កីឡាជាតិ
ជាតិ
គ្រូបង្វឹកក្លិបណាហ្គាវើលដ៍ ៖ យើងមានផ្ទះផ្ទាល់ខ្លួន យើងកក់ក្តៅ
06, Sep 2022 , 4:59 pm        
រូបភាព
លោក ឃឹម បូរី គ្រូបង្វឹកណាហ្គាវើលដ៍ ផ្ដល់បទសម្ភាសជាមួយសារព័ត៌មានថ្មីៗ ក្រោយកម្មវិធីសម្ពោធប្រើប្រាស់ផ្លូវការនូវកីឡដ្ឋានខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
លោក ឃឹម បូរី គ្រូបង្វឹកណាហ្គាវើលដ៍ ផ្ដល់បទសម្ភាសជាមួយសារព័ត៌មានថ្មីៗ ក្រោយកម្មវិធីសម្ពោធប្រើប្រាស់ផ្លូវការនូវកីឡដ្ឋានខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
កីឡាករនឹងមានស្មារតីប្រកួតកាន់តែខ្លាំង ព្រោះមានអ្នកគាំទ្រច្រើន នៅក្នុងកីឡដ្ឋានផ្ទាល់ខ្លួន ក្នុងខេត្តកំពង់ស្ពឺ។ នេះជាការបញ្ជាក់របស់លោក ឃឹម បូរី គ្រូបង្វឹកក្លិបណាហ្គាវើលដ៍ ក្រោយកម្មវិធីសម្ពោធប្រើប្រាស់ផ្លូវការនូវកីឡដ្ឋានខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ។



លោក ឃឹម បូរី ចូលរួមជាមួយណាហ្គាវើលដ៍ ចាប់ពីឆ្នាំ២០១៥ ប៉ុន្ដែក្នុងនាមជាកីឡាករ ហើយក្លាយជាគ្រូបង្វឹកចុងឆ្នាំ២០២១។ គ្រូបង្វឹករូបនេះ បានប្រាប់សារព័ត៌មានថ្មីៗថា ការប្រកួតលើកនេះ នឹងមានលក្ខណៈប្រសើរជាងមុន នៅក្នុងកីឡដ្ឋានផ្ទាល់ខ្លួននេះ ដែលផ្ទុយពីពេលកន្លងមក ត្រូវខ្ចីកីឡដ្ឋានស្តាតចាស់ សម្រាប់ដំណើរការប្រកួត ដែលធ្វើឱ្យអ្នកគាំទ្រមួយចំនួនធំ មិនបានទៅផ្ដល់កម្លាំងចិត្ត។ 
 
«ជាលើកដំបូងហើយ ចាប់ពីបង្កើតក្លិបណាហ្គាវើលដ៍ ដែលយើងមានទឹកដីផ្ទាល់ខ្លួន បន្ទាប់ពីបង្កើតបាន ២១ឆ្នាំ ហើយក៏ជាបរិយាកាសថ្មីមួយ សម្រាប់ក្រុមទាំងមូល នៅពេល យើងមានកីឡដ្ឋានផ្ទាល់ខ្លួន យើង នឹងមានអ្នកគាំទ្រផ្ទាល់។ យើងពិតជាសប្បាយចិត្តមែនទេន។»។ លោក ឃឹម បូរី បាននិយាយដូច្នេះ។
 
បើតាមគ្រូបង្វឹករូបនេះ មានកីឡដ្ឋានផ្ទាល់ខ្លួន ប្រៀបដូចជាផ្ទះមួយដែរ។ «យើង មានផ្ទះ(កីឡដ្ឋានខេត្តកំពង់ស្ពឺ) ផ្ទាល់ខ្លួន យើងកក់ក្ដៅ។ អ្នកគាំទ្រ របស់យើងនៅខេត្ត គឺមានច្រើន ដូចស្វាយរៀង និងអង្គរថាយហ្គឺរ ដែរ។»។ លោក ឃឹម បូរី បន្ថែម។
 
ជាមួយគ្នានេះ គួច សុគុម្ភៈ ប្រធានក្រុមណាហ្គាវើលដ៍ បានបង្ហាញពីអារម្មណ៍រំភើបដូចគ្នាដែរ ចំពោះកីឡដ្ឋានមួយនេះ។ «ខ្ញុំ សប្បាយចិត្ត ព្រោះយើងមានទីលាន ជាពិសេស យើងមានអ្នកគាំទ្រ។ អ្នកគាំទ្រនេះ ហើយជំរុញទឹកចិត្តយើងឱ្យកាន់តែខ្លាំងជាងមុន។»។ សុគម្ភៈ បន្ត។ 
 
គួរបញ្ជាក់ផងដែរថា កីឡដ្ឋានខេត្តកំពង់ស្ពឺ ចាប់ផ្ដើមកសាងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១។ ការសាងសង់ មានការយឺតយ៉ាវ ដោយសារបញ្ហាកូវីដ-១៩ ហើយត្រូវបានបញ្ចប់នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ និងសម្ភោធ នៅថ្ងៃទី៦ ខែកញ្ញា។ កីឡដ្ឋាននេះ ធ្វើឡើងដោយចំណាយថវិកា ៣.៥លាន ដុល្លា៕
 

Tag:
 បាល់ទាត់
  ឃឹម បុរី
  កីឡដ្ឋានខេត្តកំពង់ស្ពឺ
© រក្សាសិទ្ធិដោយ thmeythmey.com