ជាតិ
រំដោះអ្នកទោស៖ សមត្ថកិច្ចបន្តរកអ្នកពាក់ព័ន្ធ ខណៈមេគ្រឿងញៀនត្រូវសមត្ថកិច្ចចាប់បានវិញ
23, Aug 2023 , 2:06 pm        
រូបភាព
រថយន្តដែលខ្មាន់កាំភ្លើងប្រើសម្រាប់រំដោះអ្នកទោសជនជាតិចិន យកមកផ្លុងចោលនៅលើដីមួយកន្លែង នាភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
រថយន្តដែលខ្មាន់កាំភ្លើងប្រើសម្រាប់រំដោះអ្នកទោសជនជាតិចិន យកមកផ្លុងចោលនៅលើដីមួយកន្លែង នាភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
ភ្នំពេញ៖ សមត្ថកិច្ច ចាប់ខ្លួនមេគ្រឿងញៀនដែលរៀបផែនការរត់ចេញពីពន្ធនាគារបានវិញហើយ គឺចាប់បាននៅខណ្ឌជ្រោយចង្វារ ក្នុងរាជធានីភ្នំពេញ។ នេះបើតាម លោក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនការងារបង្ក្រាបបទល្មើសគ្រឿងញៀន ប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធ WhatsApp។ លោកក៏បានធ្វើសន្និសីទសារព័ត៌មានផងដែរ ដោយអះអាងថា អ្នកទោសនេះ គឺមានគ្នីគ្នាច្រើនជួយរៀបចំផែនការរំដោះ។

 
ទណ្ឌិតដែលជាមេគ្រឿងញៀនជនជាតិចិន ឈ្មោះ ចេន ហ្ស៊ីនហាន ត្រូវសមត្ថកិច្ចចាប់បានវិញហើយ កាលពីថ្ងៃទី២២សីហា។ ជាមួយគ្នាដែរ ក្រុមបក្ខពួករបស់ពិរុទ្ធជននោះ មានអ្នករៀបចំផែនការ មានអ្នកចំណាយថវិកា អ្នករៀបចំសកម្មភាព និងអ្នកចង្អុលបង្ហាញផ្លូវ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបានដែរ។ នេះបើតាមការអះអាងរបស់លោក ម៉ក់ ជីតូ ក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី២៣កក្កដា ដោយប្រាប់ពីផែនការសកម្មភាពបន្តថា សមត្ថកិច្ចនឹងបន្តស្រាវជ្រាវ រកគ្នីគ្នានៃក្រុមគ្រឿងញៀន រួមទាំងអ្នកពាក់ព័ន្ធជាបន្តបន្ទាប់ទៀត។ 
 
លោក ម៉ក់ ជីតូ បានឱ្យដឹងដែរថា តាមការស្រាវជ្រាវ រកឃើញមេគ្រឿងញៀន ហ្ស៊ីនហាន គឺឈ្មោះ ៤ផ្សេងគ្នា ក្នុងការប្រើប្រាស់ដើម្បីធ្វើសកម្មភាពផ្សេងៗ។ ចំពោះករណីនេះ ក្រុមសមត្ថកិច្ចកម្ពុជា កំពុងធ្វើការជាមួយប៉ូលិសអន្តរជាតិ ដើម្បីកម្ចាត់ក្រុមគ្រឿងញៀន ក៏ដូចជាក្រុមលាងលុយខ្មៅផងដែរ។ 
 
លោក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ។

ទណ្ឌិតខាងលើប្រឈមនឹងជាប់ពន្ធនាគារជាយូរឆ្នាំ ឬមួយជីវិត ខណៈទោសចាស់មានរហូតដល់៥២ឆ្នាំ ដែលជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនពីរករណី។ ឥឡូវសមត្ថកិច្ចបានរៀបចំសំណុំរឿងបន្ថែម ដើម្បីប្រគល់ឱ្យតុលាការ ដោះស្រាយតាមនីតិវិធីច្បាប់។ 
 
យ៉ាងណា លោក ម៉ក់ ជីតូ បានចេញមុខធានាអះអាងថា សមត្ថកិច្ចនឹងខិតខំបង្កើនការយកចិត្តទុកដាក់ មិនឱ្យមានករណីរំដោះអ្នកទោសបែបនេះ កើតឡើងទៀតឡើយ៕ 
 
 

Tag:
 បទល្មើស
  គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com