សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ជប៉ុន​គ្រោងបញ្ចេញ​ទឹកពីរោងចក្រ Fukushima ចូល​សមុទ្រ​ចាប់​ពី​ខែ​សីហា បន្ទាប់មានការបើកផ្លូវពី IAEA
05, Jul 2023 , 10:59 am        
រូបភាព
រោងចក្រថាមពល Fukushima Daiichi ។ រូបភាព ៖ Xinhua ។
រោងចក្រថាមពល Fukushima Daiichi ។ រូបភាព ៖ Xinhua ។
រដ្ឋាភិបាល​ជប៉ុន​កំពុង​ពិចារណា​ចាប់​ផ្តើម​បញ្ចេញ​ទឹក​វិទ្យុសកម្ម​ដែល​បាន​ចម្រោះ ចូល​ក្នុង​សមុទ្រ​ចាប់​ពី​ខែ​សីហា បន្ទាប់​ពីទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បាន​អនុម័ត​ផែនការ​នេះ។

 
សារព័ត៌មានជប៉ុន Nikkei បានរាយការណ៍នៅថ្ងៃទី៥ ខែកក្កដាថា រដ្ឋាភិបាលនឹងចាប់ផ្តើមសម្របសម្រួលដើម្បីបញ្ចេញទឹកវិទ្យុសកម្មចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ចូលទៅក្នុងមហាសមុទ្រនៅដើមខែសីហា។ នេះនឹងជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងដំណើរការបិទរោងចក្រដែលបានបំផ្លិចបំផ្លាញនៅក្នុងការរញ្ជួយដី និងរលកយក្សស៊ូណាមិកាលពីឆ្នាំ ២០១១។
 
មន្ត្រីជប៉ុនមិនបានធ្វើអត្ថាធិប្បាយលើព័ត៌មាននេះទេ។ ទីក្រុងតូក្យូកាលពីខែមករាបានប្រកាសថា ខ្លួនមានបំណងចាប់ផ្តើមផែនការនេះនៅចន្លោះនិទាឃរដូវនិងរដូវក្តៅ ប៉ុន្តែមិនបានបញ្ជាក់ពីកាលបរិច្ឆេទនោះទេ។
 
ព័ត៌មាននេះកើតឡើងបន្ទាប់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) នៅថ្ងៃទី ០៤ ខែកក្កដា ដែលវាយតម្លៃផែនការរបស់ជប៉ុនក្នុងការបញ្ចេញទឹកវិទ្យុសកម្មចូលទៅក្នុងមហាសមុទ្រគឺបំពេញតាមស្តង់ដារអន្តរជាតិ។ IAEA បាននិយាយថា ការបញ្ចេញទឹកបន្តិចម្តងៗនេះ នឹងមានឥទ្ធិពលវិទ្យុសកម្មតិចតួចលើមនុស្សនិងបរិស្ថាន។ 
 
ដោយមានការគាំទ្រពី IAEA នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បាននិយាយថា ជប៉ុននឹងបន្តផ្តល់ការពន្យល់ដល់ប្រជាជន និងសហគមន៍អន្តរជាតិដើម្បីទទួលបានការយល់ព្រមពីទាំងក្នុងប្រទេស និងក្រៅប្រទេស។
 
សហជីពនេសាទរបស់ជប៉ុនបានប្រឆាំងជាយូរមកហើយនូវផែនការនេះ ដោយលើកឡើងថា ខ្លួននឹងបំផ្លាញកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារមុខមាត់របស់ខ្លួនឡើងវិញ ខណៈដែលប្រទេសមួយចំនួនបានហាមឃាត់ការនាំចូលអាហារពីប្រទេសនេះ បន្ទាប់ពីគ្រោះមហន្តរាយបានកើតឡើង។ ប្រទេស​ជិត​ខាង​មួយ​ចំនួន​ក៏​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​អំពី​ផល​ប៉ះ​ពាល់​ដល់​បរិស្ថាន​ផង​ដែរ។
 
ចិន ​បាន​ព្រមាន​ជប៉ុន​ថានឹង​ទទួល​រង​នូវ​ផល​វិបាក​ទាំងអស់ ប្រសិនបើ​ប្រទេសនេះសម្រេចចិត្ត​ដើរ​តាម​ផ្លូវ​របស់​ខ្លួន។ គណបក្សកាន់អំណាចរបស់កូរ៉េខាងត្បូងបាននិយាយថា ខ្លួនគោរពការវាយតម្លៃរបស់ IAEA ខណៈដែលការិយាល័យប្រធានាធិបតីមិនបានធ្វើអត្ថាធិប្បាយទេ។ ទីភ្នាក់ងារសុវត្ថិភាពនុយក្លេអ៊ែរកូរ៉េត្រូវបានគេរំពឹងថា នឹងបញ្ចេញាការវាយតម្លៃជាផ្លូវការនៅថ្ងៃទី៥ ខែកក្កដា។ ប្រជាជនកូរ៉េខាងត្បូងជាច្រើន កំពុងស្តុកទុកអំបិល ដោយសារតែមានការព្រួយបារម្ភអំពីផលប៉ះពាល់នៃផែនការបង្ហូរទឹកវិទ្យុសកម្មរបស់ជប៉ុន។
 
នៅខែមីនា ឆ្នាំ ២០១១ ជប៉ុនបានទទួលរងនូវគ្រោះមហន្តរាយពីរដងនៃការរញ្ជួយដី និងរលកយក្សស៊ូណាមិដែលប៉ះពាល់ដល់រោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ។ ក្រុមហ៊ុន TEPCO ដែលជាប្រតិបត្តិកររោងចក្រ បានប្រើប្រាស់ធុងរាប់រយដែលផ្ទុកទឹកកខ្វក់ជាង១លានតោន ត្រូវបានប្រើដើម្បីធ្វើឱ្យម៉ាស៊ីនរ៉េអាក់ទ័រត្រជាក់។
 
នៅឆ្នាំ ២០២១ អាជ្ញាធរជប៉ុនបានចាប់ផ្តើមគ្រោងនឹងបញ្ចេញទឹកសំណល់ទាំងនេះចូលទៅក្នុងសមុទ្របន្តិចម្តងៗ។ ជប៉ុនបាននិយាយថា ទឹកសំណល់វិទ្យុសកម្មនឹងឆ្លងកាត់ប្រព័ន្ធចម្រោះដើម្បីយកអ៊ីសូតូមវិទ្យុសកម្មចេញ ដោយបន្សល់ទុកតែទ្រីទីយ៉ូម ដែលជាអ៊ីសូតូបវិទ្យុសកម្មមួយក្នុងចំណោមពីរនៃអ៊ីដ្រូសែន។ ទោះបីជាទ្រីទីយ៉ូមមានជាតិពុល ក៏អ្នកជំនាញបានអះអាងថា បរិមាណទ្រីទីយ៉ូមនៅក្នុងបរិស្ថាននឹងមានតិចតួចបំផុតដោយសារតែការលាយជាមួយទឹកសមុទ្រ៕
 

Tag:
 ជប៉ុន
  សារធាតុវិទ្យុសកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com