ជាតិ
សង្គមជាតិ
ករណីភ្នំតាម៉ៅ៖ អ្នកនយោបាយ និងតាមដានសង្គម ថា មន្ត្រីពាក់ព័ន្ធគួរលាលែងចេញពីតំណែង
09, Aug 2022 , 4:34 pm        
រូបភាព
ភ្នំពេញ៖ សង្គមស៊ីវិល អ្នកនយោបាយ រួមទាំងអ្នកតាមព្រឹត្តិការណ៍ រិះគន់ក្រុមអ្នកឈូសឆាយព្រៃតំបន់ភ្នំតាម៉ៅ និងមន្ត្រីពាក់ព័ន្ធដែលទំនួលខុសត្រូវ លើករណីនេះ។ ពួកគេ សង្កត់ធ្ងន់ថា រដ្ឋមន្រ្តី ឬមន្ត្រីពាក់ព័ន្ធ គួរតែចុះចេញពីតំណែង ដើម្បីបង្ហាញពីភាពទទួលខុសត្រូវរបស់ខ្លួន។

 
លោក ឡេង ណាវ៉ាត្រា បានអំពាវនាវឲ្យពលរដ្ឋដែលស្រលាញ់ព្រៃឈើចូលរួមដាំកូនឈើឡើងវិញជាមួយលោក  នៅតំបន់ភ្នំតាម៉ៅ ដែលឈូសឆាយអស់មួយផ្នែកនាពេលថ្មីៗនេះ ខណៈសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចលុបគម្រោងអភិវឌ្ឍន៍ ដែលបានប្រគល់ឲ្យក្រុមហ៊ុនឯកជន។ យ៉ាងណាក្ដី រឿងរ៉ាវភ្នំតាម៉ៅ ដែលមហាជនរិះគន់យ៉ាងផុសផុលនេះ មិនបញ្ចប់ឡើយ ដោយពួកគេ ចង់ឃើញភាពទទួលខុសត្រូវពីអ្នកពាក់ព័ន្ធករណីនេះ ដើម្បីជាគំរូភាព និងជៀសវាងកើតមានរឿងច្រំដដែល។ 
 
ប្រធាន​ផ្នែក​កម្មវិធី​ស្រាវ​ជ្រាវ​ និង​តស៊ូ​មតិ​នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា ​(CYN) លោក ហេង គីមហុង​ បង្ហាញទឹកចិត្តរីករាយដូចសាធារណជនដទៃទៀតដែរ នៅពេលឃើញរដ្ឋាភិបាលបញ្ឈប់គម្រោងអភិវឌ្ឍន៍តំបន់ភ្នំតាម៉ៅ។ ការរួមគ្នាទាមទារ ឬប្រតិកម្ម ស្នើឲ្យរក្សាទុកភ្នំតាម៉ៅនេះ គឺទទួលបានជោគជ័យសម្រាប់ប្រយោជន៍រួមទៅថ្ងៃមុខ។ 
 
មន្រី្តសង្គមស៊ីវិលរូបនេះ ថា រដ្ឋាភិបាលគួរពិចារណាឡើងវិញ ពីផលប៉ះពាល់នៃការអភិវឌ្ឍតំបន់ផ្សេងៗ ដោយឆ្លងយោបល់ជាមួយមហាជន ហើយកុំពឹងផ្អែកលើរបាយការណ៍ពីមន្រី្តតែមួយជ្រុង។ បើតាមលោក គីមហុង ការធ្វើបែបនេះ ដើម្បីធានាថាការអភិវឌ្ឍតំបន់នោះ ពិតជាឆ្លើយតបនឹងតម្រូវការជាក់ស្ដែង។ 


 លោក ហេង គីមហុង ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃCYN។ រូបពីហ្វេសប៊ុកលោក គីមហុង

