ជាតិ
សង្គមជាតិ
សង្គមស៊ីវិល១៣៣ ស្នើឲ្យក្រសួងមហាផ្ទៃ និងរដ្ឋសភា ជួយអន្តរាគមន៍លើវិវាទនៅណាហ្កាវើលដ៍
07, Feb 2022 , 6:45 pm        
រូបភាព
តំណាងសង្គមស៊ីវិល៤រូប ចេញពីលិខិតចំហនៅក្រសួងមហាផ្ទៃ។ រូបដោយសហការី
តំណាងសង្គមស៊ីវិល៤រូប ចេញពីលិខិតចំហនៅក្រសួងមហាផ្ទៃ។ រូបដោយសហការី
ភ្នំពេញ៖ សង្គមស៊ីវិល១៣៣ បានដាក់ស្នើដាក់លិខិតសុំអន្តរាគមន៍ទៅក្រសួងមហាផ្ទៃ និងរដ្ឋសភា ដើម្បីជំរុញមានដំណោះស្រាយដោយតម្លាភាព ហើយដោះលែងមេដឹកនាំសហជីពនិងសកម្មជនតវ៉ានៃបុគ្គលិកណាហ្កាវើលដ៍។ ពួកគេ ស្នើឲ្យមានការបើកវេទិកាចរចាគ្នា ដោយបើកចំហរជាសាធារណៈរវាងភាគីពាក់ព័ន្ធនៃវិវាទនេះ។



នៅខាងមុខក្រសួងមហាផ្ទៃ ក្រុមសង្គមស៊ីវិលបានទទូចសុំអាជ្ញាធរទាំងអស់ បញ្ឈប់ដាក់សម្ពាធ លាបពណ៌ និងធ្វើទុក្ខបុកម្នេញដល់ក្រុមបុគ្គលិកណាហ្កាវើលដែលតវ៉ាដោយសន្តិវិធី ខណៈពួកគេទាមទារឲ្យភាគីក្រុមហ៊ុនគោរពសិទ្ធិការងារ។ ក្រុមសង្គមស៊ីវិល ចាត់ទុក ការចោទប្រកាន់មេដឹកនាំសហជីពនិងសកម្មជនតវ៉ា ពីបទញុះញង់ ហើយចាប់ខ្លួនជាបន្តបន្ទាប់ ថាជាការរំលោភបំពានសិទ្ធិសេរីភាព។

នៅរសៀលម៉ោង២ថ្ងៃទី៧កុម្ភៈឆ្នាំ២០២២ ក្បែររបងក្រសួងមហាផ្ទៃ លោកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា បញ្ហាណាហ្កាវើលដ៍ ជាវិវាទការងាររវាងបុគ្គលិក និងក្រុមហ៊ុន។ ប៉ុន្តែអាជ្ញាធរបានលាបពណ៌ដល់សហជីព និងក្រុមអ្នកតវ៉ា ថាពាក់ព័ន្ធនឹងបដិវត្តន៍ពណ៌ និងមានគោលបំណងមិនល្អគ្រប់ទម្រង់។ ការដាក់លិខិតចំហនៅថ្ងៃនេះ ទៅរដ្ឋមន្រី្តក្រសួងមហាផ្ទៃ គឺដើម្បីសុំឲ្យមានការជួយអន្តរាគមន៍ ខណៈវិវាទនេះ រ៉ាំរ៉ៃអស់រយៈពេលជិត២ខែមកហើយ។

«រឿងនេះ គួរតែកែប្រែស្ថានការទៅជារឿងតូច ដោះស្រាយជាវិវាទការងារ ជាជាងការពង្រីកបញ្ហា។ ថ្ងៃនេះ តំណាងសង្គមស៊ីវិលយើង ស្នើសុំដោយទទូចដល់អាជ្ញាធរពាក់ព័ន្ធដោះស្រាយបញ្ហានេះ ជាវិវាទការងារ»។ នេះជាការលើកឡើងរបស់លោកស្រី ចក់ សុភាព ដោយបន្ថែមថា គន្លឹះនៃការដោះស្រាយបញ្ហា គឺចាប់ផ្ដើមដោយដោះលែងមេដឹកនាំសហជីពនិងសមាជិករបស់ពួកគេវិញ ដើម្បីឲ្យមានតុល្យភាពក្នុងការចរចាលើវិវាទការងារ។

ចំពោះការព្រមានថានឹងផាកពិន័យជាទឹកប្រាក់ និងចាប់ខ្លួនជាបន្តបន្ទាប់របស់សាលារាធានីភ្នំពេញ បើសិនក្រុមអ្នកតវ៉ាមិនស្ដាប់ការណែនាំរបស់អាជ្ញាធរ លោកស្រី អ៊ូ ទេពផល្លីន ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្ម បានថ្លែងថា ​មិនមែនជារឿងត្រូវភ្ញាក់ផ្អើលឡើយ ខណៈពលរដ្ឋក្នុងសង្គមសព្វថ្ងៃកំពុងរស់នៅក្នុងបរិបទរំលោភបំពានដោយនិទណ្ឌភាព។

