រូបភាព
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន (កណ្តាល) ក្នុងពិធីមហាសន្និបាតសមុទ្រអាស៊ីបូព៌ាលើកទី៧នៅខេត្តព្រះសីហនុ
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន (កណ្តាល) ក្នុងពិធីមហាសន្និបាតសមុទ្រអាស៊ីបូព៌ាលើកទី៧នៅខេត្តព្រះសីហនុ
ព្រះសីហនុ៖  កម្ពុជា​ប្តេជ្ញា​ចំពោះ​គោល​ការណ៍​ផែនការ​ខៀវ (Blueprint) ក្នុងការអនុវត្តប្រកបដោយ​ចីរភាព សម​ធ៌​ម និង​ភាព​ធន់ សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច-សង្គម​។ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ថ្លែងដូច្នេះនៅក្នុងវេទិកា​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី៧ដែល​មាន​១១ប្រទេសជា​សមាជិក​PEMSEA​ ដែលបានអនុម័ត​ផែនទី​បង្ហាញផ្លូវ​ដល់​ឆ្នាំ ២០៣០ ​ក្នុងការ​គាំទ្រ​ការ​ងើប​ឡើង​វិញ​នៃ​ភាព​បៃតង និង​ពង្រឹង​អភិបាល​កិច្ច​មហា​សមុទ្រ​នៅ​អាស៊ី​បូព៌ា​។

 
 មហាសន្និបាតសមុទ្រអាស៊ីបូព៌ា(PEMSEA​)លើកទី៧ ត្រូវបានប្រារព្ធឡើងនៅក្នុងទឹកដីខេត្តព្រះសីហនុ ពីថ្ងៃទី១-២ធ្នូ ឆ្នាំ២០២១។ នេះជាលើកដំបូងសម្រាប់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតសមុទ្រអាស៊ីបូព៌ា។ ​ក្នុងវេទិកា​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី៧ ដែល​មាន​ប្រទេស​ជាង​សមាជិក​ PEMSEA​ ចំនួន ១១​ បានអនុម័ត​ផែនទី​បង្ហាញផ្លូវ​ដល់​ឆ្នាំ ២០៣០ ​ក្នុងការ​គាំទ្រ​ការ​ងើប​ឡើង​វិញ​នៃ​ភាព​បៃតង និង​ពង្រឹង​អភិបាល​កិច្ច​មហា​សមុទ្រ​នៅ​អាស៊ី​បូព៌ា កាលពីព្រឹកថ្ងៃទី២ធ្នូ​ លោក សាយ សំអាល់ បានអះអាងដូច្នេះ៖ ​«កម្ពុជា​ប្តេជ្ញា​ចំពោះ​គោល​ការណ៍​ផែន​ការ​ (Blueprint) ប្រកប​ដោយ​ចីរភាព សម​ធ៌​ម និង​ភាព​ធន់ សម្រាប់​កា​រអភិវឌ្ឍ​សេដ្ឋកិច្ច-​សង្គម​របស់​យើង»​។
 
លោក​រដ្ឋមន្ត្រីក្រសួងបរិស្ថាន ​បន្តថ្លែង​ថា៖ ​«ឥឡូវនេះយើង​បាន​ឈាន​ចូល​មកដល់​ទសវត្ស​រ៍​នៃ​វិទ្យា​សាស្ត្រ​មហា​សមុទ្រ និង​ការស្ដារ​ប្រព័ន្ធ​អេកូឡូ​ស៊ី។ ដូច្នេះ​យើង​ត្រូវ​ចេះ​ច្បាម​ចាប់​យក​ឱកាស​ទាំងអស់ ​ដែល​មាននៅ​ចំពោះ​មុខ ដើម្បី​សម្រេច​បាន​នូវ​គោល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​រួម​ជាមួយ​នឹង​ទស្សន​វិស័យ​ SDS-SEA របស់​យើង»​។ 


 លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាអធិបតីភាពក្នុងវេទិកាថ្នាក់រដ្ឋមន្ត្រីនៃមហាសន្និបាតសមុទ្រអាស៊ីបូព៌ាលើកទី៧ ដែលធ្វើឡើងនាព្រឹកថ្ងៃទី២ធ្នូ ឆ្នាំ២០២១ នៅខេត្តព្រះសីហនុ។ 
 
