ជាតិ
ព្រះសពសម្ដេចក្រុមព្រះ បានយាងដង្ហែមកដល់កម្ពុជាហើយ
05, Dec 2021 , 12:16 pm        
រូបភាព
ភ្នំពេញ៖ ព្រះសពសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ត្រូវបានយាងដង្ហែពីប្រទេសបារាំងមកដល់ប្រទេសកម្ពុជា នៅ​ម៉ោង១១​ព្រឹក ថ្ងៃទី​៥ ធ្នូនេះ។ ព្រះសពសម្ដេចក្រុមព្រះ នឹងតម្កល់​ធ្វើ​បុណ្យ​នៅ​អតីត​ព្រះ​ដំណាក់របស់ព្រះអង្គ ស្ថិតនៅ​ផ្លូវសម្ដេចប៉ាន់ ក្រោយ​ព្រះបរមរាជវាំង។


 
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងចូលព្រះទិវង្គត នៅថ្ងៃទីអាទិត្យ ទី២៨វិច្ឆិកា ឆ្នាំ២០២១ នៅប្រទេសបារាំង ដោយព្រះរោគាពាធ ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា។ ព្រះសព​របស់ព្រះ​អង្គ ត្រូវបាន​យាងដង្ហែតាម​យន្តហោះពិសេសមក​កាន់​ប្រទេសកម្ពុជា នៅ​ម៉ោង​១១ព្រឹក ថ្ងៃទី៥ ធ្នូនេះ។
 
ព្រះពិធីបុណ្យព្រះសព សម្ដេចក្រុម​ព្រះ​ នរោត្តម រណឫទ្ធិ នឹង​ប្រារព្ធរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៥-៨ ធ្នូ នៅអតីតព្រះដំណាក់របស់ព្រះអង្គ ស្ថិតនៅផ្លូវសម្ដេចប៉ាន់ ក្រោយព្រះបរមរាជវាំង។ ជាមួយគ្នានេះ នៅថ្ងៃទី៨ ធ្នូ រាជរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន សែន ​បានកំណត់យកថ្ងៃទី ៨ ធ្នូ ជាថ្ងៃកាន់ទុក្ខផ្លូវការព្រះសពសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ។ 

 
 
អត្ថបទទាក់ទង
 
រាជរដ្ឋាភិបាលកម្ពុជា បានប្រាប់ឱ្យគ្រប់ក្រសួង ស្ថាប័ន សាលារៀន មន្ទីរពេទ្យ​រដ្ឋ និងឯកជនទាំងអស់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ គ្រប់ទីវត្តអារាម ព្រមទាំងប្រជាជនទូទាំងប្រទេស ត្រូវបង្ហូតទង់ជាតិត្រឹមពាក់កណ្តាល នៃដងទង់ជាតិ។ រដ្ឋាភិបាល ក៏ឱ្យ​ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ជាតិ និងឯកជនទាំងអស់ ផ្អាកការសម្តែង និងចាក់ផ្សាយនូវទស្សនីយភាពផ្សេងៗ ដែលមានលក្ខណៈសប្បាយគគ្រឹកគគ្រេង នៅថ្ងៃកាន់ទុក្ខព្រះសពផងដែរ៕ 
 
































Tag:
 សម្ដេចក្រុមព្រះ
© រក្សាសិទ្ធិដោយ thmeythmey.com