ជាតិ
MRC នឹងរួមគ្នាអភិវឌ្ឍទន្លេមេគង្គ ប្រកបដោយចីរភាព​ ដើម្បីធានាសន្តិសុខទឹក ស្បៀង និងបរិស្ថាន
06, Apr 2023 , 7:59 pm        
រូបភាព
កិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៤ MRC។ រូបពីហ្វេសប៊ុកសម្ដេច ហ៊ុន សែន
កិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៤ MRC។ រូបពីហ្វេសប៊ុកសម្ដេច ហ៊ុន សែន
គណៈកម្មការទន្លេមេគង្គ (MRC) បានព្រមព្រៀងប្ដេជ្ញារួមគ្នា ដោះស្រាយបញ្ហាស្មុគស្មាញ នៅតំនប់ទន្លេមេគង្គ ហើយផ្លាស់ប្ដូរព័ត៌មានត្រង់ទៅវិញទៅមក ដើម្បីអភិវឌ្ឍន៍ និងធានាលើសន្តិសុខទឹក ស្បៀង និងបរិស្ថាន។

 
នៅក្នុងកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៤ MRC បានអនុម័តទទួលស្គាល់លើសេចក្តីថ្លែងការណ៍ចំនួន១៦ចំណុច នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។ ជារួម MRC ចង់ឱ្យមានការអភិវឌ្ឍ ប្រកបដោយចីរភាព ដើម្បីការពារបរិស្ថាន និងលើកកម្ពស់ជីវភាពពលរដ្ឋ នៅតំបន់ទន្លេមេគង្គ។ 
 
ចំណុចទី១៖ ទទួលស្គាល់នូវសមិទ្ធផល និងការវិវត្តសំខាន់ៗ របស់ MRC ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រួមទាំងការរួមចំណែកជាបន្តបន្ទាប់ ដល់កិច្ចសហប្រតិបត្តិការប្រកបដោយសន្តិភាព។ 
 
ចំណុចទី២៖ វាយតម្លៃខ្ពស់ចំពោះការបន្តការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ពីដៃគូអភិវឌ្ឍន៍អង្គការអន្តរជាតិ វិស័យឯកជន និងដៃគូពាក់ព័ន្ធផ្សេងទៀត ដែលបានផ្តល់ទៅ MRC ហើយនាំគ្នាសម្រេចសមិទ្ធផល។  
 
ចំណុចទី៣៖ ទទួលស្គាល់ថាសមិទ្ធផលដែលបានបង្កើតជាមូលដ្ឋានគ្រឹះថ្មី និងប្រសើរជាងមុន ដើម្បីឲ្យ MRC សម្រេចបានយ៉ាងពេញលេញនូវអាណត្តិ និងមុខងារស្នូលរបស់ខ្លួន ក្នុងនាមជាអង្គការអាងទន្លេ តាមរយៈការគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាព បង្កើននូវសន្តិសុខទឹកក្នុងតំបន់ និងភាពធន់នឹងអាកាសធាតុ។ ក្រៅពីនេះ គឺការបំពេញបន្ថែមចំពោះការរៀបចំផែនការថ្នាក់ជាតិ និងការផ្ដល់ព័ត៌មានប្រកបដោយតម្លាភាព ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងអាង។ 
 
ចំណុចទី៤៖ ទទួលស្គាល់ពីកាលានុវត្តភាព សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព លើគ្រប់វិស័យទាំងអស់ដែលពាក់ព័ន្ធនឹងទឹក រួមទាំងផ្នែកវារីអគ្គិសនី ធារាសាស្ត្រ នាវាចរណ៍ និងផ្នែកផ្សេងទៀត។ ពួកគេ នឹងប្ដេជ្ញាធានាឱ្យ​មានសន្តិសុខទឹក ដើម្បីការពារសង្គម ពីហានីភ័យទឹក ជាពិសេសគ្រោះទឹកជំនន់ និងភាពរាំងស្ងួត។ 
 
ចំណុចទី៥៖ ទទួលស្គាល់ថាការអភិវឌ្ឍ និងការប្រើប្រាស់ទឹកទន្លេមេគង្គ នឹងរួមចំណែកយ៉ាងសំខាន់ដល់ កំណើនសេដ្ឋកិច្ច តែវាក៏អាចមានផលប៉ះពាល់ធ្ងន់ធ្ងរ រហូតបង្កផលប៉ះពាល់ឆ្លងដែនដែលតម្រូវឱ្យមានការ ដោះស្រាយរួមគ្នាលើផ្នែកបរិស្ថាន និងសហគមន៍ដែលងាយរងគ្រោះក្នុងអាងផងដែរ។ 
 
ចំណុចទី៦៖ ដោះស្រាយបញ្ហាប្រឈមក្នុងអាងទន្លេដែលមានលក្ខណៈកាន់តែស្មុគ្រស្មាញជាងមុន ត្រូវការទាំងជម្រើសនៃការអភិវឌ្ឍនិងការគ្រប់គ្រង ដើម្បីធានាបាននូវចីរភាពនៃមូលដ្ឋាន។ ពួកគេ នឹងពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយអំពីលើផែនការធនធានទឹក ដើម្បីកំណត់គម្រោងវិនិយោគរួមគ្នា ដែលរួមចំណែកដល់សន្តិសុខទឹក ស្បៀងអាហារ និងថាមពល។ 
 
