អន្តរជាតិ
កូរ៉េខាងជើង នឹងពង្រឹងសមត្ថភាពយោធា និងពង្រីកសមយុទ្ធបន្ថែម
07, Feb 2023 , 2:29 pm        
រូបភាព
លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង កិច្ចប្រជុំគណៈកម្មការយោធាមជ្ឈិមនៃបក្សពលករ។ រូបភាព KCNA
លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង កិច្ចប្រជុំគណៈកម្មការយោធាមជ្ឈិមនៃបក្សពលករ។ រូបភាព KCNA
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសន្យាពង្រីកការធ្វើសមយុទ្ធយោធា និងពង្រឹងភាពត្រៀមរួចរាល់សម្រាប់សង្រ្គាម។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន KCNA នៅថ្ងៃទី៧ ខែកុម្ភៈ។



ឧបទ្វីបកូរ៉េមួយរយៈចុងក្រោយនេះ មានភាពតានតឹងយ៉ាងខ្លាំង ខណៈកូរ៉េខាងត្បូង និងអាម៉េរិកតែងធ្វើសមយុទ្ធយោធាញឹកញាប់ ដើម្បីឆ្លើយតបសកម្មភាពរបស់កូរ៉េខាងជើង ដែលបានបាញ់មីស៊ីលជាច្រើនលើក ហើយថែមទាំងបញ្ជូនដ្រូនចូលដីកូរ៉េខាងត្បូងថែមទៀត។ 
 
ស្របពេលនេះ កូរ៉េខាងជើង នៅថ្ងៃទី៦ ខែកុម្ភៈ បានរៀបចំកិច្ចប្រជុំគណៈកម្មការយោធាមជ្ឈិមនៃបក្សពលករកូរ៉េខាងជើង ដែលដឹកនាំដោយមេដឹកនាំ លោក គីម ជុងអ៊ុន ដើម្បីជជែកពីកិច្ចការនយោបាយ និងយោធាសំខាន់ៗសម្រាប់ឆ្នាំនេះ និងពីបញ្ហាប្រឈមរយៈពេលវែង។ 
 
«ការសិក្សា និងពិភាក្សានៅពេលនេះគឺ...បញ្ហានៃការពង្រីក និងបង្កើនប្រតិបត្តិការ និងសមយុទ្ធប្រយុទ្ធនៃកម្លាំងទ័ពប្រជាជនកូរ៉េ ដើម្បីដោះស្រាយបញ្ហាប្រឈម ក៏ដូចជាបង្កើនការត្រៀមខ្លួនសម្រាប់សង្រ្គាម»។ មេដឹកនាំកូរ៉េខាងជើង បានសង្កត់ធ្ងន់បែបនេះទៅកាន់មន្រ្តីរបស់ខ្លួន។ 
 
កិច្ចប្រជុំគណៈកម្មការយោធាមជ្ឈិមនៃបក្សពលករនេះ ធ្វើឡើងមុនពីរថ្ងៃប៉ុណ្ណោះ ដែលកូរ៉េខាងជើងត្រូវបានរំពឹងថា នឹងមានព្យុហយាត្រាយោធាមួយ ដើម្បីប្រារព្ធខួបនៃការបង្កើតកម្លាំងប្រដាប់អាវុធកូរ៉េខាងជើង នៅថ្ងៃទី៨ ខែកុម្ភៈ។ 
 
បើតាមរូបភាពពីផ្ការណប កងទ័ពកូរ៉េខាងជើង កំពុងត្រៀមខ្លួនសម្រាប់ព្យុហយាត្រា។ ចំណែកកូរ៉េខាងត្បូងវិញ បានអះអាងថា ខ្លួនកំពុងឃ្លាំមើលពីសកម្មភាពយោធានោះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
សូមបញ្ជាក់ថា ដោយមានការគំរាមកំហែងពីសំណាក់ក្រុងព្យុងយ៉ាង ក្រុងវ៉ាស៊ីនតោន បានប្តេជ្ញាការពារក្រុងសេអ៊ូល ក្នុងសមត្ថភាពដែលខ្លួនមានទាំងអស់ រួមទាំងនុយក្លេអ៊ែរផង៕ 
 

Tag:
 កូរ៉េខាងជើង
  កូរ៉េខាងត្បូង
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com