ជាតិ
សេដ្ឋកិច្ច
កម្ពុជា ចម្រាញ់រ៉ែមាសបានជាង ៦,៧តោន ពីតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី
11, Jun 2023 , 4:59 pm        
រូបភាព
ការដ្ឋានអាជីវកម្មនិងរោងចក្រចម្រាញ់«រ៉ែមាស» លក្ខណៈឧស្សាហកម្មលើកដំបូងរបស់កម្ពុជា នៅតំបន់អូខ្វោវ ស្រុកកែវសីមា ជាមួយរូបមាស(ក្នុងរង្វង់)។ រូបថត៖ ក្រសួងរ៉ែ និងថាមពល
ការដ្ឋានអាជីវកម្មនិងរោងចក្រចម្រាញ់«រ៉ែមាស» លក្ខណៈឧស្សាហកម្មលើកដំបូងរបស់កម្ពុជា នៅតំបន់អូខ្វោវ ស្រុកកែវសីមា ជាមួយរូបមាស(ក្នុងរង្វង់)។ រូបថត៖ ក្រសួងរ៉ែ និងថាមពល
២ឆ្នាំមកនេះ កម្ពុជាចម្រាញ់រ៉ែមាសពីតំបន់អូរខ្វាវនៃខេត្តមណ្ឌលគិរី បានចំនួន ៦ ៧២៧គីឡូក្រាម ដោយទទួលបានចំណូលសួយសារពីក្រុមហ៊ុន​ Renaissance Minerals បានជាង១០លានដុល្លារអាម៉េរិក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងរ៉ែ និងថាមពល។

ការដ្ឋានអាជីវកម្មនិងរោងចក្រចម្រាញ់«រ៉ែមាស» លក្ខណៈឧស្សាហកម្មលើកដំបូងរបស់កម្ពុជា នៅតំបន់អូខ្វោវ ស្រុកកែវសីមា ត្រូវបានរដ្ឋាភិបាលប្រកាសដាក់ឱ្យដំណើរការ ចាប់ពីថ្ងៃទី២១មិថុនា ឆ្នាំ២០២១មក។ គិតមកទល់សព្វថ្ងៃ រោងចក្រចម្រាញ់«រ៉ែមាស»នេះ ដំណើរការបានរយៈពេល២ឆ្នាំហើយ​ដោយក្រុមហ៊ុន Renaissance Minerals (Cambodia) Limited របស់ប្រទេសអូស្ត្រាលី ក្រោមទុនវិនិយោគ ១២០លានដុល្លារ។ 
 
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរ៉ែ និងថាមពលបានបញ្ជាក់ថា៖ «បច្ចុប្បន្ន ក្រុមហ៊ុនចម្រាញ់មាស ដែលមានគុណភាព៩០ភាគរយបានចំនួន៦,៧២៧.៧០គីឡូក្រាម។ ក្រុមហ៊ុនបង់សួយសារជូនរដ្ឋ បាន ១០ ២២៨ ២៣៩ដុល្លារ »។ 
 
ដំណើរការឧស្សាហកម្មអាជីវកម្មធនធានរ៉ែដែលក្រុមហ៊ុន Renaissance Minerals សម្រេចបាននេះ  គឺបានរួមចំណែកដល់ការបង្កើតប្រភពចំណូលថវិកាជាតិ ហើយក៏កំពុងបង្កើតបាននូវសមត្ថភាពជាតិ និងគំរូថ្មី សម្រាប់ការធ្វើអាជីវកម្មធនធានរ៉ែ ប្រកបដោយការទទួលខុសត្រូវ និងការអភិវឌ្ឍប្រកបដោយចីរភាព។ នេះជាការរៀបរាប់បន្ថែមរបស់ក្រសួង។
 
ក្រសួងរ៉ែ និងថាមពល បន្តរៀបរាប់ថា សមិទ្ធផលនៃដំណើរការឧស្សាហកម្មចម្រាញ់រ៉ែមាសរបស់កម្ពុជានេះ គឺជាសក្ខីភាពយ៉ាងជាក់ច្បាស់នូវការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើតបាននូវបរិស្ថានវិនិយោគ សមប្រកបសម្រាប់ទាក់ទាញវិនិយោគទុនពីក្រៅប្រទេស និង ការបង្កើតបាននូវខឿនឧស្សាហកម្មថ្មីមួយ ប្រកបដោយការទទួលខុសត្រូវលើបរិស្ថាន និងសង្គម តាមស្តង់ដារអន្តរជាតិ។ លើសពីនេះ អនុញ្ញាតឲ្យកម្ពុជា អាចទាញយកបាននូវធនធានរ៉ែ ជាសម្បត្តិធម្មជាតិដ៏មានតម្លៃរបស់ខ្លួន ដើម្បីធ្វើការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសង្គម បង្កើតបាននូវផលប្រយោជន៍រយៈពេលវែង សម្រាប់ប្រជាជនកម្ពុជាជាច្រើន៕
 

Tag:
 រ៉ែមាស
  តំបន់អូរខ្វាវ
  ខេត្តមណ្ឌលគិរី
© រក្សាសិទ្ធិដោយ thmeythmey.com