អន្តរជាតិ
កូរ៉េខាងជើងថា ទាហានអាម៉េរិកTravis King ស្វែងរកការជ្រកកោន ដោយសារការរើសអើង
16, Aug 2023 , 11:59 am        
រូបភាព
ទាហានអាម៉េរិក Travis King។ រូបភាព AP
ទាហានអាម៉េរិក Travis King។ រូបភាព AP
កូរ៉េខាងជើង បានអះអាងថា ទាហានអាម៉េរិកឈ្មោះ Travis King ចង់បានសិទ្ធិជ្រកកោននៅកូរ៉េខាងជើង ឬប្រទេសទីបី ដោយសារតែមានការធ្វើបាប និងការប្រកាន់ពូជសាសន៍នៅក្នុងយោធាអាម៉េរិក។ ប៉ុន្តែ មន្ទីរបញ្ចកោណអាម៉េរិកអះអាងវិញថា ខ្លួនមិនទាន់អាចបញ្ជាក់ពីការបញ្ចេញមតិរបស់ Travis King បានឡើយ។



ទាហានអាម៉េរិកម្នាក់ ដែលត្រូវបានកំណត់អត្តសញ្ញាណជាពលទោ ​Travis King មានវ័យ ២៣ឆ្នាំ បានឆ្លងព្រំដែនទៅក្នុងកូរ៉េខាងជើងខែកក្កដា។ តាមការបញ្ជាក់របស់យោធាអាម៉េរិកនៅកូរ៉េខាងត្បូង ទាហានរូបនេះ បានឆ្លងដោយមានបំណង និងដោយគ្មានការអនុញ្ញាតចូលកូរ៉េខាងជើង តាមរយៈក្រុមដំណើរកម្សាន្តមួយក្បែរព្រំដែនអន្តរកូរ៉េ។
 
ពេលនេះ កូរ៉េខាងជើង បានបញ្ជាក់ថា ទាហានអាម៉េរិក Travis King ស្ថិតនៅក្រោមការស៊ើបអង្កេត និងបានសារភាពថា លោកបានសម្រេចគេចខ្លួនមកកូរ៉េខាងជើង ដោយសារលោកមានអារម្មណ៍មិនពេញចិត្តនឹងការធ្វើបាបដោយគ្មានមេត្តាធម៌ និងការរើសអើងពូជសាសន៍នៅក្នុងយោធាអាម៉េរិក។ 
 
«គាត់បានបង្ហាញឆន្ទៈស្វះស្វែងរកសិទ្ធិជ្រកកោននៅកូរ៉េខាងជើង ឬប្រទេសទីបី ដោយសារលោកមិនពេញចិត្តនឹងសង្គមអាម៉េរិកដែលមិនមានស្មើភាព»។ ទីភ្នាក់ងារព័ត៌មាន KCNA បានចុះផ្សាយបែបនេះ នៅថ្ងៃទី១៦ ខែសីហា។ 
 
បើតាមទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង ពេលនេះ ពលទោ Travis King ស្ថិតនៅក្រោមការគ្រប់គ្រងរបស់យោធាកូរ៉េខាងជើង និងស្ថិតនៅក្រោមការស៊ើបអង្កេតបន្ត។ 
 
នៅដើមខែសីហាកន្លងទៅ លោក Myron Gates ពូរបស់ពលទោ Travis King បានផ្តល់កិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន ABA ថា ក្មួយរបស់គាត់ ពិតជាធ្លាប់រងការរើសអើងមែន ក្នុងពេលបម្រើការងារ។ 
 
ទាក់ទិននឹងព័ត៌មានខាងលើ មន្ទីរបញ្ចកោណអាម៉េរិក បានឆ្លើយតបថា ខ្លួនមិនទាន់អាចបញ្ជាក់ពីការបញ្ចេញមតិរបស់លោក Travis King បានឡើយ ហើយនៅតែផ្តោតលើការវិលត្រលប់របស់ទាហានខ្លួនមកអាម៉េរិកប្រកបដោយសុវត្ថិភាពវិញ៕ 
 

Tag:
 កូរ៉េខាងជើង
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com