ជាតិ
សេដ្ឋកិច្ច
ពលរដ្ឋដែលប្រើកម្ចីក្រៅផ្លូវការ ប្រឈមនឹងបំណុល«វ័ណ្ឌក»
08, Feb 2023 , 9:59 pm        
រូបភាព
ភ្នំពេញ៖ សព្វថ្ងៃ ការផ្សព្វផ្សាយសេវាផ្តល់កម្ចីខុសច្បាប់(កម្ចីក្រៅផ្លូវការ) គឺកើតមានយ៉ាងអនាធិបតេយ្យ នៅលើបណ្តាញទំនាក់ទំនងសង្គម រួមទាំងការបិទខិតប័ណ្ណកម្ចី នៅតាមទីសាធារណៈនានាផងដែរ។ ដើម្បីកុំឱ្យបញ្ហានេះជះផលអវិជ្ជមាន មកលើសេដ្ឋកិច្ច និងសង្គមជាតិ អ្នកជំនាញផ្នែកហិញ្ញវត្ថុ ហាមពលរដ្ឋប្រើនូវសេវាកម្ចីប្រាក់ក្រៅផ្លូវការគ្រប់រូបភាព ព្រោះ​តែវាមានអត្រាការប្រាក់ខ្ពស់ពីរង្វង់៣០ ទៅ១០០ភាគរយ​ ឬលើសពីនេះ ហើយថែមទាំងគ្មានយន្តការការពារអតិថិជន ដែលធ្វើឱ្យអ្នកខ្ចី ប្រឈមនឹងការជាប់បំណុល«វ័ណ្ឌក»។

 
ពលរដ្ឋដែលប្រើសេវាឥណទាន ពីក្រុមហ៊ុន ឬពីបុគ្គលដែលគ្មានច្បាប់អនុញ្ញាត ពីធនាគារជាតិនៃកម្ពុជា (សេវាកម្ចីប្រាក់ក្រៅផ្លូវការ) គឺអាចនឹងជួបប្រទះនូវអត្រាការប្រាក់ខ្ពស់ ការគំរាមកំហែង និងការកេងចំណេញហួសហេតុពីអ្នកខ្ចីប្រាក់ ដែលប៉ះពាល់ដល់ជីវភាពរស់នៅពលរដ្ឋ។ លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) បានបញ្ជាក់ថា គ្រប់រូបភាពទាំងនេះ គឺជាកត្តាគ្រោះថ្នាក់បំផុតដែលធ្វើឱ្យអ្នកខ្ចីធ្លាក់ក្នុងបំណុលច្រើនលើសលប់។
 
បើតាមលោក​ សុខ វឿន ក្នុងសន្និសីទសារព័ត៌មាន ស្តីពីស្ថានភាពវិស័យធនាគារ និងហិរញ្ញវត្ថុ និងវិធានការបុរេសកម្មឆ្លើយតបទៅនឹងការផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ នាថ្ងៃទី៧កុម្ភៈ បច្ចុប្បន្នឥណទានក្រៅផ្លូវការ កំពុងបង្កផលប៉ះពាល់យ៉ាងច្រើនដល់សេដ្ឋកិច្ច និងសង្គមជាតិ ព្រោះតែអត្រាការប្រាក់នៃឥណទានក្រៅផ្លូវការទាំងនោះ គឺមានរហូតពី៣៦ ដល់១៥០ភាគរយ ក្នុងមួយឆ្នាំ។​  លោកបន្តនិយាយថា អត្រាការប្រាក់ខ្ពស់ហួសហេតុ ងាយធ្វើឱ្យអ្នកខ្ចី ធ្លាក់ចូលក្នុងបំណុលវ័ណ្ឌក។


 លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ថ្លែងសន្នីសិទសារព័ត៌មានស្តីពីស្ថានភាពវិស័យធនាគារ និងហិរញ្ញវត្ថុ និងវិធានការបុរេសកម្មឆ្លើយតបទៅនឹងការផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ នៅABC នាថ្ងៃទី៧កុម្ភៈ។ រូបថត៖ សុខមាន