លោក ហេង គីមហុង ប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធតេឡេក្រាមយ៉ាងដូច្នេះ៖ «តំបន់អភិវឌ្ឍន៍ បើវាយតម្លៃផលប៉ះពាល់បរិស្ថានរួចហើយ អភិវឌ្ឍទៅនៅតែមានផលប៉ះពាល់ សង្គមនិងបរិស្ថាន រដ្ឋាភិបាលគួរពិនិត្យនីតិវិធីនិងតម្លាភាពក្នុងធ្វើការវាយតម្លៃឡើងវិញ ។ ពិសេសក្រុមដែលធ្វើការវាយតម្លៃ មន្រី្តពាក់ព័ន្ធ ដើម្បីធានាឲ្យបានតម្លាភាព និងគណនេយ្យភាពសង្គម សម្រាប់ផលប្រយោជន៍ពិតប្រាកដពីការអភិវឌ្ឍ»។ 
 
លោកបន្តទៀតថា ការមិនបានគិតដិតដល់ភាពត្រឹមត្រូវ និងតម្លាភាព នៃនីតិវិធីវាយតម្លៃផលប៉ះពាល់សង្គម និងបរិស្ថាន នឹងធ្វើឲ្យតំបន់អភវិឌ្ឍន៍ រួមទាំងពលរដ្ឋរងគ្រោះយ៉ាងធ្ងន់ធ្ងរ។ ហើយចុងក្រោយ រដ្ឋាភិបាលនឹងរងគ្រោះ ជាពិសេសសំឡេងគាំទ្រលើបក្សកាន់អំណាច។ 
 
ជុំវិញការឈូសឆាយតំបន់ភ្នំតាម៉ៅនេះ លោក សាម អ៊ីន អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ហាក់ដាក់បន្ទុកលើមន្រ្តីក្រសួងដែលទទួលបន្ទុក ជាងក្រុមហ៊ុនវិនិយោគ ខណៈសាធារណជន ខឹងស្អប់ និងដាក់កំហុសលើក្រុមហ៊ុន ដែលទទួលបានសិទ្ធិក្នុងការអភិវឌ្ឍ។ 
 

លោក សាម អ៊ីន អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។ រូបពីហ្វេសប៊ុក លោក សាម អ៊ីន

លោក សាម អ៊ីន ព្យាយាមពន្យល់ថា ជាក្រមសីលធម៌ ភាគីក្រុមហ៊ុនដែលទទួលបានសិទ្ធិក្នុងការអភិវឌ្ឍ មិនខុសអ្វីទេ ប៉ុន្តែមន្ត្រីក្រសួងដែលជាអ្នកគ្រប់គ្រងតំបន់នោះ បែរជាសម្ងំឈឹង ដោយមិនអើពើនឹងកំហុសរបស់ខ្លួន ដែលផ្ដល់សិទ្ធិឲ្យក្រុមហ៊ុននេះ។ បើតាមអ្នកនយោបាយរូបនេះ មន្ត្រីទាំងនោះ គួរតែហ៊ានលាលែងចេញតំណែង ដើម្បីបង្ហាញពីការទទួលខុសត្រូវរបស់ខ្លួន។
 
«ការទទួលខុសត្រូវ រួមទាំងផ្នែកបច្ចេកផ្សេងៗ ជារបស់រដ្ឋបាលព្រៃឈើ និងក្រសួងកសិកម្ម។ អ៊ីចឹង យល់ល្អ ប្រធានរដ្ឋបាលព្រៃឈើ និងរដ្ឋមន្រី្តក្រសួងកសិកម្ម គួរចុះចេញពីតំណែង ចំពោះករណីតំបន់ភ្នំតាម៉ៅ ដើម្បីបង្ហាញការទទួលខុសត្រូវខ្ពស់ចំពោះពលរដ្ឋ និងបង្កបញ្ហាដដែលៗទៅថ្ងៃមុខ»។ នេះជាការលើកឡើងរបស់ លោក សាម អ៊ីន ហើយបន្ថែមថា ការបកស្រាយរបស់រដ្ឋបាលព្រៃឈើជាពេលកន្លងមក ថាតំបន់ភ្នំតាម៉ៅជាដីគ្មានជីវជាតិ និងពុំមានផលប៉ះពាល់ គឺគ្រាន់តែជាលេសប៉ុណ្ណោះ។ 
 
