ជាតិ
សេដ្ឋកិច្ច
រដ្ឋ គ្រោងចាយប្រាក់សន្សំ ​៦០០លានដុល្លារ ដើម្បីបំពេញ​​​​ចំណាយក្នុងឆ្នាំនេះ​
08, Aug 2023 , 11:22 am        
រូបភាព
លោក​អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​។ រូបពី៖ MEF
លោក​អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​។ រូបពី៖ MEF
ការអនុវត្តចំណូល-ចំណាយរបស់រដ្ឋាភិបាលរហូតដំណាច់ឆ្នាំ២០២៣ ត្រូវបានប៉ាន់ស្មានថា​ មានឱនភាពថវិកាជាតិក្នុងរង្វង់៤០០លានដុល្លារ​អាម៉េរិក។ ដើម្បីបំពេញតុល្យភាពថវិកា និងការចំណាយផ្សេងៗនេះ រដ្ឋគ្រោងប្រើប្រាស់ប្រាក់សន្សំរបស់ខ្លួនរហូតដល់​៦០០លានដុល្លារ។​ នេះបើយោងតាមរបាយការណ៍ស្តីពី លទ្ធផលនៃការអនុវត្តថវិកាឆមាសទី១ និងការវាយតម្លៃការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយនៅថ្ងៃទី៤សីហា។​

 
ការប្រមូលចំណូលថវិកាថ្នាក់ជាតិក្នុងឆមាសទី១ ឆ្នាំ២០២៣​ សម្រេចបាន ១៤ ២០២ ០៦៧ លានរៀល(ប្រមាណ​៣ ៥០០លានដុល្លារ) ដែលស្មើនឹង៥០,៧ភាគរយនៃច្បាប់ហិរញ្ញវត្ថុ គឺមានសម្ទុះយឺតជាង ៧,៥ពិន្ទុ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ 
 
ក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ថា ភាពយឺតនៃការប្រមូលចំណូលជាតិនេះ កើតឡើងដោយសារស្លាកស្នាមនៃវិបត្តិជំងឺកូវីដ-១៩ជាសកលនៅតែបន្តមានផលប៉ះពាល់លើសេដ្ឋកិច្ចកម្ពុជា និងការអូសបន្លាយនៃសង្គ្រាមរុស្សី-អ៊ុយក្រែន ព្រមទាំងការថយចុះជាគំហុកនៃការនាំចូលរថយន្តដែលជាប្រភពចំណូលគយដ៏សំខាន់។ ជាមួយគ្នានេះ ការបាត់បង់ចំណូលរបស់កម្ពុជា​តាមរយៈការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ក៏មានការកើនឡើង​ ផងដែរ។ 
 
រីឯផ្នែកចំណាយថវិកាថ្នាក់ជាតិវិញ ត្រូវបានអនុវត្តដោយរលូនតាមការគ្រោងទុក ដែលមានភាពល្អប្រសើរជាងឆ្នាំ២០២២។ ពោលគឺរដ្ឋាភិបាលសម្រេចការចំណាយរបស់ខ្លួនបាន៤៣,៥ភាគរយ(គិតទាំងបុរេប្រទាន) នៃច្បាប់ហិរញ្ញវត្ថុ។​
 
បើផ្អែកលើលទ្ធផលនៃការអនុវត្តចំណូល និងចំណាយក្នុងឆមាសទី១ ថវិកាថ្នាក់ជាតិមានអតិរេកជាបណ្តោះអាសន្នរហូតដល់ ៩៥៣ ៥៤១លានរៀល(ប្រមាណ២០០លានដុល្លារ)។​ ក្រសួងសេដ្ឋកិច្ចបន្តរៀបរាប់ក្នុងរបាយការណ៍របស់ខ្លួនយ៉ាងដូច្នេះ៖ « ពិតប្រាកដណាស់ នៅពេលគ្រប់ក្រសួង-ស្ថាប័នបង្កើនល្បឿននៃការអនុវត្តចំណាយនៅក្នុងឆមាសទី២, នោះតាមប៉ាន់ស្មានដល់ដំណាច់ឆ្នាំ២០២៣ នឹងមានឱនភាពថវិកាក្នុងរង្វង់-១​ ៦៧៤ ០៤៣លានរៀល(ប្រមាណ៤១២លានដុល្លារ)»។
 
ផ្អែកតាមការប៉ាន់ស្មានរបស់ក្រសួងសេដ្ឋកិច្ចនេះ ឱនភាពថវិការដ្ឋសរុប​នឹងមានទំហំស្មើនឹង-៧,២៧ភាគរយ នៃផលិតផលក្នុងស្រុកសរុប(ផ.ស.ស) គឺទាបជាងពីកម្រិតនៃឱនភាពដែលបានគ្រោងក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ដែលស្មើនឹង-៧,៥៦ភាគរយនៃផ.ស.ស។ ជុំវិញនៃឱនភាពថវិកាជាតិនៃរដ្ឋាភិបាលបានគ្រោងប្រើប្រាស់ប្រាក់សន្សំប្រមាណ៦០០លានដុល្លារដើម្បីបំពេញតុល្យភាពថវិកាសម្រាប់ឆ្នាំ២០២៣នេះ។​ 

បើតាមលោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រាក់សន្សំដែលរដ្ឋាភិបាលគ្រោងប្រើប្រាស់នេះ គឺដោយសារកម្ពុជាបន្តរងនូវឥទ្ធិពលវិជ្ជមាននានាពីសកលលោក ដូចជា វិបត្តិនៃជំងឺកូវីដ-១៩ វិបត្តិសេដ្ឋកិច្ច និងការកើនឡើងនូវអតិផរណា នាដើម។ បញ្ហាទាំងអស់នេះ បានជះឥទ្ធិពលដល់ការរស់នៅរបស់ប្រជាពលរដ្ឋដែលទាមទារឱ្យរដ្ឋាភិបាលត្រូវដោះស្រាយ  ខណៈក្នុងឆ្នាំនេះ រដ្ឋបានចាយថវិកាជាតិច្រើន ទៅលើការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍(ស៊ីហ្គេម)លើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២។ ក្រៅពីនេះ រដ្ឋាភិបាលក៏បានចំណាយលើការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ផងដែរ។

លោក មាស សុខសេនសាន បានថ្លែងប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey) នាថ្ងៃទី៨សីហា យ៉ាងដូច្នេះ៖« ប្រាក់សន្សំ៦០០លានដុល្លារនេះ គឺជាការបំពេញបន្ថែមរបស់រដ្ឋាភិបាលដើម្បីចាក់ចូលក្នុងកញ្ចប់ថវិកាសម្រាប់ធ្វើអន្តរាគមន៍នានា ដូចដែលយើងបានអន្តរាគមន៍កន្លងមកនៅក្នុងពេលមានជំងឺកូវីដ-១៩ និងអតិផរណា គឺយើងបន្តជួយប្រជាពលរដ្ឋ»។

ថវិកាសន្សំដែលរដ្ឋាភិបាលគ្រោងចំណាយនេះ គឺប្រើដោយធ្វើយ៉ាងម៉េចដើម្បីលើកស្ទួយសេដ្ឋកិច្ចក្នុងវិបត្តិផង និងការអន្តរាគមន៍ជួយប្រជាពលរដ្ឋ ផង។ អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចរូបនេះបន្តនិយាយថា៖ «ហេតុដែលយើងទាមទារឱ្យមានការបន្ថែមថវិកានេះ គឺដោយសារតែចំណូលចរន្តថ្នាក់ជាតិរបស់យើង មិនអាចឆ្លើយតបគ្រប់គ្រាន់សម្រាប់ការចំណាយបន្ថែមក្នុងការអន្តរាគមន៍ជួយប្រជាពលរដ្ឋដែលជាកិច្ចអាទិភាពរបស់រដ្ឋាភិបាល»។

កាលឆ្នាំ២០២០ និង២០២១ រដ្ឋចាយប្រាក់សន្សំអស់ប្រមាណ១ ៦០០លានដុល្លារ ដើម្បីគ្រប់គ្រងផលប៉ះពាល់ពីវិបត្តិកូវីដ-១៩ទៅលើវិស័យសំខាន់ៗរបស់សេដ្ឋកិច្ច។ ក្នុងឆ្នាំ២០២០ រដ្ឋបានចាយថវិកាសន្សំអស់២៤៦លានដុល្លារ និងឆ្នាំ២០២១ ចាយអស់រហូតដល់១៣៨១លានដុល្លារ។
 
អត្ថបទទាក់ទង
 
 
សូមជម្រាបថា ប្រភពចំណូលដ៏ធំរបស់រដ្ឋាភិបាល គឺបានពីការប្រមូលពន្ធគយ និងពន្ធដារ។ ក្នុងឆមាសទី១កន្លងមកនេះ​ ​អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ​ប្រមូលចំណូលចូលថវិកាជាតិបានចំនួន ៤ ៦០៧ ៦៥៥លានរៀល ស្មើនឹង៤១,៤ភាគរយនៃច្បាប់ ខណៈអគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលចូលជាតិបាន​ ៦ ៨៩០ ៣៣៤លានរៀល ដែលស្មើនឹង៥៦,១ភាគរយនៃច្បាប់ហិរញ្ញវត្ថុ។ នេះបើតាមរបាយការណ៍ស្តីពី លទ្ធផលនៃការអនុវត្តថវិកាឆមាសទី១ និងការវាយតម្លៃការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ច៕ 
 

Tag:
 ប្រាក់សន្សំ​
© រក្សាសិទ្ធិដោយ thmeythmey.com