«ប្រសិនបើ [យើង] ខ្ចីលុយក្រៅផ្លូវការនៅថ្ងៃនេះ ចំនួន១ពាន់ដុល្លារ ហើយអត់បានសងគេ! ៣ឆ្នាំក្រោយមក បំណុលអាចឡើងដល់១ម៉ឺនដុល្លារ ព្រោះការនិងដើម គុណយកទៅរហូត ហើយនេះ គឺជារឿងគ្រោះថ្នាក់! »។  លោក សុខ វឿន បានពន្យល់បែបនេះទៅកាន់ពលរដ្ឋខ្មែរ ដោយបន្តនិយាយថា​​​ ៖ «តែបើយើងខ្ចីពីស្ថាប័នដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ [កម្ចីផ្លូវការ] ប្រសិនបើខ្ចី១ ០០០ដុល្លារ គឺអស់ច្រើនណាស់ បំណុលនោះឡើងដល់ ១ ៣០០ដុល្លារប៉ុណ្ណោះ​​ ក្នុងរយៈពេលបីឆ្នាំក្រោយ បើយើងមិនបានសងគេសោះ!»។  ដូច្នេះ វិសាលភាពរវាងកម្ចីផ្លូវការ និងក្រៅផ្លូវការ គឺមានភាពខុសគ្នាខ្លាំងមែនទែន ដែលប្រជាពលរដ្ឋត្រូវតែចៀសឱ្យឆ្ងាយពីកម្ចីក្រៅផ្លូវការគ្រប់ទម្រង់ទាំងអស់។
 
ជាមួយគ្នានេះ លោក រ័ត្ន សោភ័ណ្ឌ ដែលជាអនុប្រធានសមាគមធនាគារនៅកម្ពុជា(ABC) បានលើកឡើង​ថា ការផ្សព្វផ្សាយពាណិជ្ជកម្មនៃកម្ចីក្រៅផ្លូវនោះ តែងបង្ហាញនូវទំហំអត្រាការទាប ប៉ុន្តែបង្កប់រូបភាពបន្លំពលរដ្ឋ និងមិនមែនការកំណត់វេលាច្បាស់លាស់ឡើយ។ លោក សោភ័ណ្ឌ បានកត់សម្គាល់យ៉ាងដូច្នេះ៖ «ជាទូទៅការផ្តល់កម្ចីក្រៅផ្លូវការ គេតែងនិយាយពីការប្រាក់ត្រឹម ២ភាគរយ ឬ ៣ភាគរយប៉ុណ្ណោះ ក្នុងមួយខែ។ ប៉ុន្តែយើងត្រូវគិតថា​បើការប្រាក់២ភាគរ យក្នុងមួយខែ​​​​! អ៊ីចឹងមានន័យថា ការប្រាក់មាន២៤ភាគរយ ក្នុងមួយឆ្នាំ តែបើការប្រាក់៣ភាគរយ ក្នុងមួយខែ នោះ​ការប្រាក់សរុបគឺមាន៣៦ភាគរយ ក្នុងមួយឆ្នាំ»។  ចំពោះអត្រាការប្រាក់នៃកម្ចីផ្លូវការទាំងនេះ គឺវាខ្ពស់ហួសហេតុជាងកម្ចីផ្លូវការ ដែលមានត្រឹមរង្វង់ ១០ភាគរយ ប៉ុណ្ណោះក្នុងមួយឆ្នាំ។ 


 លោក រ័ត្ន សោភ័ណ្ឌ អនុប្រធានសមាគមធនាគារនៅកម្ពុជា ថ្លែងសន្នីសិទកាសែតស្តីពីស្ថានភាពវិស័យធនាគារ និងហិរញ្ញវត្ថុ និងវិធានការបុរេសកម្មឆ្លើយតបទៅនឹងការផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ នៅABC នាថ្ងៃទី៧កុម្ភៈ។ រូបថត៖ សុខមាន

ដើម្បីចៀសផុតពីអន្ទាក់ក្រុមហ៊ុន ឬបុគ្គល​ដែលផ្តល់កម្ចីក្រៅផ្លូវការ អ្នកជំនាញផ្នែកហិរញ្ញវត្ថុទាំងពីរស្ថាប័ននេះ ប្រាប់ពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសេវាផ្តល់កម្ចីតាមរយៈទូរសព្ទ, តាមអនឡាញ ជាពិសេសគឺតាមរយៈបណ្តាញទំនាក់ទំនងសង្គម ដូចជា៖ ហ្វេសប៊ុក(Facebook) តេលេក្រាម(Telegram) និង WhatApp​ ជាដើម​។ លោក សុខ វឿន បានអះអាងថា​ បច្ចុប្បន្ន ការផ្តល់សេវាកម្ចីតាមអនឡាញ សឹងតែទាំងអស់ គឺគ្មានអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជាទេ។ 
 
