ជាតិ
សេដ្ឋកិច្ច
សហគ្រាសជិត២០០កន្លែង កំពុងកែច្នៃប្រហុកនាំចេញ និងផ្គត់ផ្គង់ក្នុងស្រុក
05, Jul 2023 , 10:31 am        
រូបភាព
លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម ក្នុងកិច្ចពិភាក្សាការងារស្តីពី ការជំរុញការកែច្នៃប្រហុកសម្រាប់ការនាំចេញ និងគម្រោងអភិរក្ស និងអភិវឌ្ឍន៍ព្រៃកោងកាង នៅទីស្ដីការក្រសួងកសិកម្ម។ រូបភាព៖ ក្រសួងកសិកម្ម
លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម ក្នុងកិច្ចពិភាក្សាការងារស្តីពី ការជំរុញការកែច្នៃប្រហុកសម្រាប់ការនាំចេញ និងគម្រោងអភិរក្ស និងអភិវឌ្ឍន៍ព្រៃកោងកាង នៅទីស្ដីការក្រសួងកសិកម្ម។ រូបភាព៖ ក្រសួងកសិកម្ម
ភ្នំពេញ៖ សហគ្រាសចំនួន ១៨២កន្លែងនៅកម្ពុជា កំពុងកែច្នៃប្រហុកសម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ឆ្នាំ២០២២កន្លងទៅ កម្ពុជាមានសមត្ថភាពផ្គត់ផ្គង់ប្រហុកជាលក្ខណៈពាណិជ្ជកម្មបានប្រមាណ ៨៩០០តោន។​



ពាក់ព័ន្ធនឹងការកែច្នៃប្រហុកជាពាណិជ្ជកម្មនេះ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំដល់សហគ្រាស និងអ្នកពាក់ព័ន្ធពង្រីកការស្រាវជ្រាវបន្ថែម ដោយផ្ដោតលើបច្ចេកទេសនៃការច្នៃ ក្លិន និងខ្សែច្រវាក់តម្លៃ ដើម្បីឱ្យមានប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ចពិតប្រាកដ។ លើសពីនេះ ត្រូវយកចិត្តទុកដាក់លើការចុះបញ្ជីកម្មសិទ្ធិបញ្ញា និងឱ្យមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។
 
ការណែនាំនេះ ធ្វើឡើងក្នុងកិច្ចពិភាក្សាការងារស្តីពី ការជំរុញការកែច្នៃប្រហុកសម្រាប់ការនាំចេញ និងគម្រោងអភិរក្ស និងអភិវឌ្ឍន៍ព្រៃកោងកាង ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ជាមួយមូលនិធិគីណាល់ នៅទីស្តីការក្រសួងកសិកម្ម កាលពីថ្ងៃទី២៩ ខែមិថុនា។
 
បើតាមរដ្ឋមន្ត្រីកសិកម្ម​ ជាគោលនយោបាយ ត្រូវបង្កើតឱ្យមានទីផ្សារកែច្នៃផលិតផលបន្ថែមទាំងធម្មជាតិ និងវារីវប្បកម្ម។ ជាមួយ​គ្នានេះ តម្រូវការទីផ្សារមានការកើនឡើងលឿន ដូច្នេះត្រូវកំណត់ប្រភេទពូជត្រីលូតលាស់លឿន និងអាចកែច្នៃបានលឿនទៅតាមតម្រូវការ និងស្តង់ដាទីផ្សារ។ ដើម្បីជំរុញការងារនេះ ក្រសួងកសិកម្ម សន្យាជួយគាំទ្រទាំងផ្នែកចំណេះដឹង បច្ចេកទេស គោលនយោបាយ និងប្រព័ន្ធផ្សព្វផ្សាយ។
 
ប្រហុក ត្រូវបានចាត់ទុកជាអាហារប្រពៃណីសម្រាប់ប្រជាជនកម្ពុជា ហើយវាក៏ជាផលិតផលមួយដ៏សំខាន់ចូលរួមក្នុងសន្តិសុខស្បៀង និងផ្តល់អាហារូបត្ថម្ភ ជាពិសេសសម្រាប់ប្រជាជននៅទីជនបទ។ បើតាមអង្គការ UNIDO ប្រជាជនកម្ពុជាម្នាក់បរិភោគប្រហុកជាមធ្យមប្រមាណចំនួន១៨ក្រាមក្នុងមួយថ្ងៃ។
 
នៅឆ្នាំ២០២២ កម្ពុជាអាចកែច្នៃសម្រាប់ផ្គត់ផ្គង់ប្រហុកជាលក្ខណៈពាណិជ្ជកម្មបានប្រមាណ ៨៩០០តោន សម្រាប់បំពេញតម្រូវការទីផ្សារក្នុងស្រុក និងបរទេសដូចជា បារាំង អាម៉េរិក និងកូរ៉េ ជាដើម៕
 
 
 

Tag:
 កសិកម្ម
  ប្រហុក
  សហគ្រាសកែច្នៃប្រហុក
© រក្សាសិទ្ធិដោយ thmeythmey.com