អន្តរជាតិ
លោក Srettha សន្យាកែលម្អជីវភាពប្រជាជនថៃឱ្យល្អប្រសើរ ក្រោយជាប់ឆ្នោតជានាយករដ្ឋមន្រ្តី
23, Aug 2023 , 2:29 pm        
រូបភាព
លោក Srettha Thavisin ត្រូវបានសភាគាំទ្រធ្វើជានាយករដ្ឋមន្រ្តីទី៣០។ រូបភាព AFP
លោក Srettha Thavisin ត្រូវបានសភាគាំទ្រធ្វើជានាយករដ្ឋមន្រ្តីទី៣០។ រូបភាព AFP
លោក Srettha Thavisin នាយករដ្ឋមន្រ្តីជាប់ឆ្នោត នៅថ្ងៃទី២២ ខែសីហា បានសន្យាកែលម្អលក្ខខណ្ឌរស់នៅរបស់ប្រជាជនថៃទាំងអស់ឱ្យល្អប្រសើរ។ បន្ថែមពីនេះ លោក Srettha ក៏បានត្រៀមខ្លួនជាស្រេចក្នុងការធ្វើជានាយករដ្ឋមន្រ្តីថៃ។



លោក Srettha Thavisin ត្រូវបានសភាថៃបោះឆ្នោតគាំទ្រធ្វើនាយករដ្ឋមន្រ្តីថៃទី៣០ នៅក្នុងថ្ងៃទី២២ ខែសីហា នៅក្នុងសំឡេងគាំទ្រ៤៨២ ខណៈសំឡេងប្រឆាំងមានចំនួន ១៦៥សំឡេង។ ចំណែកអនុបវាទមានចំនួន៨១សំឡេង។ ពិធីតែងតាំងនាយករដ្ឋមន្រ្តី ដោយមហាក្សត្រថៃ ចំពោះលោក Srettha នឹងធ្វើឡើងនៅម៉ោង ៦ល្ងាច ក្នុងថ្ងៃទី២៣ ខែសីហា ក្រោយត្រូវបានលើកពេលនៅម៉ោង ៨យប់ ថ្ងៃទី២២ ខែសីហា។
 
ក្រោយពីត្រូវបានសភាគាំទ្រ លោក Srettha បានអរគុណដល់សមាជិកព្រឹទ្ធសភា និងរដ្ឋសភា រួមទាំងបានសន្យាកែលម្អជីវភាពប្រជាជនថៃទាំងអស់។ 
 
«ខ្ញុំនឹងខិតខំឱ្យបានខ្លាំងបំផុត។ បំភ្លេចចោលការអស់កម្លាំង នៅក្នុងអតីតកាល និងកែលម្អលក្ខខណ្ឌរស់នៅរបស់ប្រជាជនថៃទាំងអស់»។ លោក Srettha នាយករដ្ឋមន្រ្តីជាប់ឆ្នោត បានបញ្ជាក់បែបនេះ នៅថ្ងៃទី២២ ខែសីហា។ 
 
ទន្ទឹមនេះ នាយករដ្ឋមន្រ្តីជាប់ឆ្នោតថៃ បានឆ្លើយសំណួរនឹងអ្នកសារព័ត៌មានថា លោកត្រៀមខ្លួនជាស្រេច ក្នុងការធ្វើជាប្រមុខរដ្ឋាភិបាលថៃថ្មី។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។ 
 
កន្លងមក សេដី្ឋថៃរូបនេះ ក៏ធ្លាប់បានប្តេជ្ញាកាត់បន្ថយភាពក្រីក្រ និងវិសមភាពសង្គមថៃ រួមទាំងកែលម្អជីវប្រជាជនខ្លួនឱ្យកាន់តែល្អប្រសើរឡើង។ 
 
នៅក្នុងការបោះឆ្នោតសភាថ្ងៃទី២២ ខែសីហា ការបោះឆ្នោតប្រឆាំងភាគច្រើន គឺចេញពីបក្សឆ្ពោះទៅមុខ ដែលធ្លាប់រួមសម្ព័ន្ធភាពជាមួយបក្សភឿថៃ។ ក្នុងថ្ងៃដដែលនោះ លោក Chaithawat Tulathon អគ្គលេខាធិការបក្សឆ្ពោះទៅមុខ បានបញ្ជាក់ថា បក្សខ្លួននឹងដើរតួនាទីជាបក្សប្រឆាំងដ៏សំខាន់ និងសកម្មនៅក្នុងសភា៕ 
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com