ជាតិ
សង្រ្កាន្តឆ្នាំថ្មី
ពលរដ្ឋជិត១ម៉ឺននាក់ សម្រុកជិះឡានក្រុងសាធារណៈ ទៅសៀមរាប នៅថ្ងៃទី១៣មេសា ពលរដ្ឋជិះឡានក្រុងសាធារណៈនៅចំណតឡានឫស្សីកែវ ថ្ងៃទី១៣មេសា ឆ្នាំ២០២៣។
× បាត់ដំបង៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបញ្ជាក់ថា ថ្ងៃទីមួយនៃការដឹកជញ្ជូនពលរដ្ឋ ដោយឥតគិតថ្លៃ តាមឡានក្រុមសាធារណៈ គឺមានពលរដ្ឋជិត១ម៉ឺននាក់ បានសម្រុកជិះទៅខេត្តសៀមរាប។
នាពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣ នៅបរិវេណប្រាសាទបាយ័ន នាខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៤មេសានេះ សម្ដេច ហ៊ុន សែន បានកត់សម្គាល់ឃើញពីភាពរីកចម្រើន ដ៏សម្បូរបែបនៃប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នូល អមជាមួយនឹងមធ្យោបាយធ្វើដំណើររបស់ប្រជាជន។ ហេតុនេះ ពលរដ្ឋអាចធ្វើដំណើរទៅគ្រប់ខេត្តក្រុង ដោយងាយស្រួល។
ដើម្បីជួយសម្រួលដល់ការធ្វើដំណើរពលរដ្ឋ នាឱកាសបុណ្យចូលឆ្នាំនេះ រដ្ឋាភិបាលត្រៀម ឡានក្រុងសាធារណៈ៣៤៥គ្រឿង សម្រាប់ដឹកពួកគេទៅស្រុកកំណើត និងកន្លែងកម្សាន្តនានា។ ជុំវិញការធ្វើដំណើរតាមឡានក្រុងសាធារណៈនេះ សម្ដេច ហ៊ុន សែន បានបញ្ជាក់យ៉ាងដូចនេះ៖ «ម្សិលមិញនេះ(ថ្ងៃទី១៣ មេសា) ដឹកជិត១ម៉ឺននាក់ ឆ្ពោះទៅកាន់ខេត្តសៀមរាប។ នោះហើយជាមធ្យោបាយ សម្រាប់ផ្ដល់ឱកាសដល់ប្រជាពលរដ្ឋ ទទួលការសប្បាយរីករាយនាពេលចូលឆ្នាំ ទន្ទឹមនឹងទីផ្សារប្រេងឥន្ធនៈឡើងថ្លៃ»។
ឡានក្រុងសាធារណៈ សម្រាប់ទៅខេត្តសៀមរាប រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរថយន្តរហូតដល់១០០គ្រឿង ខណៈចូលឆ្នាំខេត្តនេះ មានអង្គរសង្រ្កាន្ត រួមទាំងកម្មវិធីប្រពៃណីជាច្រើនទៀតនៅទីនោះ។ ឡានទាំងនេះ នឹងដឹកអ្នកធ្វើដំណើរចាប់ពីថ្ងៃទី១៣ ដល់ទី១៧ មេសា ទៅតាមបណ្ដាខេត្តក្រុមនានា ដើម្បីជួបជុំគ្រួសារ និងកម្សាន្ត។ ក្នុងបេសកកម្ម ដឹកជញ្ជូនសាធារណៈតាមរថយន្តក្រុងនេះ រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមបុគ្គលិកជាង ៥០០នាក់ សម្រាប់បម្រើសេវាជូនប្រជាពលរដ្ឋ៕
© រក្សាសិទ្ធិដោយ thmeythmey.com