កីឡាជាតិ
ជាតិ
កម្ពុជាឈ្នះមេដាយមាស២ ប្រាក់៣ និងសំរឹទ្ធ៩ បន្ថែមទៀតនៅស៊ីហ្គេមលើកទី៣១
19, May 2022 , 10:32 pm        
រូបភាព
ដោយ: រួបរួម
ពេញមួយថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ក្រុមកីឡាកម្ពុជា បានឈ្នះមេដាយមាស២ ប្រាក់៣ និងសំរឹទ្ធ៩ទៀតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម។ ការទទួលបានបន្ថែមធ្វើឲ្យចំនួនមេដាយសរុបរបស់កម្ពុជាកើនដល់៣៨ ក្នុងនោះមាស៦ ប្រាក់៩ និងសំរឹទ្ធ២៣។



អត្ថបទទាក់ទង
 
ក្នុងចំណោមមេដាយដែលកម្ពុជាទទួលបាននាថ្ងៃនេះ កីឡាចំបាប់ឈ្នះមេដាយមាស១ ប្រាក់១ និងសំរឹទ្ធ២។ មេដាយមាសរកបានដោយកីឡាករចំបាប់ ស៊ូ បាលី លើវិញ្ញាសាបុរស Freesyle ទម្ងន់១២៥គីឡូក្រាម។ មេដាយប្រាក់រកបានដោយកីឡាករចំបាប់ ម៉ូ សាវី ក្នុងទម្ងន់៩៧គីឡូក្រាម។ រីឯសំរឹទ្ធ២ សម្រេចបានដោយកីឡាករចំបាប់ ហេង វុទ្ធី ក្នុងទម្ងន់៨៦គីឡូក្រាម, កីឡាករ សឿន សុភាស់ វិញ្ញាសា Freestyle ទម្ងន់៥៧គីឡូក្រាម។
 
 

កីឡាប៉េតង់ក៏បានបញ្ចប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១របស់ខ្លួន ជាមួយនឹងការទទួលបានមេដាយមាស១ និងប្រាក់១បន្ថែមទៀតផងដែរ។ កីឡាការិនី អ៊ុន ស្រីយ៉ា, ស៊្រាង សុរ៉ាឃីម, ឃួន យ៉ារី និងដួង ឌីណា បានឈ្នះមេដាយមាសលើវិញ្ញាសានារី៣ទល់៣ ខណៈក្រុមកីឡាករ៣ទល់៣បុរសដែលមានកីឡាករ ញ៉ែម បូរ៉ា, ហេង ថន, សៀង វណ្ណា និងឃួន លីហ៊រ ទទួលបានមេដាយប្រាក់។
 
វ៉ូវីណាមជាកីឡាលំដាប់ទីបីដែលទទួលបានមេដាយជូនជាតិប្រចាំថ្ងៃព្រហស្បតិ៍នេះ ដោយកីឡាការិនី ជុក សូម៉ាលី ឈ្នះមេដាយប្រាក់លើវិញ្ញាសាប្រយុទ្ធទម្ងន់៦៥គីឡូក្រាម រីឯម្ចាស់មេដាយសំរឹទ្ធ២ទៀតគឺ កីឡាករវ៉ូវីណាម អេ អាំម៉ារីនភូថង លើវិញ្ញាសាប្រយុទ្ធទម្ងន់៦០គីឡូក្រាម, កីឡាការិនីវ៉ូវីណាម ពៅ សុខា និងកីឡាការិនី សឿ ច័ន្ទលក្ខិណា លើវិញ្ញាសាសម្តែងគុណដាវនារីជាគូ។

កីឡាការ៉ាតេ ទទួលបានមេដាយសំរឹទ្ធ៣ផងដែរ ដោយជ័យលាភីរួមមាន កីឡាការិនី លីម សុខវិច្ឆិកា ក្នុងទម្ងន់ក្រោម៥៥គីឡូក្រាម, កីឡាការិនី វណ្ណ សូដានីហេន ក្នុងទម្ងន់៦៨គីឡូក្រាម, កីឡាករ ជូន មីឡាតម៉ាដាស ក្នុងទម្ងន់ក្រោម៧៥គីឡូក្រាម។
 
មេដាយសំរឹទ្ធ២ទៀត បានដោយកីឡាការិនីយូដូ អ៊ឹង នួន ក្នុងទម្ងន់៦៣គីឡូក្រាម និងកីឡាការិនីតេក្វាន់ដូ ថិប កាសាន់ទ្រីនីកូល លើវិញ្ញាសាប្រយុទ្ធទម្ងន់ក្រោម៦២គីឡូក្រាម។ នៅដដែលនោះ កីឡាករប្រដាល់ ហ៊ុន គឹមហ៊ាង និងកីឡាការិនី វី ស្រីស្រស់ សុទ្ធត្រូវបានមេដាយសំរឹទ្ធផងដែរ ប៉ុន្តែទាន់បំពាក់ជាផ្លូវការនោះឡើយ ដោយរង់ចាំការប្រកួតគូផ្តាច់ព្រ័ត្រសិន ទើបមេដាយត្រូវបញ្ចូលក្នុងតារាង។
 
 

គិតត្រឹមថ្ងៃទី១៩ ខែឧសភា កម្ពុជាទទួលបានមេដាយសរុបចំនួន៣៨ ក្នុងនោះមាស៦ ប្រាក់៩ និងសំរឹទ្ធ២៣។ ក្នុងចំណោមមេដាយមាសទាំង៦ មានប៉េតង់២, ឃីកបុកស៊ីង១, វ៉ូវីណាម១, ចំបាប់១ និងតេក្វាន់ដូ១។
 
ចំពោះមេដាយប្រាក់ចំនួន៩ មានឃីកបុកស៊ីង៣, ប៉េតង់២, វ៉ូវីណាម២, ចំបាប់១ និងតេក្វាន់ដូ១។ មេដាយសំរឹទ្ធ២៣មាន ចំបាប់៤, វ៉ូវីណាម៣, ការ៉ាតេ៣, តេក្វាន់ដូ៣, វ៉ូស៊ូ៣, ប៉េតង់៣, ឃីកបុកស៊ីង១, ជីជឺតស៊ូ១, យូដូ១ និងទូករ៉អ៊ីង១៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com