ជាតិ
សេដ្ឋកិច្ច
ជើងហោះហើរនៅកម្ពុជា មានការកើនឡើងជាង១៥ភាគរយ នារដូវកាលស៊ីហ្គេម ប្រតិភូកីឡាករប្រទេសម៉ាឡេស៊ី បានមកដល់ព្រលានយន្តហោះហើរអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី១ឧសភា។ រូបថត៖ លោក ជា អូន អ្នកនាំពាក្យអាកាសចរស៊ីវិល
× សល់៤ថ្ងៃទៀតប៉ុណ្ណោះ កម្ពុជានឹងបើកព្រឹត្តិការណ៍ការប្រកួតកីឡាប្រចាំតំបន់អាស៊ីអាគេ្នយ៍ (SEA GAMES)ជាផ្លូវការ ខណៈប្រតិភូកីឡា និង អ្នកគាំទ្រពីបណ្តាប្រទេសនានាបានមកកម្ពុជាជាបណ្តើរៗហើយ។ ការណ៍នេះបានធ្វើឱ្យជើងហោះហើរមានកើនឡើងប្រមាណ១៥ភាគរយ នារដូវការកម្ពុជាធ្វើជាម្ចាស់ស៊ីហ្គេមលើកទី៣២។
ជាធម្មតាជើងហោះហើររបស់កម្ពុជាមានកំណើនជាមធ្យមប្រមាណ១០ភាគរយក្នុងមួយខែ។ ប៉ុន្តែ ក្នុងចន្លោះពេលព្រឹត្តិការណ៍ស៊ីហ្គេមនេះ កំណើនហោះហើរមានដល់ជិត២៥ភាគរយ។ នេះជាការលើកឡើងរបស់លោក ជា អូន អ្នកនាំពាក្យអាកាសចរស៊ីវិល ដោយបន្តប្រាប់សារព័ត៌មានថ្មីៗថា៖ «នារដូវកាលស៊ីហ្គេមនេះ គឺយើងកើនជាង១០ភាគរយ បើធៀបនឹង ពេលធម្មតា»។
ព្រឹត្តិការណ៍ការប្រកួតកីឡាប្រចាំតំបន់អាស៊ីអាគេ្នយ៍(SEA GAMES)លើកទី៣២ ដែលធ្វើឡើងនៅទឹកដីកម្ពុជា មានប្រតិភូកីឡាប្រមាណ១ម៉ឺនចូលរួម។ បើតាមលោក ជា អូន ក្រៅពីប្រតិភូកីឡាទាំងនេះ ក៏មានអ្នកគាំទ្រកីឡាមកពីបណ្តាប្រទេសនានាចំនួន១ម៉ឺននាក់ ដែលធ្វើដំណើរតាមយន្តហោះផងដែរ។ អ្នកនាំពាក្យអាកាសចរស៊ីវិលរូបនេះ បានបញ្ជាក់ថា៖ «ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ទទួលបានជើងហោះហើរជាងច្រើនគេ ក្នុងចំណោមជើងហោះទាំង៣របស់យើង»។
គួរជម្រាបថា ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ដែលកម្ពុជាទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ នឹងចាប់ផ្តើមផ្លូវការនៅថ្ងៃទី៥ ខែឧសភា និងបញ្ចប់នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ រាល់ការចំណាយទាំងអស់ក្នុងសកម្មភាពកីឡាក្នុងព្រឹត្តិការណ៍នេះ គឺជាបន្ទុករបស់រដ្ឋាភិបាល រាប់ទាំងចំណាយលើការស្នាក់នៅ និងអាហាររបស់ប្រតិភូកីឡាករនៃបណ្តាប្រទេសចូលរួម រួមទាំងថ្លៃសំបុត្រចូលទស្សនាការប្រកួតកីឡានីមួយៗផងដែរ។ រដ្ឋាភិបាលធ្វើបែបនេះ គឺដើម្បីឱ្យពិភពលោកស្គាល់កាន់តែច្បាស់អំពីកិត្យានុភាពរបស់កម្ពុជា៕
© រក្សាសិទ្ធិដោយ thmeythmey.com