ជាតិ
​​​ន​យោ​បាយ​ជាតិ​
បក្សកាន់អំណាច ទទួលបានលោក អៀ ចាន់ណា ម្នាក់ទៀត
03, May 2023 , 4:39 pm        
រូបភាព
រូបពីហ្វេសប៊ុក៖ Ir Channa
រូបពីហ្វេសប៊ុក៖ Ir Channa
២-៣ថ្ងៃក្រោយចេញពីពន្ធនាគារក្រោមកិច្ចអន្តរាគមន៍របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន លោក អៀ ចាន់ណា អ្នកប្រឆាំងលេចធ្លោម្នាក់លើបណ្តាញសង្គម សម្រេចចិត្តចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា។ ការសុំចុះចូលរបស់លោក ធ្វើឡើងតាមរយៈលិខិត ដែលលោកសរសេរដោយដៃ ហើយផ្ញើជូនទៅសម្តេច ហ៊ុន សែន ជាប្រធានគណបក្សកាន់អំណាច។



លោក អៀ ចាន់ណា ជម្រាបសម្តេច ហ៊ុន សែន ថា លោក បានមើលឃើញពីភាពជោគជ័យក្នុងការដឹកនាំប្រទេសរបស់សម្តេច។ ក្នុងលិខិតចុះកាលបរិច្ឆេទថ្ងៃទី៣ ឧសភា ឆ្នាំ២០២៣ អតីតអ្នកប្រឆាំងរូបនេះ សរសេរដូច្នេះថា៖«ខ្ញុំបាទ សូមសម្តេចមេត្តាផ្តល់ឱកាសឲ្យរូបខ្ញុំបាទ បានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីបានបម្រើជាតិមាតុភូមិ ក្រោមដំបូលសន្តិភា និងសូមសន្យាថា នឹងគោរពតាមច្បាប់របស់ជាតិដោយសេចក្តីស្មោះត្រង់បំផុត»។ 
 
សម្តេច ហ៊ុន សែន បានប្រកាសតាមរយៈសំណេរក្នុងតេឡេក្រាមថា គណបក្សប្រជាជនកម្ពុជា ទទួលស្វាគមន៍លោក អៀ ចាន់ណា ជាសមាជិកចាប់ពីពេលនេះតទៅ។ សម្តេច បង្ហាញគោលជំហរបែបនេះថា៖«គណបក្សប្រជាជនកម្ពុជា តែងតែបើកចិត្តទូលាយទទួលយកមនុស្សពីគ្រប់ទិសទី ដោយមិនប្រកាន់និន្នាការនយោបាយពីអតីតកាល ក្នុងគោលបំណងប្រមូលផ្តុំធនធានមនុស្ស ធនធានប្រាជ្ញា និងទ្រព្យសម្បត្តិ ដើម្បីការពារសន្តិភាព និងបន្តការកសាងប្រទេសក្រោមម្លប់សន្តិភាពតទៅទៀត»។
 
លោក អៀ ចាន់ណា ទើបនឹងបានចេញពីពន្ធនាគារ កាលពីយប់ថ្ងៃទី១ ខែឧសភា បន្ទាប់ពីលោកធ្វើវីដេអូនិងលិខិតសុំទោសសម្តេច ហ៊ុន សែន។ ពេលវិលពីប្រទេសន័រវែស មកដល់ប្រទេសកម្ពុជាវិញ លោក ក៏ត្រូវចាប់ខ្លួន ក្នុងអំឡុងខែឧសភា ឆ្នាំ២០២២ ពីបទរួមគំនិតក្បត់ជាតិ។ កាលនៅក្រៅប្រទេស លោក ត្រូវគេមើលឃើញថា ជាអ្នករិះគន់ដ៏ខ្លាំក្លាម្នាក់ទៅលើរដ្ឋាភិបាលកម្ពុជា ជាពិសេសការរិះគន់តាមបណ្តាញសង្គម៕
 
 

Tag:
 អៀ ចាន់ណា
© រក្សាសិទ្ធិដោយ thmeythmey.com