ជាតិ
សេដ្ឋកិច្ច
ខេត្តព្រះសីហនុ នឹងក្លាយជាក្បាលម៉ាស៊ីនថ្មីមួយ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា
03, Dec 2021 , 9:59 pm        
រូបភាព
ទិដ្ឋភាពរួមនៃទីរួមខេត្តព្រះសីហនុ
ទិដ្ឋភាពរួមនៃទីរួមខេត្តព្រះសីហនុ
ព្រះសីហនុ៖ ៥ឆ្នាំចុងក្រោយនេះ​ ខេត្តព្រះសីហនុបានផ្លាស់ប្តូរមុខមាត់យ៉ាងខ្លាំង ដោយបានប្រែក្លាយពីខេត្តស្ងៀមស្ងាត់ ទៅជាខេត្តដែលមានសកម្មភាពសេដ្ឋកិច្ចដ៏មមាញឹក នៅក្នុងវិស័យទេសចរណ៍ និងវិស័យឧស្សាហកម្ម។ ជាពិសេស​ខេត្តនេះ បានក្លាយជាតំបន់តភ្ជាប់ផលិតកម្ម និងពាណិជ្ជកម្មក្នុងស្រុកយ៉ាងសំខាន់ ទៅនឹងបណ្តាប្រទេសនៅក្នុងតំបន់។ សន្ទុះនៃការអភិវឌ្ឍន៍ក្នុងខេត្តព្រះសីហនុ ទាំងវិស័យសាធារណៈនិងវិស័យឯកជន ដែលធ្វើឱ្យខេត្តមួយនេះ ក្លាយជាក្បាលម៉ាស៊ីនថ្មីមួយ ជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ដ៏មានសក្កានុពល។

 
ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា មានទាំងផ្លូវ៣៧ខ្សែ, ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ទី១-ទី២ជាដើម នៅក្នុងទឹកដីខេត្តព្រះសីហនុ ក្រោមការចំណាយរបស់រដ្ឋាភិបាល រហូតជាង៣២០លានដុល្លារអាម៉េរិក ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។  បើតាមសម្តេច ហ៊ុន សែន ការសម្រេចបាននូវសមិទ្ធផលទាំងនេះ គឺស្របទៅនឹងចក្ខុវិស័យរបស់កម្ពុជា ​ក្នុងការប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដើម្បីឈានឱ្យក្លាយជាក្បាលម៉ាស៊ីនថ្មីមួយ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ។  


 សម្តេច ហ៊ុន សែន កំពុងថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ នៅក្រុងព្រះសីហនុ កាលពីថ្ងៃទី២ធ្នូ
 
ក្នុងពិធីសម្ពោធដាក់ឱ្យប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ និងផ្លូវ៣៧ខ្សែ រួមទាំងសមិទ្ធផលនានាក្នុងក្រុងព្រះសីហនុ កាលពីថ្ងៃទី២ធ្នូ ឆ្នាំ២០២១ សម្តេច ហ៊ុន សែន មានប្រសាសន៍ថា ​៖ «​នេះ​ជា​លើកដំបូង ដែល​យើង​ប្រើការ​វិនិយោគ​ផ្ទាល់​រហូតដល់​ជាង៣០០លាន​ដុល្លារ នៅក្នុង​ទីក្រុង​មួយ។ ប៉ុន្តែ​ការងារ​នេះ វា​ចាំបាច់​ណាស់ ដែល​យើង​ត្រូវ​ធ្វើ​សម្រាប់​ការកសាង​ហេដ្ឋា​រចនាសម្ព័ន្ធ ​នៅក្នុង​ខេត្ត​ព្រះសីហនុ ដែល​យើង​ចង់ឱ្យ​កសាង​ខេត្ត​មួយ​នេះ ទៅជា​ពហុ​បំណង​ដែល​នឹង​ទៅជា​ខេត្ត ​ដែល​នាំមុខ​ទៅដោយ​ការកើនឡើង​នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា​»​។
 
ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ខេត្ត​ព្រះសីហនុ គឺជា​រឿង​ចាំបាច់​បំផុត ខណៈ​មាន​ក្រុមហ៊ុន​ជាច្រើន ​បាន​បោះទុន​វិនិយោគ និង​សាងសង់​អគារ​ខ្ពស់ៗ នៅ​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ​។ សម្តេច ហ៊ុន សែន បានបញ្ជាក់ថា ៖ «​ក្រោយពេល​របប​ប៉ុលពត​ដួលរលំ​ទៅ ខេត្ត​ព្រះសីហនុ​វា​កម្សត់ ពុំ​មាន​អ្វី​ប្រើប្រាស់​នោះទេ។ ប៉ុន្តែ​ថ្ងៃនេះ​ខេត្ត​ព្រះសីហនុ​បាន​ប្តូរ​មុខមាត់​យ៉ាង​ធំ ដែល​អគារ​កម្ពស់​រាប់​សិប​ជាន់ បានកើត​យ៉ាងច្រើន​នៅក្នុង​ទីក្រុង​មួយ​នេះ វា​ស័ក្ដិសម​ជាមួយ​នឹង​ការដែល​យើង​ត្រូវធ្វើ​ហេដ្ឋារចនាសម្ព័ន្ធ​ឱ្យបាន​រឹងមាំ​»​។ 


លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី 
 
បើតាមលោក​ ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​៣៧ខ្សែ​នៅ​ខេត្ត​ព្រះសីហនុ គឺដើម្បី​កែលម្អ​ផ្លូវមេ យុទ្ធសាស្ត្រ​នៃ​ប្រព័ន្ធ​នគរូបនីយកម្ម គមនាគមន៍ ដឹកជញ្ជូន​សេដ្ឋកិច្ច ធុរកិច្ច និង​ទេសចរណ៍​នៅ​ខេត្ត​ព្រះសីហនុ ដែលសំដៅក្នុងការ​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ លើកកម្ពស់​កម្រិតជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ និង​​សោភណ​ភាព​របស់​ខេត្ត​។
 
លោក​ ជា សុផារ៉ា បញ្ជាក់ថា​៖​ «​ការស្ថាបនា​ផ្លូវ​នេះ​បាន​ចូលរួមចំណែក​ដ៏ធំធេង​នៅក្នុង​ការសម្រេច​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល ដែល​បានកំណត់​នៅក្នុង​ផែនការ​រាជរដ្ឋាភិបាល​រៀបចំ​ដី​ក្នុង​ខេត្ត​ព្រះសីហនុ ចក្ខុវិស័យ​ឆ្នាំ ២០៣០ សំដៅ​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ ដែលជា​ប៉ូល​អភិវឌ្ឍន៍​ជាតិ ប្រកប​ទៅដោយ​ចីរភាព​នៅ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ​ឱ្យ​ក្លាយ​ទៅជា​តំបន់​សេដ្ឋកិច្ច​គំរូ​ពហុបំណង មជ្ឈមណ្ឌល​កំណើន​ជាតិ តាមរយៈ​ការអភិវឌ្ឍ​ទីក្រុង​ឆ្លាត និង​ការធ្វើ​សមាហរ័ណកម្ម​តាម​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា​»​។​​
 
ជាមួយគ្នានេះខេត្តព្រះសីហនុ ក៏កំពុងសាងសង់ស្ថានីយដ្ឋានប្រព្រឹត្តកម្មទឹកកង្វក់ទីបី ដែលមានសមត្ថភាពសម្អាតទឹកកង្វក់ បានរហូត២ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។  នាពេលអនាគតដ៏ខ្លី ខេត្តព្រះសីហនុនឹងមានផ្លូវល្បឿនលឿនទៅរាជធានីភ្នំពេញនៅចុងឆ្នាំ២០២២ និងមានចំណតកុងតឺន័រថ្មី មានប្រវែង៣៥០ម៉ែត្រនិង​ជម្រៅ​ទឹក១៤,៥ម៉ែត្រ​ នៅដើមឆ្នាំ២០២៥ ដែលការអភិវឌ្ឍន៍ពីវិស័យឯកជន និងសាធារណៈនេះ ធ្វើឱ្យខេត្តមួយនេះ កាន់តែមានសក្កានុពលខ្លាំងលើផ្នែកសេដ្ឋកិច្ច។ នេះបើតាមលោក គួច​ ចំរើន អភិបាលខេត្តព្រះសីហនុ។


លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្នុងសន្នីសិទកាសែត កាលពីថ្ងៃទី២៩វិច្ឆិកា ឆ្នាំ២០២១។ 
 