បើតាមលោក​ សាយ សំ​អាល់ ប្រវត្តិ​សាស្ត្រ វប្បធម៌​សេដ្ឋ​កិច្ច និង​សុខភាព​ក្នុង​តំបន់ គឺមាន​ទំនាក់​ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​សមុទ្រ​របស់​ទាំង​អស់គ្នា​។ ​ផ្អែកលើ​របាយ​ការណ៍​សេដ្ឋ​កិច្ច​ពណ៌​ខៀវ​របស់​ PEMSEA ជាមួយ​នឹង​ទិន្ន​ន័យ​មកពី​ប្រទេស​ចំនួន​១០​ សេដ្ឋកិច្ច​មហា​សមុទ្រ​ត្រូវ​បាន​គេ​ប៉ាន់​ស្មាន​ថា មាន​តម្លៃ​ប្រហែល ១,៤ ពាន់​ពាន់​លាន​ដុល្លារ​​។ លោកបានបញ្ជាក់ថា៖  ​«ក្នុងនាម​ជា​មជ្ឈ​មណ្ឌល​នៃ​ជីវចម្រុះ​សមុទ្រ​ក្នុង​ពិភព​លោក និង​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​ដ៏​មមា​ញឹក​បំផុត តំបន់​របស់​យើង​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​សន្តិ​សុខ​ស្បៀង ការបង្កើត​ប្រាក់​ចំណូល ​ជីវភាព​រស់នៅ ការ​កម្សាន្ត ការ​ការពារ​ច្រាំង​សមុទ្រ និង​បទ​ប្បញ្ញត្តិ​អាកាស​ធាតុ ក្នុង​ចំណោម​ប្រជាជន​ដទៃ​ទៀត មិន​ត្រឹមតែ​នៅ​ក្នុង​តំបន់ ​ប៉ុន្តែ​នៅក្នុង​ពិភព​លោក​ទាំង​មូល​ផង​ដែរ​»។ 
 
សម្រាប់វេទិកា​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី៧នៃ​ភាព​ជា​ដៃគូ​ក្នុង​ការ​គ្រប់គ្រង​បរិស្ថាន​សមុទ្រ​អាស៊ី​បូព៌ា​នាពេល​នេះ លោក សាយ សំអាល់ បាននិយាយថា គឺកាន់​តែមាន​សារសំខាន់​ថែម​ទៀត​នៅពេល​ដែល​បាន​ដាក់​ផែនទី​បង្ហាញ​ផ្លូវ​រួមគ្នាដើម្បី​ជួយ ​ឱ្យ​តំបន់​នេះ​ឆ្ពោះទៅ​ថ្ងៃ​អនា​គត​ដ៏​ល្អ​ប្រសើរ​មួយ​។ 
 
យោង​តាម​សេចក្ដី​ប្រកាស​របស់​វេទិកា​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី៧ គឺ​បាន​អនុម័ត​ផែនទី​បង្ហាញ​ផ្លូវ​ដល់​ឆ្នាំ​២០៣០​ក្នុងការ​គាំទ្រ​ ការ​ងើបឡើង​វិញ​នៃ​ភាព​បៃ​តង និង​ពង្រឹង​អភិបាល​កិច្ច​មហា​សមុទ្រ​នៅ​អាស៊ី​បូព៌ា​។ សេចក្ដី​ប្រកាស​នោះ បាន​លើ​កឡើង​ថា ជា​ប្រវត្តិ​សាស្ត្រ​ដំបូង ដែល​រដ្ឋមន្ត្រីនិង​មន្ត្រីជាន់​ខ្ពស់​រដ្ឋាភិ​បាល​មកពី​១១ប្រទេស​ក្នុង​តំបន់​សមុទ្រ​អាស៊ី​បូព៌ា បាន​ជួបជុំគ្នា​ នៃ​វេទិកា​រដ្ឋមន្ត្រី​លើក​ទី៧ និង​អង្គ​មហា​សន្និបាត​សមុទ្រ​អាស៊ី​បូព៌ាឆ្នាំ២០២១ ដោយ​បាន​ប្តេជ្ញាចិត្ត​ក្នុង ការ​ជំរុញ​តាម ​គោល​ការណ៍​របស់​អង្គការ​សហ​ប្រជា​ជាតិ​ប្រកប​ដោយ​និរន្តរភាព​ គោល​ដៅ​អភិវឌ្ឍន៍ (SDGs) តាមរយៈ​ភាពជា​ដៃគូ ​ក្នុងការ​គ្រប់​គ្រង​បរិស្ថាន​សម្រាប់​សមុទ្រ​អាស៊ី​បូព៌ា តាម​ផែនទី​បង្ហាញផ្លូវ​ទៅកាន់​ឆ្នាំ​២០៣០​។ 


 លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន  កំពុងផ្តល់បទសម្ភាសឱ្យអ្នកសារព័ត៌មាន ក្រោយបញ្ចប់មហាសន្និបាតសមុទ្រអាស៊ីបូព៌ា នៅខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី២ធ្នូ ឆ្នាំ២០២១។ 
 
បើតាមលោក នេត្រ ភក្ត្រា រដ្ឋលេខា​ធិការ​ក្រសួង​បរិស្ថាន​ ​វេទិកា​រដ្ឋមន្ត្រី​លើក​ទី៧នៃ​អង្គការ​ភាពជា​ដៃគូ​ក្នុងការ​គ្រប់​គ្រង​បរិស្ថាន​សមុទ្រ​អាស៊ី​បូព៌ា នៃ​អង្គ​មហា​សន្និ​បាត​សមុទ្រ​អាស៊ី​បូព៌ាឆ្នាំ​២០២១ ​ដែលធ្វើឡើងក្នុងរយៈពេល២ថ្ងៃនៅ​ខេត្ត​ព្រះ​សីហនុមកនេះ ​ បានដំណើ​ការ​​ដោយ​រលូន​ និងទទួលបាន​លទ្ធផល​​ជាទី​មោ​ទនៈ​។ លោកថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់មហាសន្និបាតសមុទ្រអាស៊ីបូព៌ា ​ថា៖« ក្នុង​កិ​ចុ្ច​ប្រជុំ​នៃ​មហា​សន្និបាត​នេះ រាប់​ចាប់​តាំងពី​កិច្ចប្រជុំ​នៃ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​នៃ​បណ្ដា​ប្រទេស​នៃ​អង្គការ​ភាពជា​ដៃគូ​ក្នុង​ការ​គ្រប់​គ្រង​បរិស្ថាន​សមុទ្រ​អាស៊ី​បូព៌ា ​គឺមាន​ការចេញ​នូវ​សេចក្ដី​ប្រកាស​រួមហើយ​ក៏បាន​ពិនិត្យ​ទៅលើ​ផែនការ​របស់​ខ្លួន​ដែល​គ្រោង​ធ្វើ​ចាប់ពី​ឆ្នាំ​២០២២ ដល់​ឆ្នាំ​២០៣០ ​នៅ​ក្នុង​ការ​គ្រប់​គ្រង និង​អភិរក្ស​តំបន់​ឆ្នេរ​របស់​ខ្លួន»។
 
ចំពោះ​សន្និ​សីទ​អន្តរជាតិ​របស់​រដ្ឋមន្ដ្រី PEMSEA នៅ​ថ្ងៃទី២ធ្នូ​ ឆ្នាំ២០២១ គឺបាន​ពិនិត្យ​ឡើង​វិញ​នូវ​ការអនុវត្ត​ផែនការ​នា​ពេល​កន្លង​ទៅ។ ក្នុង​ចំណោម​នៃ​ប្រទេស​ជា​សមាជិក​នៃ​អង្គការ​ PEMSEA ទាំង១១
ប្រទេស ​ពិនិត្យ​ទៅលើ​ការគ្រប់​គ្រង និង​ការ​អភិវឌ្ឍ​នៅក្នុង​តំបន់​ឆ្នេរ​សមុទ្រ ពិនិត្យ​ទៅលើ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព និង​ពិនិត្យ​ទៅលើ​សុខុមាល​ភាព​របស់​ប្រជា​ពលរដ្ឋ​ដោយ​ពាក់​ព័ន្ធ​ទៅលើ​ការ​បង្កើន​សមត្ថ​ភាព និង​បង្កើន​ប្រាក់​ចំណូល​។   លោក​ នេត្រ ភក្ត្រា បញ្ជាក់​ថា​៖«ចំ​ពោះកិច្ចប្រជុំ​នៅ​ថ្ងៃ​ចុង​ក្រោយ ដែល​យើង​ចាត់​ទុក​ថា​ជា​ភាព​ជោគជ័​យ​សំខាន់​មួយ​ទៀត​ គឺ​ប្រទេស​ទាំង​១១ ​ដែល​ជា​សមាជិក​នៃ​អង្គការ​ PEMSEA បាន​ចុះ​ហត្ថ​លេខា​លើ​សេចក្ដី​ថ្លែង​ការណ៍​រួមដែល​ហៅ​ថា សេចក្ដី​ថ្លែង​ការណ៍​នៃ​រដ្ឋមន្ដ្រី​នៃ​អង្គការ​PEMSEA គឺ​សេចក្ដី​ថ្លែង​ការ​ណ៍ទីក្រុង​ព្រះ​សីហនុ ដែល​សេចក្ដី​ថ្លែង​ការ​ណ៍នេះ​ បញ្ជាក់​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​រប​ស់​បណ្ដា​ប្រទេស​ទាំង​អស់​ជា​សមា​ជិក​នៅក្នុង​ការការពា​រនិង​អភិរក្ស​សមុទ្រ​ដែល​វា​ជា​អាយុជីវិត​របស់​ប្រជា​ពលរដ្ឋ​រាប់រយ​លាន​នាក់​នៅ​ក្នុង​តំបន់»​។
 
