ជាតិ
សង្គមជាតិ
រដ្ឋ ឆ្ពោះទៅសាងសង់ស្តូបនយោបាយឈ្នះឈ្នះទី៤ នៅប៉ៃលិន
10, May 2022 , 11:39 am        
រូបភាព
វិមានឈ្នះឈ្នះ នៅប៉ែកខាងជើងរាជធានីភ្នំពេញ (រូបពីក្រសួងព័ត៌មាន)
វិមានឈ្នះឈ្នះ នៅប៉ែកខាងជើងរាជធានីភ្នំពេញ (រូបពីក្រសួងព័ត៌មាន)
ដោយ៖ ទេពញាណ 
 
ក្រសួងការពារជាតិ ដែលជាសេនាធិការរបស់រដ្ឋាភិបាល បានចាប់ផ្តើមរៀបចំសាងសង់ស្តូបនយោបាយឈ្នះឈ្នះ១បន្ថែមទៀត នៅខេត្តប៉ៃលិន។ កាលពីព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ អាជ្ញាធរ បានរៀបចំពិធីបើកការដ្ឋានសាងសង់ស្តូបឈ្នះឈ្នះនេះ ក្រោមអធិបតីភាពរបស់សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះឈ្នះ។


មន្ទីរព័ត៌មានខេត្តប៉ៃលិន ផ្សាយលើគេហទំព័ររបស់ខ្លួន កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ថា ភូមិស្រែត្នោត សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន គឺជាទីតាំងសម្រាប់សាងសង់ស្តូបនយោបាយឈ្នះឈ្នះ ហើយស្តូបនេះ នឹងក្លាយទៅជាសំណង់ប្រវត្តិសាស្រ្តរាប់រយឆ្នាំ និងជាកេរមរតក សម្រាប់មនុស្សជាតិគ្រប់ជំនាន់នៅកម្ពុជា។ មន្ទីរព័ត៌មានខេត្តប៉ៃលិន បន្តថា ថវិកា សម្រាប់សាងសង់ស្តូបនយោបាយឈ្នះឈ្នះនេះ គឺបានមកពីការបរិច្ចាគពីមជ្ឈដ្ឋាននានា។
 
មន្ទីរព័ត៌មាន បានស្រង់សម្តីរបស់លោក អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានអនុគណៈកម្មការសាងសង់ស្តូបនយោបាយឈ្នះឈ្នះខេត្តប៉ៃលិន ដែលថ្លែងក្នុងកិច្ចប្រជុំស្តីពីការសាងសង់ស្តូបនេះ ទៅសរសេរថា ការសាង់សង់ស្តូបនេះ បង្ហាញពីការដឹងគុណ និងការចងចាំវីរភាពរបស់ថ្នាក់ដឹកនាំក្នុងការស្វែងរកសុខសន្តិភាព ព្រមទាំងបង្ហាញពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត និងបញ្ជាក់ពីសច្ចភាពប្រវត្តិសាស្រ្ត ក្នុងការផ្ដួលរំលំរបបខ្មែរក្រហម។  
 
ស្តូបនយោបាយឈ្នះឈ្នះនៅខេត្តប៉ៃលិន គឺជាស្តូបនយោបាយឈ្នះឈ្នះទី៤។ រដ្ឋាភិបាល បានចាប់ផ្តើមសាងសង់វិមាននយោបាយឈ្នះឈ្នះ ដែលស្ថិតនៅប៉ែកខាងជើងរាជធានីភ្នំពេញមុនគេ (ទី១) ក្នុងឆ្នាំ២០១៦ ហើយបន្ទាប់មក ក៏បន្តទៅសាងសាងស្តូបនយោបាយឈ្នះឈ្នះ នៅតាមបណ្តាខេត្តមួយចំនួន ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ពិសេសពាក់ព័ន្ធនឹងការតស៊ូក្នុងការផ្តួលរំលំកម្លាំងខ្មែរក្រហម។ មានខេត្ត៤ ដែលរដ្ឋាភិបាល ជ្រើសរើសសម្រាប់សង់ស្តូបនយោបាយឈ្នះឈ្នះ រួមមាន កោះកុង ឧត្តរមានជ័យ ប៉ៃលិន និង កំពង់ស្ពឺ។ 
 
ស្តូបនយោបាយឈ្នះឈ្នះនៅខេត្តកោះកុង (ទី២) ត្រូវបានសាងសង់ឡើងក្នុងឆ្នាំ២០២០ ស្តូបនយោបាយឈ្នះឈ្នះនៅខេត្តឧត្តមរមានជ័យ (ទី៣) ត្រូវបានសាងសង់ឡើងនៅខែមករា ឆ្នាំ២០២២ ហើយឈានចូលខែឧសភា ឆ្នាំ២០២២ ស្តូបនយោបាយឈ្នះឈ្នះនៅប៉ៃលិន (ទី៤) ក៏ត្រូវបានចាប់ផ្តើមសាងសង់ឡើង។ តាមគម្រោង បន្ទាប់ពីខេត្តប៉ៃលិន គឺខេត្តកំពង់ស្ពឺ ដែលនឹងត្រូវចាប់ផ្តើមសាងសង់ស្តូបនយោបាយឈ្នះឈ្នះ (ទី៥)។ 
 
ស្តូបនយោបាយឈ្នះឈ្នះនៅតាមបណ្តាខេត្ត ត្រូវបានសាងសង់ឡើងតាមទម្រង់នៃវិមាននយោបាយឈ្នះឈ្នះ ដោយគ្រាន់តែមានទំហំតូចជាង និងមានកម្ពស់ទាបជាងវិមាននយោបាយឈ្នះឈ្នះ។ ​ស្តូប​​ន​យោ​យ​បាយ​ឈ្នះ​ឈ្នះ​តាម​បណ្តា​ខេត្ត ហៅ​ត្រឹម​ជា​ស្តូប ដោយ​មិន​ហៅ​ជា​វិមាន ដូច​វិមាន​​នយោបាយ​ឈ្នះ​ឈ្នះ​នៅប៉ែកខាងជើងរាជធានី​ភ្នំពេញ​ឡើយ​៕

អត្ថបទទាក់ទង
 
 

Tag:
 ស្តូបនយោបាយឈ្នះឈ្នះ
  ប៉ៃលិន
© រក្សាសិទ្ធិដោយ thmeythmey.com