ជាតិ
បក្សនយោបាយ រិះគន់ថា ការដំឡើងក្បាលម៉ាស៊ីនដឹកនាំរដ្ឋធំ ខាតតែថវិកា និងគ្មានប្រសិទ្ធភាពការងារ
02, Aug 2022 , 9:59 pm        
រូបភាព
ភ្នំពេញ៖ ក្រុមអ្នកនយោបាយ និងសង្គមស៊ីវិល រិះគន់លើការដំឡើងតួនាទីមន្ត្រីក្នុងជួររដ្ឋាភិបាល ថា« ក្បាលធំជាខ្លួន» ។ ប៉ុន្តែអ្នកនាំពាក្យរដ្ឋាភិបាល ពន្យល់ថា ការរៀបចំបែបនេះ ដោយសារវាជាដំណាក់កាល អន្តរកាលមួយ ដែលត្រូវបានប្ដូរជំនាន់ពីមនុស្សចាស់ ទៅយុវជនមានសមត្ថភាព ទើបឃើញរូបភាពបែបនេះ។

 
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានរិះគន់លើស្ថាប័នរដ្ឋាភិបាល ដែលមានការតែងតាំង និងពង្រីក ឬបន្ថែមមុខងារដល់មន្ត្រីជាបន្តបន្ទាប់។ ក្នុងនោះឧបនាយករដ្ឋមន្រី្ត មាន១០រូប ខណៈក្រសួងនីមួយៗវិញមានរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ពី១០ទៅ២០រូប។ ចំណែក អគ្គនាយករង និងអនុប្រធាននាយកដ្ឋាន គឺមានចំនួនច្រើនស្អេកស្កះ នៅតាមក្រសួង និងមន្ទីរនីមួយៗ។ ទន្ទឹមនឹងនេះ តំណែងអភិបាលរងរាជធានីខេត្ត អភិបាលរងស្រុក ខណ្ឌ រួមទាំងស្នងការការរង ប្រមាណ៣០នាក់បន្ថែមទៀត។ 
 
បក្សប្រជាធិបតេយ្យបានរិះគន់តំណែងធំៗខាងលើ តាមហ្វេសប៊ុកផ្លូវការខ្លួនយ៉ាងដូច្នេះ៖ «មន្រ្តីទាំងអស់សុទ្ធតែទទួលប្រាក់ខែចេញពីថវិកាជាតិ ហើយថវិកាជាតិពី ៨ទៅ៩ពាន់លានដុល្លារក្នុង១ឆ្នាំៗ បានមកភាគច្រើនលើសលប់ពីការបង់ពន្ធរបស់រាស្រ្តខ្មែរ និងការខ្ចីបុលពីបរទេស ហើយអ្នកជំនាន់ក្រោយមានកាតព្វកិច្ច ត្រូវសងបំណុលបរទេសទាំងអស់នោះវិញ»។ 
 
ជុំវិញករណីនេះ លោក សាម អ៊ីន អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានប្រាប់សារព័ត៌មានថ្មីៗបន្ថែមថា បើរដ្ឋកាត់បន្ថយចំនួនមន្រី្តទាំងនេះ រដ្ឋនឹងចំណេញថវិកា ហើយអាចងាកមកពង្រឹងគុណភាពធនធានមនុស្សវិញ ទើបមានប្រសិទ្ធភាព។
 
«គ្នាច្រើនពេកទៅប្រសិទ្ធភាពការងារ ក៏ប៉ះពាល់ដំណើរកការវិញ ព្រោះមនុស្សច្រើនមិនដឹងមួយណាធ្វើអីឲ្យប្រាកដ ខ្លះចេះតែមើលប្រចាំគ្នា»។ នេះជាការលើកឡើងរបស់​សាម អ៊ីន។
 

លោក សាម អ៊ីន អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។ រូបពីហ្វេសប៊ុក លោក សាម អ៊ីន

ពាក់ព័ន្ធនឹងតំណែងស្អេកស្កះនេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល ឆ្លើយតបវិញថា ក្នុងបរិបទអន្តរកាលនៃការប្ដូរវេន គឺមានចំនួនមន្រី្តច្រើន។ លោកពន្យល់ថា មន្រី្តជំនាន់ចាស់ភាគច្រើនសុទ្ធតែជិតដល់អាយុចូលនិវត្តន៍ ហើយខ្លះទៀតនៅតែពុំទាន់ចូលនិវត្តន៍។ បើតាមលោក ស៊ីផាន ការធ្វើបែបនេះ ដើម្បី ធានាដំណើរដឹកនាំរដ្ឋបាលសាធារណដំណើរការទៅជានិរន្តភាព។ 
 
អ្នកនាំពាក្យរូបនេះលើកឡើងបែបនេះ៖ «មន្រី្តក្នុងជួររដ្ឋាភិបាលជំនាន់មុនអាយុជាង៦០ទៅ៧០ឆ្នា។  
ដូច្នេះ ក្នុងអន្តរកាលនេះ គឹត្រូវផ្លាស់ប្ដូរចូលមន្រី្តក្មេងមកវិញ គឹត្រូវយកក្មេងមកនៅជាមួយចាស់ៗ ដើម្បីបន្តវេនហាត់ការងារ »។ 
 