ថ្លែងក្នុងសន្នីសិទសារព័ត៌មាន កាលពីថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០២១ លោក គួច ចំរើន បានអះអាងថា  ការធ្វើទំនើបកម្មប្រមាណ៥ឆ្នាំចុងនៅក្នុងខេត្តព្រះសីហនុ គឺបានធ្វើឱ្យខេត្តនេះក្លាយជាខេត្តទំនើបមួយ ដោយកំពុងបោះជំហានទៅមុខនៅក្នុងទិសដៅ ដែលរដ្ឋាភិបាលកំណត់ទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង។ 
 
ព្រះសីហនុ ជាខេត្តដែលសំបូរទៅដោយធនធានធម្មជាតិដ៏សម្បូរបែបដែលគ្រប់ដណ្តប់លើផ្ទៃដី ២​ ៦៥៩គីឡូម៉ែត្រក្រឡា ដែល២ភាគ៣ជាដីភ្នំនិងខ្ពង់រាប។ ខេត្តនេះមានកោះធំ-តូចចំនួន៣២ និងឆ្នេរសមុទ្រមានប្រវែង១៧៥,៨១គីឡូម៉ែត្រ។​ បើតាមលោក គួច ចំរើន ខេត្តព្រះសីហនុមានសក្កានុពលខ្ពស់ ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច​ ដែលមានវិស័យសំណង់  អចលនទ្រព្យ ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ កសិឧស្សាហកម្ម  និងមានកំពង់ផែទឹកជ្រៅជាងគេ នៅកម្ពុជា។ លោក បាននិយាយថា  ខេត្តព្រះសីហនុ មានអត្រាកំណើនសេដ្ឋកិច្ច៦,៨ភាគរយ និងចំណូលជាមធ្យម៤៣៧៨ដុល្លារក្នុងម្នាក់(GDP)ក្នុងឆ្នាំ២០២០ ដោយបានកាត់បន្ថយអត្រាភាពក្រីក្រឱ្យធ្លាក់មកត្រឹមនៅត្រឹម ២,៦៨ភាគរយ នៅដើមឆ្នាំ២០២១។ 
  
កាលពីថ្ងៃ១៨តុលា ឆ្នាំ២០២១  វិទ្យាស្ថានផែនការ និង គំនូសប្លង់ទីក្រុង របស់ខេត្តស៊ិនជិន (Urban Planning and Design Institute of Shenzhen-UPDIS) បានចុះហត្ថលេខាជាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកិច្ចសន្យាផ្តល់សេវាកម្មរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង តាមប្រព័ន្ធអនឡាញ(Zoom) ក្រោមអធិបតីភាពរបស់លោក អូន ព័ន្ធមុនីរ័ត្ន។


ទិដ្ឋភាពរួមនៃឆ្នេរសមុទ្រ ក្រុងព្រះសីហនុ 
 
បើតាមលោក អូន ព័ន្ធមុនីរ័ត្ន  គោលដៅនៃការរៀបចំផែនការមេសម្រាប់អភិវឌ្ឍខេត្តព្រះសីហនុ ឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងនេះ គឺដើម្បីទាញយកសក្កានុពលអភិវឌ្ឍ ឱ្យស្របទៅនឹងការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចក្នុងស្រុក។ ជាពិសេសចាប់យកកាលានុវត្តភាពថ្មីៗ និងការទាក់ទាញបន្ថែមនូវការវិនិយោគ ធុរកិច្ច ដែលកើតពីការផ្លាស់ប្តូរខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅក្នុងតំបន់ចូលមកកម្ពុជា ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ដោយសំដៅពន្លឿនការអភិវឌ្ឍវិស័យឧស្សាហកម្ម វិស័យកសិកម្ម និងវិស័យសេវាកម្ម ប្រកបដោយចីរភាព និងភាពធន់។

 
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរូបនេះ បានបញ្ជាក់ បច្ចុប្បន្នកម្ពុជាបានកំណត់ចក្ខុវិស័យប្រែក្លាយខេត្តព្រះសីហនុនេះឱ្យជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយ ក្នុងការទាក់ទាញ​និងស្រូបយកការវិនិយោគពីបរទេស ដែលអាចឈានក្លាយទៅជាក្បាលម៉ាស៊ីនមួយថ្មី សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យរីកលូតលាស់ទៅមុខឥតឈប់ឈរ។ ជាពិសេសប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០៕ 

 
អត្ថបទទាក់ទង

 

© រក្សាសិទ្ធិដោយ thmeythmey.com