ជាតិ
រដ្ឋាភិបាលសម្រេចបង្កើនទំហំដីដែនជម្រកសត្វព្រៃ៣តំបន់ បន្ថែមទៀត
10, Aug 2023 , 8:19 pm        
រូបភាព
ដំរី ក្នុង​ដែនជម្រកសត្វព្រៃ​គូលែន-​ព្រហ្ម​ទេព។
ដំរី ក្នុង​ដែនជម្រកសត្វព្រៃ​គូលែន-​ព្រហ្ម​ទេព។
ភ្នំពេញ៖ រដ្ឋាភិបាលសម្រេចពង្រីកទំហំផ្ទៃដី ជាង២ម៉ឺនហិកតាក្នុងតំបន់នីមួយ មានដែនជម្រកសត្វព្រៃភ្នំសំកុស ជម្រកសត្វព្រៃគូលែន-ព្រហ្មទេព និងដែនជម្រកសត្វព្រៃបឹងពែរ។

 
​ការសម្រេច បង្កើនទំហំផ្ទៃដីនៅតំបន់ដែនជម្រកសត្វព្រៃជាបន្តបន្ទាប់នេះ ដោយសាររដ្ឋាភិបាល មានបំណងថែរក្សានិងការពារសោភ័ណភាពធម្មជាតិ ឬទេសភាព ប្រព័ន្ធអេកូឡូស៊ី និងជីវចម្រុះ។ លើសពីនេះ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សហគមន៍មូលដ្ឋាន រួមទាំងការលើកកម្ពស់ការអប់រំ ការសិក្សាស្រាវជ្រាវ ក្នុងតំបន់នោះ។ រដ្ឋាភិបាលបញ្ជាក់បែបនេះ ក្នុងអនុក្រឹត្យដែលបានសម្រេចកែប្រែផ្ទៃដីនីមួយៗ។ 
 
ដែនជម្រកសត្វព្រៃភ្នំសំកុស ត្រូវរដ្ឋាភិបាលបន្ថែមទំហំ២៨ ៦៣៤ហិកតា គឺ ពី៣៣៣៧៥០ហិកតា ទៅដល់៣៦២៣៨៤ហិកតា។ តំបន់នេះ ស្ថិតក្នុង ភូមិសាស្ត្រខេត្តពោធិ៍សាត់ ​ខេត្តបាត់ដំបង ​និងខេត្តកោះកុង។ នេះបើតាមអនុក្រឹត្យ ស្ដីពីការកែប្រែដែនជម្រកសត្វព្រៃភ្នំសំកុស។ 
 
ចំណែកជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ត្រូវរដ្ឋាភិបាលសម្រេចបញ្ចូលដីទំហំ២៦ ៣៩៧ហិកតាបន្ថែមទៀត ពី៤០២៥០០ហិកតា ទៅ៤២៨៩៧១ហិកតា។ តំបន់ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព គឺស្ថិតក្នុង ភូមិសាស្ត្រខេត្តសៀមរាប ខេត្តព្រះវិហារ ​និងខេត្តឧត្តរមានជ័យ។ យោងតាម អនុក្រឹត្យ ស្ដីពី ការកែប្រែដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព។ 
 
រីឯ ដែនជម្រកសត្វព្រៃបឹងពែរ ត្រូវរដ្ឋាភិបាលសម្រេចបន្ថែមផ្ទៃដីទំហំ២៣ ៣៨៣ហិកតាបញ្ចូលបន្ថែមទៀត គឺពីផ្ទៃដីទំហំ២៤២ ៥០០ហិកតា កែប្រែទៅ២៦៥ ៨៨៣ហិកតាវិញ។ តំបន់ដែនជម្រកសត្វព្រៃបឹងពែរនេះ មានភូមិសាស្ត្រក្នុងខេត្តសៀមរាប ខេត្តព្រះវិហារ និងខេត្តកំពង់ធំ។ នេះបើតាមអនុក្រឹត្យ ស្ដីពី ការកែប្រែដែនជម្រកសត្វព្រៃបឹងពែរ។ 
 
សូមជម្រាបថា កាលពីពេលថ្មីៗនេះ ឧទ្យាជាតិព្រះមុនីវង្ស«បូកគោ» ក៏ត្រូវបានរដ្ឋាភិបាលកែពីទំហំ១៥៤ ៤៥៨ហិកតា ទៅ១៥៦ ១១៦ហិកតាដែរ៕ 
 
 

Tag:
 ដែលជម្រកសត្វព្រៃ
© រក្សាសិទ្ធិដោយ thmeythmey.com