ជាតិ
គោលនយោបាយអនុវត្តយុទ្ធនាការ«ឆ្នាំទស្សនាកម្ពុជា ២០២៣» ត្រូវ​បាន​ផ្សព្វផ្សាយជា​សាធារណៈ
28, Mar 2023 , 10:59 pm        
រូបភាព
ពិធីប្រកាសផ្សព្វផ្សាយវិធានការគោលនយោបាយអនុវត្តយុទ្ធនាការ«ឆ្នាំទស្សនាកម្ពុជា ២០២៣»។ រូបភាព៖ ញឹក ស្រីល័ក្ខ
ពិធីប្រកាសផ្សព្វផ្សាយវិធានការគោលនយោបាយអនុវត្តយុទ្ធនាការ«ឆ្នាំទស្សនាកម្ពុជា ២០២៣»។ រូបភាព៖ ញឹក ស្រីល័ក្ខ
ភ្នំពេញ៖ នៅ​ថ្ងៃទី​២៨ មីនានេះ ក្រសួង​ទេសចរណ៍ ប្រកាស​​ផ្សព្វផ្សាយវិធានការគោលនយោបាយអនុវត្តយុទ្ធនាការ«ឆ្នាំទស្សនាកម្ពុជា ២០២៣» និងសារាចររដ្ឋាភិបាល ស្តីពីការរៀបចំយុទ្ធនាការ«ឆ្នាំទស្សនាកម្ពុជា ២០២៣»អមជាមួយយន្តការអនុវត្ត ទៅកាន់​រាជធានី-ខេត្ត​ និង​វិស័យ​ឯកជន​។



រដ្ឋាភិបាលកម្ពុជា បានអុនម័តលើវិធានការគោលនយោបាយអនុវត្តយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣»។ យុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» មានគោលបំណងលើកកម្ពស់កិត្តិនាមទេសចរណ៍ «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ-ផ្ដល់ភាពកក់ក្ដៅ» នៅលើទីផ្សារទេសចរណ៍ឱ្យកាន់តែខ្លាំងក្លា ដើម្បីទាក់ទាញទេសចរអន្តរជាតិឱ្យបានយ៉ាងតិច ៤លាននាក់ នៅឆ្នាំ២០២៣។ លើសពីនេះ ផ្សារភ្ជាប់រវាងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលប្រារព្ធនៅឧសភាខាងមុខនេះ។
 
ក្នុង​ពិធីប្រកាស​ លោក ទិត ចន្ថា អនុរដ្ឋលេខាធិការប្រចាំការនៃក្រសួងទេសចរណ៍ លើកឡើងថា ​ដើម្បីសម្រេចនូវគោលបំណងនេះ វិធានការគោលនយោបាយអនុវត្តយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» ត្រូវបានរៀបចំដោយផ្អែកលើអភិក្រមនៃ«ការជំរុញព្រឹត្តិការណ៍»។ អនុរដ្ឋលេខាធិការប្រចាំការនៃក្រសួងទេសចរណ៍រូបនេះ បន្តថា ក្នុងឆ្នាំនេះ កម្ពុជាមានព្រឹត្តិការណ៍អន្តរជាតិ និងជាតិ ចំនួន ២២ព្រឹត្តិការណ៍ និងព្រឹត្តិការណ៍កម្រិតមូលដ្ឋាន នៅទូទាំង ២៥ រាជធានី-ខេត្តផ្សេងទៀតផងដែរ។
  

លោក ទិត ចន្ថា អនុរដ្ឋលេខាធិការប្រចាំការនៃក្រសួងទេសចរណ៍។ រូបភាព៖ ញឹក ស្រីល័ក្ខ
 
ថ្លែ​ងក្នុង​ពិធីប្រកាសផ្សព្វផ្សាយវិធានការគោលនយោបាយនេះ ​លោក ទិត ចន្ថា ស្នើឱ្យក្រសួងស្ថាប័នរដ្ឋ រដ្ឋបាលរាជធានី-ខេត្ត ផ្នែកឯកជន និងពលរដ្ឋ ចូលរួម​ជំរុញយុទ្ធនាការនេះ ឱ្យទទួលបានជោគជ័យ។ បន្ថែមលើនេះ ចូលរួមប្រើប្រាស់ និងផ្សព្វផ្សាយនិមិត្តសញ្ញារបស់យុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» ឱ្យបានទូលំទូលាយ។
 
ជាមួយគ្នានេះ ត្រូវ​ផ្សព្វផ្សាយពី​«កម្ពុជា ជាគោលដៅទេសចរណ៍ម្ហូបអាហារ» ដែលជាផ្នែកដ៏សំខាន់មួយនៃការចូលរួមដល់ការជំរុញពិពិធកម្មនៃវិស័យទេសចរណ៍កម្ពុជា សម្រាប់ផ្សព្វផ្សាយពី «ម្ហូបអាហារ»នៅតាមតំបន់។ អនុរដ្ឋលេខាធិការរូបនេះ ក៏​ស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចូលរួមបង្កើត និងបង្កើន ការរៀបចំ និងផ្សព្វផ្សាយ «ផ្លូវទស្សនាចរណ៍កម្ពុជា» សម្រាប់ឆ្នាំ២០២៣ ផងដែរ។
 
ស្រប​ពេល​ដែល​កម្ពុជា ធ្វើ​ជាម្ចាស់​ផ្ទះ​កីឡា​ស៊ីហ្គេម​នា​ពេលខាង​មុខ លោក ទិត ចន្ថា បន្ត​ស្នើដល់ពលរដ្ឋ ចូលរួមត្រៀមខ្លួន និង​ត្រូវចូលរួមផ្តល់បដិសណ្ឋារកិច្ចល្អ ប្រកបដោយភាពកក់ក្តៅ ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរមកពីគ្រប់ទិសទី។ សូម​បញ្ជាក់ថា តាមការព្យាករ សម្រាប់ឆ្នាំ២០២៣នេះ កម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង ៤លាននាក់ និងទេសចរក្នុងស្រុក ប្រមាណ ១៥លាននាក់៕ 

អ្នកចូលរួម​ក្នុងប្រកាសផ្សព្វផ្សាយវិធានការគោលនយោបាយអនុវត្តយុទ្ធនាការ«ឆ្នាំទស្សនាកម្ពុជា ២០២៣»។ រូបភាព៖ ញឹក ស្រីល័ក្ខ
 


 អ្នកចូលរួម​ក្នុងប្រកាសផ្សព្វផ្សាយវិធានការគោលនយោបាយអនុវត្តយុទ្ធនាការ«ឆ្នាំទស្សនាកម្ពុជា ២០២៣»។ រូបភាព៖ ញឹក ស្រីល័ក្ខ
 

Tag:
 ទេសចរណ៍
  យុទ្ធនាការ
 ឆ្នាំទស្សនាកម្ពុជា ២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com