«សម្រាប់ខ្ញុំការផាក ការចាប់ខ្លួនមេដឹកនាំសហជីពជាបន្តបន្ទាប់ និងបម្រាមផ្សេងទៀត មិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលឡើយ ព្រោះច្បាប់កូវីដ-១៩ មានអនុម័តរួចហើយ ហើយច្បាប់នេះ យើងបានបង្ហាញពីក្ដីបារម្ភរួមហើយ ដែលប៉ះពាល់ដល់សិទ្ធិសេរីភាពមូលដ្ឋានរបស់ប្រជានជន»។ នេះជាការលើឡើងរបស់លោកស្រី អ៊ូ ទេពផល្លីន ដោយអះអាងបន្ថែមថា ក្រុមអ្នកតវ៉ាបុគ្គលិកណាហ្កាវើលដ៏ក៏ដូចគ្នានឹងលោកស្រីដែរ គឺមិនខ្លាចនឹងការទាមទារសិទ្ធិរបស់ខ្លួនស្របតាមច្បាប់ ដោយសន្តិវិធីនេះឡើយ។

ជាមួយគ្នាដែរ លោក ឃុន ថារ៉ូ អ្នក​គ្រប់​គ្រង​កម្ម​វិធី​ការ​ងារ​ នៃ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិ​មនុស្សរបស់អង្គការសង់ត្រាល់ ក៏បានថ្លែងប្រាប់ក្រុមសារព័តមានថា ការដាក់លិខិតសុំអន្តរាគមន៍នៅថ្ងៃនេះ គឺបង្ហាញពីជំហរថាក្រុមសង្គមស៊ីវិលគាំទ្រដល់ការតវ៉ារបស់បុគ្គលិកណាវើលដ៍ និងស្នើសុំឲ្យមានការជួយដោះស្រាយ។ អ្នកឃ្លាំមើលសិទ្ធិការងាររូប ប្រកាសថ្កោលទោសយ៉ាងខ្លាំងចំពោះការចាប់ខ្លួនមេដឹកនាំសហជីព និងសកម្មជនជាបន្តបន្ទាប់ ខណៈពួក​គេអនុវត្តសិទ្ធិស្របតាមច្បាប់។

«យើងបានធ្វើយុទ្ធនាការជាសកល នៅតាមបណ្ដាស្ថានទូតនៅក្រៅប្រទេស ដើម្បីអំពាវនាវឲ្យរដ្ឋាភិបាលមានវិធានការជាបន្ទាន់ ដែលវិវាទនេះបានអូសបន្លាយអស់រយៈពេលជាង១០ខែមកហើយ ខណៈបងប្អូនកម្មករបានតវ៉ាប្រមាណ៥០ថ្ងៃមកហើយ»។ នេះជាការបញ្ជាក់របស់លោក ឃុន ថារ៉ូ ដោយសង្កត់ធ្ងន់ថា បញ្ហានេះ ជារឿងអយុត្តិធម៌បំផុតសម្រាប់កម្មករ។

តំណាងសង្គមស៊ីវិលដែលចូលដាក់លិខិតចំហនៅថ្ងៃនេះ លើកឡើងជារួមដូចៗគ្នាថា អាជ្ញាធរបានធ្វើទុក្ខបុកម្នេញដល់ក្រុមអ្នកតវ៉ា ពោលគឹមិនឲ្យពួកគេទៅបន្ទប់ទឹក ហាមអ្នកលក់ដូរមិនឲ្យលក់អីវ៉ាន់ដល់អ្នកតវ៉ា និងរឹតត្បិតសូម្បីតែកន្លែងផ្ញើម៉ូតូ។ ពួកគេ បានផ្ញើ​ សារចំហអំឡុងពេលថ្លែងប្រាប់អ្នកសារព័ត៌មានទៅកាន់រដ្ឋាភិបាលថា សង្គមស៊ីវិល និងសហជីព ពុំមែនជាសត្រូវជាមួយរដ្ឋាភិបាលឡើយ។ លើសពីនេះ ពួកគេ ស្នើឲ្យបញ្ឈប់ការលើកឡើងថា សង្គមស៊ីវិលមានចេតនានយោបាយ ខណៈសង្គមស៊ីវិលជាអ្នកចូលរួមជួយកិច្ចការសង្គម ពិសេសលើកកម្ពស់ប្រជាធិបតេយ្យ។

«គួរបញ្ឈប់វប្បធម៌លាបពណ៌ បដិវត្តន៍ និងឧទ្ទាម ដោយប្ដូរទៅជាដោះស្រាយបញ្ហា ខណៈកម្ពុជាប្រធានអាស៊ាន គឺជាការបង្ហាញគំរូ»។ នេះការលើកឡើងរបស់ លោកស្រី ចក់ សុភាព។

វិវាទនៃការកាត់បន្ថយបុគ្គលិកណាហ្កាវើលដ៍នេះ កើតឡើងអស់រយៈជាង១០ខែ ហើយពួកគេចេញតវ៉ាអស់ពេលជិត២ខែមកហើយ។ ចំណែក មេដឹកនាំសហជីពទាំង៨រូបរបស់ពួកគេ ត្រូវអាជ្ញាធរចាប់ខ្លួនឃុំជាង៣០ថ្ងៃហើយ គិតមកដល់ថ្ងៃទី៥កុម្ភៈនេះ ខណៈ សមត្ថកិច្ចបន្តចាប់ខ្លួនសកម្មជនតវ៉ា៦នាក់បន្ថែមទៀត។ អ្នកទាំង៦រូបនេះ គឺត្រូវបានសមត្ថកិច្ចដោះលែងវិញ៣រូប ប៉ុន្តែដីកាចាប់ខ្លួនបានចេញជាបន្តបន្ទាបពាក់ព័ន្ធនឹងការរារាំងការអនុវត្តវិធានការទប់ស្កាត់កូវីដ-១៩៕

អត្ថបទទាក់ទង

Tag:
 វិវាទការងារ
  សិទ្ធិមនុស្ស
  សង្គមស៊ីវិល
© រក្សាសិទ្ធិដោយ thmeythmey.com