ជានីតិវិធីនៃនាពេលបច្ចុប្បន្ននេះ កាលណាមានមន្រី្តជិតចូលនិវត្តន៍៥រូប គឺត្រូវរើសមន្រី្តវ័យក្មេងចូល៥រូបបន្ថែមដូចគ្នា ចូលក្នុងជួររដ្ឋាភិបាល ដើម្បីហាត់ការងារជាមួយអ្នកជំនាន់មុន។ ហើយទៅថ្ងៃមុខ តួលេខមន្រ្តីជាន់ខ្ពស់នឹងថយចុះវិញ។ នេះជាការពន្យល់បន្ថែម របស់ លោក ផៃ ស៊ីផាន។ 
 

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល ថ្លែងក្នុងសន្និសីទសារព័ត៌មាននាពេលកន្លងមក។ រូបពីទីស្ដីការគណៈរដ្ឋមន្ត្រី

លោក សាម អ៊ីន ចាត់ទុកការលើកឡើងរបស់លោក ផៃ ស៊ីផាន គឺគ្រាន់តែជាលេសប៉ុណ្ណោះ។ លោក ពន្យល់វិញថា អំឡុងឆ្នាំ១៩៩០ កម្ពុជាត្រូវការបង្រួបបង្រួមជាតិ ទើបតែងតាំងមន្រី្តរាជការច្រើន ដើម្បីផ្ដល់តួនាទីដល់គ្រប់ភាគីកុំឲ្យមានការបែកបាក់។ ប៉ុន្តែ មកដល់ពេលនេះ  គួរតែរៀបចំប្រព័ន្ធ​មន្ត្រីឡើងវិញ។ លោកបន្ថែមថា កាលណារដ្ឋយកលេសនេះទៀត នឹងធ្វើឲ្យកិច្ចការរដ្ឋមានប្រសិទ្ធភាពទាប ហើយនាំខ្ជះខ្ជាយថវិកាច្រើន ព្រោះប្រើពុំចំគោលដៅ។
 
«ខ្ញុំមិនគាំទ្រអំណះអំណាង របស់ លោក ផៃ ស៊ីផាន​ឡើយ។ បើរដ្ឋមានការគ្រប់គ្រងល្អ ក៏គេមិនកាត់ផ្ដាច់អ្នកជំនាន់ចាស់ទាំងស្រុងដែរ។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បើសិនមានឱកាសគ្រប់គ្រង គឺយើងមានវិធីដោះស្រាយ ដូចមានអ្នកចូលនិវត្តន៍ពីរនាក់ គឺយើងរើសថ្មីតែមួយប៉ុណ្ណោះ តាមផែនការកាត់បន្ថយ»។ នេះជាការលើកឡើងរបស់អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ។
 
សម្រាប់បក្សឆន្ទៈខ្មែរ មើលឃើញពីទំហំការងាររដ្ឋ ដែលចាំបាច់ត្រូវការបង្កើនតួនាទី និងធនធានមនុស្ស ដោះស្រាយនិងបម្រើផលប្រយោជន៍ពលរដ្ឋ។ ប៉ុន្តែ ការដំឡើងចំនួនអភិបាលរាជធានីខេត្តនាពេលថ្មីៗនេះ គឺពុំមានភាពចាំបាច់់ឡើយ ។ ប្រធានបក្ស លោក គង់ មុនីកា បានរិះគន់ថា រដ្ឋាភិបាលមានក្បាលធំជាងខ្លួន។ 
 
 
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ ប្រធានបក្សឆន្ទៈខ្មែររូបនេះ បានលើកឡើងថា៖ «ការរៀបចំតំណែងនេះ គឺដើម្បីតែចែកតួនាទីមន្រី្តបក្សខ្លួន ពីអ្នកថ្មី ទៅជំនួសអ្នកចាស់ប៉ុណ្ណោះ ហើយអ្នកចាស់ចេះតែឡើងបន្តទៅ  មិនឃើញមានប្រយោជន៍សម្រាប់ជាតិឡើយ»។ ឮ
 

លោក គង់ មុនីកា ប្រធានបក្សឆន្ទៈខ្មែរ។ រូបពី ទំព័រហ្វេសប៊ុករបស់ លោក មុនីកា 

ជុំវិញការរិះគន់នេះ លោក ផៃ ស៊ីផាន បកស្រាយទៅវិញថា ការបង្កើនតួនាទី និងដំឡើងភារកិច្ចមន្រ្តីនេះ ដោយសាររដ្ឋាភិបាលកំពុងពង្រឹងនិងពង្រីកប្រព័ន្ធវិមជ្ឈការ នៅថ្នាក់ក្រោមជាតិ។ ក្នុងន័យនេះ លោក ស៊ីផាន ព្យាយាមពន្យល់ថា ការរៀបចំបែបនេះ វាជួយឲ្យថ្នាក់ជាតិបន្ថយការទទួលខុសត្រូវ ដោយរុញថ្នាក់ក្រោមជាតិ ប្រឹងបំពេញការងារ និងអភិវឌ្ឍន៍តាមមូលដ្ឋាន ឲ្យមានប្រសិទ្ធភាព។ 
 
