អន្តរជាតិ
អាម៉េរិកព្រមានថា ប្រសិនហ៊ានផ្តល់ជំនួយយោធាដល់រុស្ស៊ី ចិននឹងរងផលវិបាកពិតប្រាកដ
27, Feb 2023 , 10:59 am        
រូបភាព
លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក។ រូបភាព AFP
លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក។ រូបភាព AFP
ទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក Jake Sullivan នៅថ្ងៃទី២៦ ខែកុម្ភៈ បានអះអាងថា រដ្ឋាភិបាលក្រុងប៉េកាំង ត្រូវតែសម្រេចចិត្តឱ្យច្បាស់ទាក់ទិននឹងការផ្តល់ជំនួយយោធាទៅឱ្យរុស្ស៊ី។ លោក Jake Sullivan បានព្រមានថា បើសិនបើមានការផ្តល់ជំនួយយោធាទៅនោះ ចិននឹងរងផលវិបាកពិតប្រាកដ។



រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិន នៅពេលកន្លងទៅ បានអះអាងថា ចិន កំពុងពិចារណាផ្តល់ជំនួយយោធាទៅរុស្ស៊ី សម្រាប់ប្រើប្រាស់ក្នុងសង្រ្គាមនៅអ៊ុយក្រែន។ ជាថ្មីម្តងទៀត​ មន្រ្តីអាម៉េរិក បានព្រមានពីផលវិបាកសម្រាប់រដ្ឋាភិបាលក្រុងប៉េកាំង ប្រសិនបើហ៊ានផ្តល់ជំនួយអាវុធដល់ក្រុងមូស្គូ។ 
 
«ក្រុងប៉េកាំង នឹងត្រូវសម្រេចចិត្តអំពីដំណើរការ ថាតើខ្លួនត្រូវផ្តល់ជំនួយយោធាឬយ៉ាងណា។ បើសិនបើហ៊ានផ្តល់អាវុធឱ្យ វានឹងមានផលវិបាកពិតប្រាកដសម្រាប់ចិន»។ លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិសេតវិមាន បានបញ្ជាក់បែបនេះ នៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន CNN នៅថ្ងៃទី២៦ ខែកុម្ភៈ។ 
 
ក្នុងកិច្ចសម្ភាសដោយឡែកមួយទៀតជាមួយសារព័ត៌មាន ABC មន្រ្តីសន្តិសុខជាតិអាម៉េរិករូបនេះ បានបន្ថែមថា ចិន មិនទាន់បានផ្តល់ជំនួយយោធាទៅរុស្ស៊ីជាផ្លូវការឡើយ ប៉ុន្តែក្រុងវ៉ាស៊ីនតោន បានព្រមានក្រុងប៉េកាំងជាសម្ងាត់ជុំវិញផលវិបាកនៃការផ្តល់ជំនួយយោធា។ យ៉ាងណាមិញ លោក Sullivan មិនបានបញ្ជាក់ពីផលវិបាកទាំងនោះឡើយ។ 
 
កន្លងមក ចិន បានដាក់ចេញសេចក្តីថ្លែងការណ៍គោលជំហរចំនួន១២ចំណុច លើការដោះស្រាយនយោបាយនៃវិបត្តិនៅអ៊ុយក្រែន ដោយអះអាងថា ខ្លួនមិនជ្រើសយកភាគីណាមួយនោះទេ។ មិនតែប៉ុណ្ណោះ ក្រុងប៉េកាំង បានទទូចឱ្យរុស្ស៊ី និងអ៊ុយក្រែនចាប់ផ្តើមកិច្ចចរចាឡើងវិញ។ បន្ថែមពីនេះ ចិនក៏ធ្លាប់ផ្តល់ជំនួយមនុស្សធម៌ទៅអ៊ុយក្រែនផង។ 
 
គួររំពឹកថា ក្នុងដំណើរទស្សនកិច្ចនៅក្រុងកៀវដោយមិនបានប្រកាសជាមុខ ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន បានប្រកាសផ្តល់ជំនួយយោធាក្នុងទំហំ ៥០០លានដុល្លារ ដើម្បីជួយអ៊ុយក្រែនទប់រុស្ស៊ី។ អាវុធទាំងនោះរួមមាន គ្រាប់កាំភ្លើងធំ, កាំភ្លើងធំ howitzer និងមីស៊ីលប្រឆាំងរថក្រោះ Javelin៕
 

Tag:
 អាម៉េរិក
  ចិន
  រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com