កីឡាអន្តរជាតិ
អន្តរជាតិ
ឥណ្ឌា ស្នើFIFA អនុគ្រោះដល់ក្លិបបាល់ទាត់ខ្លួន សម្រាប់ការប្រកួតក្នុងតំបន់
25, Aug 2022 , 10:29 pm        
រូបភាព
ទីស្នាក់ការ AIFF រូបពី AIFF
ទីស្នាក់ការ AIFF រូបពី AIFF
FIFA បានផ្អាករាល់សកម្មភាពកីឡាបាល់ទាត់របស់សហព័ន្ធបាល់ទាត់ឥណ្ឌា (AIFF) កាលពីថ្ងៃទី១៥ ខែសីហា ស្របពេលដែលក្រុមបាល់ទាត់បុរស ATK Mohun Bagan និងក្រុមបាល់ទាត់នារី Gokulam Kerala របស់ឥណ្ឌា ត្រូវប្រកួតអន្ដរជាតិ ក្នុងតំបន់។ ក្រសួងកីឡា នៃប្រទេសឥណ្ឌា បានដាក់លិខិតស្នើសុំដល់ FIFA និង AFC ស្នើសុំឲ្យក្លិបខ្លួន មានសិទ្ធចូលរួមប្រកួតអន្ដរជាតិផង។

 
ក្រុមបាល់ទាត់នារី Gokulam Kerala បានបោះជុំរំ នៅប្រទេសអ៊ូបេគីស្ថាន ដើម្បីប្រកួតមិត្តភាព ក៏ដូចជាការត្រៀមខ្លួនប្រកួត AFC Women’s Club Championship ផងដែរ។ ជាមួយគ្នានេះ ATK Mohun Bagan ត្រូវប្រកួតជាមួយ Kuala Lumpur City FC នៅថ្ងៃទី៧ ខែកញ្ញា នៃការប្រកួត AFC Cup 2022 (វគ្គ Inter-Zone Play-off Semi Finals)។ 
 
ប៉ុន្តែការប្រកួតរបស់ក្លិបពីឥណ្ឌាទាំងពីរនេះ មិនទាន់មានភាពច្បាស់ការឡើយ ដោយសារ សហព័ន្ធបាល់ទាត់ឥណ្ឌា (AIFF) ទទួលបានការហាមឃាត់សកម្មភាពពី FIFA។ មូលហេតុដែល FIFA ដាក់ពិន័យលើសហព័ន្ធបាល់ទាត់ឥណ្ឌានេះ ដោយសារតែតុលាការជាន់ខ្ពស់ឥណ្ឌា កាលពីខែឧសភា បានសម្រេចរំសាយការគ្រប់គ្រង AIFF ដែលមានលោក Praful Patel ជាប្រធាន ហើយតែងតាំងគណកម្មាធិការ ៣រូបថ្មី ​ដើម្បីដឹកនាំប្រតិបត្តិការកែប្រែធម្មនុញ្ញរបស់សហព័ន្ធ ឲ្យស្របតាមការកំណត់របស់រដ្ឋាភិបាលប្រទេសនេះ។
 
ដោយសារបញ្ហានេះ ទើបក្រសួងកីឡារបស់ឥណ្ឌា ស្នើសុំការអនុគ្រោះពី FIFA និង AFC។ ចំពោះការស្នើនេះ ភាគី FIFA និង AFC មិនទាន់ឆ្លើយតបនៅឡើយទេ។ ដោយឡែក តុលាការកំពូលឥណ្ឌា បានប្រកាសសម្រេចលុបចោលការគ្រប់គ្រងរបស់គណៈកម្មាធិការថ្មីនោះវិញ (Committee of Administrator ឬ CoA) ។ តុលាការ នឹងប្រគល់សិទ្ធិគ្រប់គ្រងស្ថាប័នមួយនេះ ឱ្យស្ថិតក្រោមការកាន់កាប់ពីសំណាក់មន្រ្តីសហព័ន្ធ AIFF វិញដែរ។ 
 
យោងតាមការផ្សាយលើគេហទំព័ររបស់ AIFF លោក Sunando Dhar អគ្គលេខាធិការស្ដីទី AIFF ក៏បានស្នើទៅលោកស្រី Fatma Samoura អគ្គលេខាធិការ FIFA ដើម្បីដកការពិន័យនេះវិញ កាលពីថ្ងៃទី២៣ ខែសីហា។ FIFA នឹងដកការពិន័យទាំងអស់នេះ ក្រោយពីរៀបចំក្បាលម៉ាស៊ីនដឹកនាំ AIFF ត្រឹមត្រូវ និងមិនមានការលូកដៃពីភាគីទី៣​ ក្នុងកិច្ចការផ្ទៃក្នុងរបស់ AIFF បន្ដទៀត។
 
គួរបញ្ចាក់ផងដែរថា ក្រោមវិធានការរបស់ FIFAនេះ AIFF មិនអាចចូលរួមប្រកួត AFC Asian Cup 2023 បានទេ ហើយត្រូវជំនួសវិញដោយហ្វីលីពីន។ ការប្រកួតមិត្តភាពជាមួយវៀតណាម ក៏លុបចោល ។ ចំណែកជើងឯកលីគឥណ្ឌា ក៏មិនអាចមានចូលរួមប្រកួត ជាមួយក្រុមផ្សេងទៀត ក្នុងព្រឹត្តិការណ៍ AFC Championship ​ដែរ។ ការធ្វើជាម្ចាស់ផ្ទះ FIFA U-17 Women's World Cup អាចនឹងត្រូវប្ដូរម្ចាស់ផ្ទះថ្មី៕
 
 
 
 

Tag:
 បាល់ទាត់
  FIFA
  AFC
© រក្សាសិទ្ធិដោយ thmeythmey.com