ចំណុចទី៧៖ កំណត់ការរៀបចំផែនការតំបន់បែបបុរេសកម្ម ដែលនាំឲ្យបង្កើតបាននូវផែនការបណ្ដុំអាង ទន្លេ គម្រោងវិនិយោគរួមថ្មីៗនិងថ្នាក់ជាតិ ដែលមានសារៈសំខាន់សម្រាប់អាងទាំងមូល។ 
 
ចំណុចទី៖៨៖ ផ្ដល់លទ្ធភាពឱ្យបណ្តាប្រទេសតាមអាងទន្លេ ជួយសហគមន៍ដើម្បីអាចសម្របខ្លួនទៅនឹង ការប្រែប្រួលស្ថានភាពទន្ល។ 
 
ចំណុចទី៩៖ គាំទ្រលើសេចក្តីសម្រេចពាក់ព័ន្ធនឹងការអភិវឌ្ឍ និងកិច្ចប្រតិបត្តិការ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាកាន់តែប្រសើរ ដើម្បីអនុវត្តគ្រប់មុខងារគ្រប់គ្រងអាងទន្លេ និងការធ្វើផែនការយុទ្ធសាស្ត្ររយៈពេលវែង។ 
 
ចំណុចទី១០៖ ធានាថាការពិគ្រោះយោបល់ ត្រូវបានធ្វើឡើងក្នុងលក្ខណៈកាន់តែមានប្រសិទ្ធភាពជាងមុន ដើម្បីសម្រេចបាននូវគោលបំណងរួមតាមរយៈការបង្កើនសកម្មភាពរួមគ្នាជាមួយដៃគូអភិវឌ្ឍន៍ សហគមន៍ អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន និងភាគី ពាក់ព័ន្ធដទៃទៀត។ 
 
ចំណុចទី១១៖ ការពង្រឹងការគ្រប់គ្រងអាងទន្លេទាំងមូល ស្របតាមអាណត្តិរបស់ MRC តាមរយៈនវានុវត្តភាពក្នុងគោលនយោបាយ បច្ចេកវិទ្យា និងយន្តការសម្រាប់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ជាមួយក្របខណ្ឌកិច្ចសហប្រតិបត្តិការតំបន់ដែលពាក់ព័ន្ធមេគង្គ ផ្សេងទៀត។ 
 
ចំណុចទី១២៖ ការរក្សានិងស្វែងរកហិរញ្ញប្បទានប្រកបដោយនវានុវត្តភាព ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងខាងលើ។ 
 
ចំណុចទី១៣៖ MRC ធានាថាពួកគេ ស្ថិតក្នុងអន្តរការដោយចីរភាព ឆ្ពោះទៅស្វ័យភាពផ្នែកហិរញ្ញវត្ថុដោយខ្លួនឯងនៅត្រឹមឆ្នាំ២០៣០ ដោយរួមទាំងតាមរយៈ ការអភិវឌ្ឍស្ថាប័នជាបន្តដែលពង្រឹងសមត្ថភាពរបស់ MRC និងស្ថាប័ន ជាតិដើម្បីអនុវត្តមុខងារស្នូលក្នុងការគ្រប់គ្រងអាងទន្លេ។
 
ចំណុចទី១៤៖ MRC អះអាងសារជាថ្មីពីការប្តេជ្ញាចិត្ត ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីពង្រឹងបន្ថែមទៀតនូវតួនាទី MRC ក្នុងការជួយធានាឲ្យអាងទន្លេមេគង្គ មានសន្តិសុខទឹក ស្បៀងអាហារ និង ថាមពល និងប្រកបដោយចីរភាពផ្នែកសេដ្ឋកិច្ច សង្គម និងបរិស្ថាន។ 
 
ចំណុចទី១៥៖ MRC ស្វាគមន៍ចំពោះការផ្លាស់ប្តូរយុទ្ធសាស្ត្របែបបុរេសកម្ម ហើយពួកគេអំពាវនាវឱ្យបណ្តាប្រទេសតាមដងទន្លេមេគង្គ និងភាគីពាក់ព័ន្ធទាំងអស់ បន្តធ្វើការជាមួយគ្នា ដើម្បីគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍អាងឆ្នាំ២០២១-២០៣០ ដែលអាចហៅបានថា ទន្លេមេគង្គតែមួយ ស្មារតីតែមួយ។​
 
ចំណុចទី១៦៖ MRC ត្រូវសម្របសម្រួល និងពិនិត្យតាមដានការអនុវត្តសេចក្ដីថ្លែងការណ៍ដែឡបានបានអនុម័តខាងលើនេះ៕ 
 
 

Tag:
 MRC
  ទន្លេមេគង្គ
© រក្សាសិទ្ធិដោយ thmeythmey.com