ជាតិ
សេដ្ឋកិច្ច
ធនាគារជាតិ និងអគ្គស្នងការ ព្រមានចាត់វិធានការលើក្រុមហ៊ុន និងបុគ្គល ដែលផ្តល់កម្ចីខុសច្បាប់
× ធនាគារជាតិនៃកម្ពុជា និង អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងចាត់វិធានការតឹងរ៉ឹងចំពោះក្រុមហ៊ុន ឬបុគ្គលណា ដែលផ្តល់ឥណទានខុសច្បាប់ និងការផ្សព្វផ្សាយគ្រប់រូបភាព ពាក់ព័ន្ធនឹងការផ្តល់សេវាហិរញ្ញវត្ថុដោយគ្មានច្បាប់អនុញ្ញាត។ ការព្រមានចាត់វិធានការនេះ ធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយផ្តល់កម្ចីខុសច្បាប់យ៉ាងអនាធិបតេយ្យ នៅលើប្រព័ន្ធអនឡាញ និងបណ្តាញទំនាក់ទំនងសង្គម។
បច្ចុប្បន្នមានសកម្មភាពផ្សព្វផ្សាយ និងផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ ជាពិសេសគឺសេវាឥណទាន តាមរយៈទូរសព្ទ បណ្តាញសង្គមនានា និងអនឡាញយ៉ាងបើកចំហរ ដោយគ្មានច្បាប់អនុញ្ញាតពីធនាគារជាតិឡើយ។ សកម្មភាពបែបនេះបានធ្វើឱ្យសាធារណជនភាន់ច្រឡំ និងបង្កផលវិបាកច្រើនមកលើសេដ្ឋកិច្ច និងសង្គមជាតិ តាមរយៈការយកអត្រាការប្រាក់ខ្ពស់ ការគំរាមកំហែង ការអនុវត្តកិច្ចសន្យាមិនសុចរិត ដោយបង្កប់នូវការកេងចំណេញហួសហេតុពីអ្នកខ្ចីប្រាក់ ដែលប៉ះពាល់ដល់ជីវភាពរស់នៅពលរដ្ឋ និងធ្វើឱ្យធ្លាក់ក្នុងបំណុលច្រើនលើសលប់។
ការណ៍នេះបានជះឥទ្ធិពលដល់ស្ថិរភាពហិរញ្ញវត្ថុ ជំនឿទុកចិត្តរបស់សាធារណជន បរិយាប័ន្នហិរញ្ញវត្ថុ និងការរីកចម្រើនដល់វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុទាំងមូល។ ដើម្បីបង្ការនូវបញ្ហានេះ ធនាគារជាតិនៃកម្ពុជា និង អគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសេចក្តីថ្លែងការណ៍រួមគ្នា ដែលទើបផ្សព្ធផ្សាយនៅថ្ងៃទី២ កុម្ភៈនេះ ដោយចាត់វិធានការយ៉ាងតឹងរ៉ឹងតាមផ្លូវច្បាប់ ដល់អ្នកផ្តល់ឥណទានខុសច្បាប់ និងការផ្សព្វផ្សាយនានាតាមគ្រប់រូបភាព ដែលពាក់ព័ន្ធនឹងការផ្តល់សេវាហិរញ្ញវត្ថុដោយគ្មានការអនុញ្ញាត។
ជាមួយគ្នានេះ អាជ្ញាធរក៏ប្រាប់ពលរដ្ឋទាំងអស់ ត្រូវចៀសវាងដាច់ខាតនូវការខ្ចីប្រាក់ក្រៅផ្លូវការគ្រប់រូបភាព ហើយងាកមកប្រើប្រាស់សេវាផ្តល់ហិញ្ញវត្ថុផ្លូវការវិញ។ សេវាហិរញ្ញវត្ថុផ្លូវការនោះ គឺការផ្តល់ដោយធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទ...ជាដើម។ គ្រឹះស្ថានទាំងនេះ គឺស្ថិតនៅក្រោមច្បាប់ និងបទប្បញ្ញត្តិ និងការត្រួតពិនិត្យរបស់ធនាគារជាតិ ហើយអតិថិជនគ្រឹះស្ថានទាំងនោះ ត្រូវបានការពារដោយច្បាប់។
ដើម្បីឱ្យអាជ្ញាធរពាក់ព័ន្ធ ចាត់វិធានការចំពោះក្រុមហ៊ុន ឬ បុគ្គល ដែលផ្តល់កម្ចីក្រៅផ្លូវការបានទាន់ពេលវេលា សូមពលរដ្ឋរាយករណ៍ទៅធនាគារជាតិ។ បន្ថែមពីនេះ ពលរដ្ឋពលក៏អាចប្រឹក្សា ឬសាកសួរចម្ងល់ ពីបញ្ហាពាក់ព័ន្ធនឹងការប្រើប្រាស់សេវាហិរញ្ញវត្ថុមកធនាគារជាតិនៃកម្ពុជា តាមរយៈទូរសព្ទ៕
លេខទំនាក់ទំនងរាយការណ៍ទៅធនាគារជាតិ តាមរយៈលេខទូរសព្ទ៖ ០៨៥ ៦០០ ០០២, ០៨៥ ៦០០ ០០៣, ០៩៨ ២២០ ០០១, ០៩៨ ២២០ ០០២ និង ០៩៧ ២៧៨ ៣០៣០។
© រក្សាសិទ្ធិដោយ thmeythmey.com