សូមជម្រាបថា ក្រសួង​បរិស្ថាន បាន​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​មហា​សន្និបាត​សមុទ្រ​អាស៊ី​បូព៌ា ឆ្នាំ​២០២១​ និង​វេទិកា​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី៧ នៃ​ភាព​ជា​ដៃគូ​ក្នុងការ​គ្រប់​គ្រង​បរិស្ថាន​សមុទ្រអាស៊ី​បូព៌ា ​ក្រោម​ប្រធាន​បទ «បង្កើត​ទសវត្សរ៍​ថ្មី​នៃ​សុខុមាល​ភាព​សមុទ្រ ​មនុស្ស ​និង​សេដ្ឋ​កិច្ច» ដែល​ប្រព្រឹត្ត​ទៅ​រយៈ​ពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃទី​១ ដល់​២ ខែធ្នូ​ឆ្នាំ២០២១ ​នា​ខេត្ត​ព្រះ​សីហនុ​។ គោល​បំណង​សំខាន់ចំនួនបី នៃ​កា​ររៀប​ចំ​មហា​សន្និ​បាត​សមុទ្រ​រួមមាន​ ទីមួយ. ចែក​រំលែក​មេរៀន​ជា​បទពិសោធ​ តាម​ដាន​វឌ្ឍនភាព​ការងារ​កន្លងមក ​និង​ពង្រីក​បន្ថែម​នូវ​ការ​អនុវត្ត​យុទ្ធ​សាស្ត្រ ដែល​បាន​ប្រតិបត្តិ​នៅ​ថ្នាក់​តំបន់ ​ជាតិ និង​រដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ។
 
ទីពី៖  បង្កើត​និង​រៀបចំ​ឡើង​វិញ​នូវ​យន្ត​ការ​គ្រប់​គ្រង​ដែល​មាន​ស្រាប់ ​និង​ជំរុញ​បង្កើត​ឱកាស​ថ្មីៗ​បន្ថែមទៀត ​សម្រាប់​ភាពជា​ដៃគូ​ក្នុង​តំបន់​តាម​រយៈ​បច្ចេក​វិទ្យា នវានុវត្តន៍ កា​រវិនិ​យោគ និង​ហិរញ្ញ​ប្បទាន ដើម្បី​បន្ត​និរន្ត​រភាព​នៃ​បរិស្ថាន​តំបន់​ឆ្នេរ និង​សមុទ្រ និង​ទីបី. កំណត់​នូវ​ផែន​ទី​បង្ហាញ​ផ្លូវ​ដ៏​ច្បាស់​លាស់​មួយ ​សម្រាប់​ជា​ដំណោះ​ស្រាយ​ចំពោះ​បញ្ហា​សមុទ្រ​នា​ទសត្សរ៍​ខាង​មុខ ដោយ​អនុ​លោម​ទៅតាម​ផែនការ​១ទស​វត្សរ៍​របស់​អង្គការ​សហប្រជា​ជាតិនៃ​វិទ្យា​សាស្ត្រ​មហា​សមុទ្រ របៀបវារៈ​របស់​អង្គ​ការ​សហ​ប្រជា​តិ​ឆ្នាំ​២០៣០ ​អនុសញ្ញា​ក្រប​ខ័ណ្ឌ​សហ​ប្រជា​តិ​ស្តីពី​ការប្រែ​ប្រួល​អាកាស​ធាតុនិង​ក្របខ័ណ្ឌ​ជីវចម្រុះ​សកល​ក្រោយ​ឆ្នាំ២០២០ ព្រម​ទាំង​បណ្តា​ក្រប​ខ័ណ្ឌ​ពាក់​ព័ន្ធ​នានា​៕

អត្ថបទទាក់ទង

Tag:
 លោក សាយ សំអាល់
  ព្រះសីហនុ
  PEMSEA​
© រក្សាសិទ្ធិដោយ thmeythmey.com