សារព័ត៌មានថ្មីៗ បានទាក់ទងលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ដើម្បីសុំការអត្ថាធិប្បាយតបការរិះគន់ផងដែរ ប៉ុន្តែលោកមិនទទួលទូរសព្ទ និងមិនឆ្លើយតបសំនួរតាមបណ្ដាញតេឡេក្រាមឡើយ នៅថ្ងៃទី៩ សីហានេះ។
 
ដោយសារឃើញមតិរិគន់ច្រើន សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបញ្ជា៣ចំណុច ដោយទីមួយគឺការ​លប់ចោលទាំងអស់នូវរាល់ការអនុញ្ញាតិឲ្យ​ធ្វើការដោះដូរនិងអភិវឌ្ឍន៍។ ចំណុចទី២ សម្តេចឲ្យ​ក្សាទុកដីនិងព្រៃនៅជុំវិញសួនសត្វភ្នំតាម៉ៅ ជាដីដែលត្រូវការពារនិងអភិរក្សដោយក្រសួងកសិកម្ម។ ចំណុច​ចុងក្រោយ ប្រមុខរដ្ឋាភិបាល បាន​បញ្ជាឲ្យ​ក្រុមហ៊ុនដែលបានឈូសឆាយត្រូវបញ្ឈប់សកម្មភាព និងត្រូវដាំដើមឈើឡើងវិញលើដីដែលបានឈូសឆាយ។ រយៈពេលខ្លីនៃការឈូសឆាយដីជុំវិញតំបន់ភ្នំតាម៉ៅនេះ ត្រូវបានគេរាយការណ៍មកថា អស់ប្រមាណ៦០០ហិកតា។
 

លោក ស៊ឹង សែនករុណា អ្នកឃ្លាំងមើលសិទ្ធិមនុស្សនិង​អ្នក​នាំ​ពាក្យ​របស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក។ រូបពីហ្វេសប៊ុករបស់លោក ស៊ឹង សែនករុណា 

ក្រៅពីក្រុមហ៊ុនដាំដើមឈើឡើងវិញហើយ ក៏ត្រូវថែទាំឲ្យដូចដើមវិញផងដែរ។ នេះជាការលើកឡើងរបស់លោក សឹង សែនករុណា អ្នក​នាំ​ពាក្យ​សមាគម​អាដហុក ដែលបានបន្ថែមថា៖«រដ្ឋគួរតែដាក់កំហិតបន្ថែមដល់ក្រុមហ៊ុនឈូសឆាយព្រៃ(តំបន់ភ្នំតាម៉ៅ) ឲ្យថែទាំបន្ថែម ដូចទ្រង់ទ្រាយដើមវិញ ដោយរួមគ្នាធ្វើជាមួយរដ្ឋបាលព្រៃឈើតំបន់នោះ ព្រោះជាដែនរបស់ពួកគេ»។  
 
ទាំងលោក ករុណា និងលោក សាម អ៊ីន សុទ្ធតែទាមទារឲ្យរដ្ឋាភិបាល បង្ហាញផែនការមេ ពីតំបន់អភិវឌ្ឍន៍ ដើម្បីឲ្យពលរដ្ឋបានដឹង និងបញ្ចេញយោបល់ ស្របតាមសិទ្ធទទួលបានព័ត៌មាន ។ បើតាមអ្នកនយោបាយ និងសង្គមស៊ីវិលទាំងពីរនេះ ការបង្ហាញផែនការមេនេះ វាបង្ហាញពីទំនួលខុសត្រូវរបស់រដ្ឋ ជាពិសេសចៀសវាងកើតមានបញ្ហាច្រំដដែល នៅតំបន់អភវិឌ្ឍន៍នានា៕
 
 
 

Tag:
 ភ្នំតាម៉ៅ
© រក្សាសិទ្ធិដោយ thmeythmey.com