អ្នកនាំពាក្យរដ្ឋាភិបាល ប្រាប់សារព័ត៌មានថ្មីៗបែបនេះ៖ «បច្ចុប្បន្នក្រសួងកាត់បន្ថយការជួយហើយ គឺរុញឲ្យថ្នាក់ក្រោមជាតិអនុវត្តដោយខ្លួនឯង ហើយការងារក៏ថ្នាក់ក្រោមជាតិក៏មានច្រើនជាមុន ទើបត្រូវការបង្កើនចំនួនមន្រ្តី ដូចជាអភិបាលរងជាដើម»។ 
 
លោក មាស នី អ្នកតាមដានបញ្ហាសង្គម ក៏មើលឃើញពីក្បាលរដ្ឋាភិបាល ធំជាងខ្លួនដែរ។ ប៉ុន្តែលោកមិនហានរិះគន់ ឬវាយតម្លៃពីប្រសិទ្ធភាពការងារឡើយ ព្រោះពុំបានដឹងច្បាស់ពីទំហំកិច្ចការងាររដ្ឋាភិបាលលម្អិត។ យ៉ាងណា អ្នកឃ្លាំមើលព្រឹត្តិការណ៍សង្គមរូបនេះ យល់ថា នៅពេលបង្កើនតួនាទី ដូចជាតំណែងកន្លែងណាមួយ រដ្ឋត្រូវសិក្សាឲ្យច្បាស់ ពីការបែងចែកទំនួលខុសត្រូវការងារ រួមទាំងទំហំនៃចំនួនពលរដ្ឋផងដែរ។ 
 
«យើងត្រូវសិក្សាពីបញ្ហាតំបន់ ទំហំនៃពលរដ្ឋ ដោយផ្អែកលើការសិក្សាមួយដ៍ត្រឹមត្រូវ ទើបបង្កើនតួនាទីមន្រី្ត អាចដោះស្រាយបញ្ហានិងបម្រើពលរដ្ឋបាន។ ប៉ុន្តែបរិបទខ្មែរ ខ្ញុំឃើញមានទំនោរ “ឯងជួយអញ អញជួយឯង”…»។ នេះបើតាមលោក មាស នី ដែលបន្ថែមថា ការដំឡើងតំណែងនេះ តែងតែកើតមានក្រោយពេលបោះឆ្នោតរួច។ 
 

រាជបណ្ឌិត្យសភាកម្ពុជា

ពាក់ព័ន្ធនឹងការបង្កើនតួនាទីមន្រី្ត ពិសេសថ្នាក់ក្រោមជាតិនេះ លោក ផៃ ស៊ីផាន អះអាងថា រដ្ឋាភិបាលបានគិតច្បាស់លាស់ ដោយសិក្សាពីទំហំនៃការរីកចម្រើនជាប្រចាំនៅក្នុងប្រទេស។ លោកសង្កត់ធ្ងន់ថា រដ្ឋាភិបាលពុំមែនចេះតែធ្វើអ្វីមួយ តាមការនឹកឃើញឡើយ ពោលគឺមានគម្រោង និងផែនការសកម្មភាពការងារ ដោយមិនឲ្យជាប់គាំងដំណើរការដឹកនាំ និងបម្រើប្រជាពលរដ្ឋឡើយ។ 
 
អំឡុងខែមិថុនាឆ្នាំនេះ រដ្ឋាភិបាល បានសម្រេចបង្កើនចំនួនគណៈអភិបាលរាជធានី-ខេត្ត មានរហូតដល់២៧៥រូប និងគណៈអភិបាលក្រុង-ស្រុក-ខណ្ឌ មាន១៤២៨រូប នៅទូទាំងប្រទេស។ 
 
មន្ត្រីរាជការស៊ីវិលនៅកម្ពុជា ថ្នាក់ជាតិមាន ៤០ ១៦២ នាក់ ក្នុងនោះ មានស្រី ១២ ៦១២នាក់។ ចំណែក នៅថ្នាក់ក្រោមជាតិវិញ មាន ១៧៣ ១១៤នាក់ ក្នុងនោះមានស្រី ៧៦ ៣៨០នាក់។ នេះបើតាមបញ្ជី បើប្រាក់បៀវត្សប្រចាំខែធ្នូឆ្នាំ២០២១​ ដែលសារព័ត៌មានថ្មីៗ ទទួលបានពី លោក ឈឿន ប៊ុណ្ណរ័ត្ន អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមុខងារសាធារណ៕
 
 
 
 

Tag:
 រដ្ឋាភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com