ជាតិ
លោកស្រី ជូ ប៊ុនអេង៖ យើងឈឺចាប់ខ្លាំងណាស់ ពេលប្រឹងអស់ពីសមត្ថភាពហើយ នៅតែមានបទល្មើស
12, Aug 2022 , 6:03 pm        
រូបភាព
លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្ដៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ។  រួបដោយ វតី
លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្ដៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ។ រួបដោយ វតី
ភ្នំពេញ៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្ដៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ អះអាងថា កម្ពុជា ពុំដែលព្រងើយកន្តើយលើបទល្មើសជួញដូរមនុស្សឡើយ ។ បើតាមលោកស្រី ប៊ុនអេង កម្ពុជាប្រឹងប្រែងទប់ស្កាត់យ៉ាងសកម្មហើយ ប៉ុន្តែនៅតែមានក្រុមឧក្រិដ្ឋជន ជួញដូរ​មនុស្ស។

 
ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី ស្ថានភាពនៃការជួញដូរមនុស្សនៅកម្ពុជា លោកស្រី ជូ ប៊ុនអេង បានលើកឡើងថា មន្ត្រីពីថ្នាក់ក្រោមជាតិ ដល់ថ្នាក់ជាតិ រួមទាំងសហការជាមួយសង្គមស៊ីវិលផងដែរ បានធ្វើការយ៉ាងសកម្មលើការទប់ស្កាត់ការជួយដូរមនុស្សនេះ ប៉ុន្តែនៅតែមានករណីនេះកើតឡើង។ 
 
បើតាមលោកស្រី ប៊ុនអេង អាជ្ញាធរ ក៏ដូចជាស្ថាប័នតុលាការបានចូលរួមយ៉ាងសកម្ម ដើម្បីជួយដោះស្រាយរាល់ករណីពាក់ព័ន្ធ រួមមាន ផ្សព្វផ្សាយចំណេះដឹង ការអនុវត្តច្បាប់ ការការពារ និងការសហការជាដើម។ លោកស្រី ជូ ប៊ុនអេង បាននិយាយយ៉ាងដូច្នេះ៖ «នរណាចង់បង្កើតបទល្មើសឲ្យមានក្នុងប្រទេសខ្លួនឯង»។ 
 
ក្នុងឆ្នាំ២០២១ អាជ្ញាធរកម្ពុជា បានបង្ក្រាបបទល្មើសជួញដូរមនុស្សបាន ៣៥៩ករណី ដែលច្រើនជាងឆ្នាំមុនៗ បើធៀបនឹងឆ្នាំ២០១៩ គឺកើនឡើងទ្វេរដង។ ជាមួយគ្នានេះ សមត្ថកិច្ចបានជួយសង្គ្រោះជនរងគ្រោះ១៥៧៧នាក់ ហើយបានបញ្ជូនខ្លួនជនសង្ស័យទៅតុលាការ ៥៣៨ករណី។ ឧក្រិដ្ឋជន និងជនសង្ស័យទាំងនោះ បានឆ្លៀតឱកាសដែលអាជ្ញាធរកម្ពុជា កំពុងទប់ស្កាត់ការរាតត្បាតដោយសារជំងឺកូវីដ-១៩ ទៅប្រព្រឹត្តបទល្មើសជួញដូរមនុស្សនេះ។ 
 
លោកស្រី ជូ ប៊ុនអេង បន្តអះអាងថា ក្រុមការងារជំនាញគ្រប់ជាន់ថ្នាក់ មិនដែលនៅស្ងៀមទេ នៅពេលទទួលបានព័ត៌មានជុំវិញករណីជួញដូរមនុស្ស។ រដ្ឋលេខាធិការក្រសួងមហាផ្ទៃរូបនេះ សង្កត់ធ្ងន់យ៉ាងដូច្នេះថា៖ «ចំពោះខ្ញុំដែលជាអ្នកធ្វើការប្រយុទ្ធប្រឆាំងអំពើការជួញដូរមនុស្ស យើងឈឺចាប់ខ្លាំងណាស់ ព្រោះយើងគិតថា យើងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីការពារប្រជាពលរដ្ឋ មិនឲ្យរងគ្រោះពីការជួញដូរមនុស្ស តែទីបំផុត គឹនៅតែយកទឹកដីកម្ពុជាមកធ្វើបទល្មើស ឲ្យយើងប្រឈមជាមួយនឹងបទល្មើសទាំងនេះទាល់តែបាន»។
 
កាលពីថ្ងៃទី២៦ កក្កដា សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានប្រកាសពីការបើកប្រតិបត្តិការត្រួតពិនិត្យការរស់នៅរបស់ជនបរទេស ដោយលើកលែងតែគេហដ្ឋានមន្ត្រីទូតទេ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសជួញដូរមនុស្សនេះ។ សម្តេច អះអាងថា ក្រសួងមហាផ្ទៃ នឹងរៀបចំផែនការឲ្យបានហ្មត់ចត់ ក្នុងការបំពេញបេសកកម្មនេះ។ ការប្រកាសរបស់សម្ដេចបែបនេះ ធ្វើឡើងក្រោយពីអាម៉េរិក បានចេញរបាយការណ៍មួយ ដោយដាក់ប្រទេសកម្ពុជា ចូលក្នុងបញ្ជីខ្មៅ ដោយសារមានករណីជួញដូរមនុស្សច្រើន នៅកម្ពុជានេះ។ តែយ៉ាងណារបាយការណ៍អាម៉េរិកនេះ ក៏ត្រូវបានរដ្ឋាភិបាលកម្ពុជា ច្រានចោលដែរ។
 
អត្ថបទទាក់ទង
 
 
បើតាម លោក កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ឆមាសទី១ ក្នុងឆ្នាំ២០២២ សំណុំរឿងដែលពាក់ព័ន្ធនឹងការជួញដូរមនុស្ស ក្នុងនៅអយ្យការទទួលបាន១៩៥រឿង ក្នុងនោះមាន១៥៣សំណុំរឿងបានដោះស្រាយ ហើយ៤២សំណុំរឿងទៀតកំពុងបន្តដំណើរការដោះស្រាយ។ ចំណែក សំណុំរឿងក្នុងដំណាក់ការស៊ើបសួរមាន១៧៨សំណុំរឿង។ ជាមួយគ្នាដែរ ២៨០សំណុំរឿងត្រូវបានជំនុំជំរះហើយ៕ 
 
ដូច្នេះ គ្រប់ភាគីពាក់ព័ន្ធជាតិនិងអន្តរជាតិដែលផ្ដល់ព័ត៌មានមកជុំវិញករណីជួញដូរមនុស្ស ឬស្នើសុំសហការ កម្ពុជារីករាយនឹងធ្វើការជាមួយ។ ប៉ុន្តែ កម្ពុជាក៏អន់ចិត្តដែរ ខណៈស្វះស្វែង ទប់ស្កាត់ហើយ នៅតែមានបទល្មើសជួញដូរមនុស្សកើតមាន។ 
 
 
 

Tag:
 ជួញដូរមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com