លោកប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បន្តនិយាយដូច្នេះ៖ «ចំពោះគ្រឹះស្ថានហិរញ្ញផ្លូវការវិញ​ គឺថាទាន់មានស្ថាប័នណាមួយ ដែលធ្វើតាមប្រព័ន្ធអនឡាញក្នុងការផ្តល់កម្ចីឱ្យអតិថិជន។ សម្រាប់ស្ថាប័ន ឬគ្រឹះស្ថានហិរញ្ញវត្ថុដែលស្របច្បាប់ គឺមិនCall(ហៅទូរសព្ទ) ទៅអតិថិជនទេ គឺថាយើងដាក់ព័ត៌មាននៅក្នុងវេបសាយ​ ទំព័រហ្វេសប៊ុក​ និង App mobile ប៉ុណ្ណោះ ហើយបើអតិថិជនចង់បានកម្ចីណាមួយ គឺហៅទូរសព្ទ ឬទាក់ទងតាមវេបសាយ ដើម្បីទទួលបានព័ត៌មានណាមួយដែលត្រូវការ»។ 
 
កាលពីថ្ងៃទី២កុម្ភៈ ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រកាសចាត់វិធានការតឹងរ៉ឹង ចំពោះក្រុមហ៊ុន ឬបុគ្គលណា ដែលផ្តល់ឥណទានខុសច្បាប់ និងការផ្សព្វផ្សាយគ្រប់រូបភាព ពាក់ព័ន្ធនឹងការផ្តល់សេវាហិរញ្ញវត្ថុដោយគ្មានច្បាប់អនុញ្ញាត​។ ទន្ទឹមគ្នានេះ ស្ថាប័នជាតិទាំងពីរ ក៏ប្រាប់ពលរដ្ឋទាំងអស់ ត្រូវចៀសវាងដាច់ខាត នូវការខ្ចីប្រាក់ក្រៅផ្លូវការគ្រប់រូបភាព ហើយងាកមកប្រើប្រាស់សេវាផ្តល់ហិញ្ញវត្ថុផ្លូវការវិញ។ 
 
សេវាហិរញ្ញវត្ថុផ្លូវការនោះ គឺការផ្តល់ដោយធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ និងគ្រឹះស្ថានឥណទានជនបទ​ជាដើម។​ គ្រឹះស្ថានទាំងនេះ គឺស្ថិតនៅក្រោមច្បាប់ និងបទប្បញ្ញត្តិ និងការត្រួតពិនិត្យរបស់ធនាគារជាតិ ហើយអតិថិជនគ្រឹះស្ថានទាំងនោះ ត្រូវបានការពារដោយច្បាប់។​
 
ដើម្បីឱ្យអាជ្ញាធរពាក់ព័ន្ធ ចាត់វិធានការចំពោះក្រុមហ៊ុន ឬបុគ្គលដែលផ្តល់កម្ចីក្រៅផ្លូវការបានទាន់ពេលវេលា សូមពលរដ្ឋរាយករណ៍ទៅធនាគារជាតិនៃកម្ពូជា។ បន្ថែមពីនេះ ពលរដ្ឋពលក៏អាចប្រឹក្សា ឬសាកសួរចម្ងល់ ពីបញ្ហាពាក់ព័ន្ធនឹងការប្រើប្រាស់សេវាហិរញ្ញវត្ថុមកធនាគារជាតិនៃកម្ពុជា តាមរយៈទូរសព្ទលេខ​ ០៨៥ ៦០០ ០០២, ០៨៥ ៦០០ ០០៣, ០៩៨ ២២០ ០០១, ០៩៨ ២២០ ០០២ និង ០៩៧ ២៧៨ ៣០៣០៕ 
 

Tag:
 ធនាគារ និងហិរញ្ញវត្ថុ
  បំណុលវណ្ឌក
© រក្សាសិទ្ធិដោយ thmeythmey.com