ជាតិ
សេដ្ឋកិច្ច
សៀវភៅកសិផលកម្ពុជាសម្រាប់នាំទៅទីផ្សារអឺរ៉ុប និងអាសិប ត្រូវបានសម្ពោធឱ្យប្រើប្រាស់
10, Jan 2023 , 7:59 pm        
រូបភាព
សៀវភៅស្រាវជ្រាវអំពីព័ត៌មានទីផ្សារកសិផលកម្ពុជាសម្រាប់នាំទៅទីផ្សារសហភាពអឺរ៉ុប និងអាសិប(RCEP) ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ សៀវភៅនេះបានបង្ហាញនូវកសិផលខ្មែរប្រមាណ១០មុខដែលមានសក្កានុពលខ្ពស់ក្នុងការនាំចេញទៅកាន់ទីផ្សារនៃតំបន់ទាំងនោះ។

 
ផ្លែស្វាយស្រស់ ស្វាយចន្ទី មៀនប៉ៃលិន ស្ករត្នោត ចេក ម្ទេស ដំឡូងជ្វា ផ្លែប៊័រ និងល្ង រួមទាំងផ្លែឈើកែច្នៃផ្សេងៗរបស់កម្ពុជា  គឺជាដំណាំដែលអាចនាំទៅកាន់ទីផ្សារក្នុងប្រទេសនៃសហភាពអឺរ៉ុប និងទីផ្សារអាសិបបាន។ មុខដំណាំសម្រាប់នាំចេញទាំងនេះ ត្រូវបានសិក្សាស្រាវជ្រាវដោយអ្នកជំនាញពីកម្មវិធីរបស់អូស្ត្រាលី លើខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី (CAVAC)សម្រាប់ការអភិវឌ្ឍសេដ្ឋកកិច្ចប្រកបដោយភាពធន់ (CAP RED)។
 
អត្ថបទទាក់ទង
 
ជាមួយគ្នានេះ​CAVAC ក៏បានស្រាវជ្រាវអំពី កម្ពុជា និងការបើកទីផ្សារពិភពលោកតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ព្រមទាំងបានប្រកាសពីគម្រោងអភិវឌ្ឍថ្នាលឌីជីថលតែមួយ (Single Digital Platform)ផងដែរ។ ក្នុងនោះមាន គេហទំព័រកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA Portal), ប្រព័ន្ធគ្រប់គ្រងស្វ័យ បញ្ជាក់ដើមកំណើតទំនិញ (Self-Certification) និងប្រព័ន្ធផ្ទៀងផ្ទាត់ ដើមកំណើតទំនិញជាអន្តរជាតិ (Rule of Origin International Verification System) ដើម្បីជាជំនួយដល់ធុរជន ក្នុងការទាញយកអត្ថប្រយោជន៍ជាអតិបរមា ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងអស់ដែលកម្ពុជាមាន។ 
 
ឯកសារស្រាវជ្រាវខាងលើនេះ ត្រូវបានសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការក្រោមវត្តមានលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា នៅទីស្តីការក្រសួង នារសៀលថ្ងៃទី៩ ខែមករា។​
 
បើតាម លោក ប៉ាន សូរស័ក្តិ សៀវភៅកសិផលកម្ពុជាសម្រាប់នាំចេញទៅទីផ្សារសហភាពអឺរ៉ុប និងអាសិប បានផ្តល់នូវការយល់ដឹងយ៉ាងសំខាន់អំពីតម្រូវការទីផ្សារ, តម្រូវការអ្នកប្រើប្រាស់, វិធានការអនាម័យនិងភូតគាមអនាម័យ និងរបាំងពាណិជ្ជកម្ម មិនមែនពន្ធគយផ្សេងទៀត, ការប្រើប្រាស់ ផលិតផល, ដៃគូប្រកួតប្រជែងសំខាន់ៗ និងឱកាសសក្តានុពលនានា ជាដើម។  លោកបានបន្តនិយាយថា លើសពីនេះ មុខដំណាំដែលត្រូវបានបញ្ចូលក្នុងសៀវភៅស្រាវជ្រាវនេះរួមមាន៖ ស្វាយស្រស់ ស្វាយចន្ទី ម្ទេស ដំឡូងជ្វា មៀនប៉ៃលិន ស្ករត្នោត ចេក ប៊័រ ល្ង និងផ្លែឈើកែច្នៃ គឺជាព័ត៌មានដែលមានសក្ដានុពលក្នុងការបង្កើតផលប្រយោជន៍រយៈពេលវែងសម្រាប់កសិកម្មកម្ពុជា។
 

 លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ ក្រសួងព័ត៌មាន
 
លោករដ្ឋមន្ត្រីពាណិជ្ជកម្មជឿជាក់ថា៖​«សៀវភៅព័ត៌មាននេះនឹងជួយដល់សហគ្រាសកសិ-ម្ហូបអាហារ ផលិតករ អ្នកនាំចេញ សមាគមធុរកិច្ច និងអ្នកពាក់ព័ន្ធដទៃទៀត ដើម្បីចាប់យកនូវកាលានុវត្តភាពពីការធ្វើពិពិធកម្មទីផ្សារ និងទទួលបានអត្ថប្រយោជន៍នានាក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា»។ 
 
សម្រាប់លោក Pablo Kang  បានបង្ហាញក្តីសង្ឃឹមថា សៀវភៅមគ្គុទ្ទេសក៍ទាំងនេះ និងថ្នាលឌីជីថលតែមួយនេះ​ នឹងធ្វើឱ្យធុរជន ឬ ពាណិជ្ជករទាំងអស់ឱ្យកាន់តែមានភាពងាយស្រួលក្នុងការទទួលបានព័ត៌មាន ដែលមានប្រយោជន៍ដើម្បីបង្កើនការធ្វើពាណិជ្ជកម្មរបស់ខ្លួន​។
 
សូមជម្រាបថា បច្ចុប្បន្ន កម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីភាគីជាមួយប្រទេសចិន, ជាមួយកូរ៉េខាងត្បូង និងមានអាសិប(RCEP-Regional Comprehensive Economic Partnership) ដែលមានប្រទេសទាំង១០របស់អាស៊ាន រួមនឹងកូរ៉េខាងត្បូង ជប៉ុន ចិន អូស្តា្រលី និងនូវែលសេឡង់ ជាសមាជិក។ ទន្ទឹមនឹងកម្ពុជាក៏ចរចាបបើកទីផ្សារពាណិជ្ជកម្មពាណិជ្ជកម្មនៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ជាមួយ អេមីរ៉ាតអារ៉ាប់រួម និងប្រទេសផ្សេងៗទៀត ផងដែរ៕​


 លោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា។ រូបថត៖ ក្រសួងព័ត៌មាន 

 
 

Tag:
 ពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com