ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ទឹកដោះម្ដាយ ជាទឹកមន្តពិសិដ្ឋ សម្រាប់ទារក!
27, Aug 2023 , 6:00 pm        
រូបភាព
អ្នកស្រី សុធី នាងសុធា ឈប់រថយន្ត ដើម្បីបំបៅដោះកូនស្រី(ខាងឆ្វេង) និង​កុមារា រិទ្ធល័ក្ខ សែនប្រសើរ កំពុងបៅដោះម្ដាយ (ខាងស្ដាំ)។
អ្នកស្រី សុធី នាងសុធា ឈប់រថយន្ត ដើម្បីបំបៅដោះកូនស្រី(ខាងឆ្វេង) និង​កុមារា រិទ្ធល័ក្ខ សែនប្រសើរ កំពុងបៅដោះម្ដាយ (ខាងស្ដាំ)។
ភ្នំពេញ៖ ការបំបៅកូនដោយទឹកដោះម្ដាយ មានគុណប្រយោជន៍ជាច្រើនជួយដល់ការលូតលាស់របស់កូន និងទប់ស្កាត់ការកើតជំងឺមហារីកសុដន់របស់ម្ដាយ។ ដោយសារតែគុណប្រយោជន៍បែបនេះហើយ ទើបម្ដាយមួយចំនួន នៅតែឆ្លៀតបំបៅកូនដោយទឹកដោះ ទោះបីជាប់ភារកិច្ចបំពេញការងារក្តី។ នៅតាមកន្លែងការងារខ្លះ បានរៀបចំទារកដ្ឋាន ដើម្បីផ្ដល់ភាពងាយស្រួលដល់ស្រ្តី ក្នុងការបំបៅដោះកូន ខណៈកន្លែងការងារមួយចំនួនធំ មិនទាន់គិតគូរលើចំណុចនេះ។

 
ទឹកដោះម្ដាយ ជាទឹកមន្តពិសិដ្ឋ សម្រាប់ទារក! ភ័ស្តុតាងជាសាកល បានបង្ហាញឱ្យឃើញថា ទារកដែលទទួលបានការបំបៅដោយទឹកដោះម្តាយ មានជីវិតរស់រាន និងមានអង្គការពារជាច្រើនពីជំងឺដែលគំរាមកំហែងដល់អាយុជីវិត និងលូតលាស់បានល្អ។

ទឹកដោះម្តាយ សម្បូរទៅដោយអង់ទីករ(អង្គបដិបក្ខ) និងសារធាតុចិញ្ចឹម សម្រាប់ទប់ទល់ ឬប្រឆាំងនឹងមេរោគទាំងឡាយ ព្រមទាំងជំងឺផ្សេងៗ។ លើសពីនេះ ទឹកដោះអ្នកម្តាយស្អាត ហើយមានកម្រិតកម្តៅត្រឹមត្រូវ ដែលអាចជួយទប់ស្កាត់ការរាគរូស និងបញ្ហាផ្លូវដង្ហើម។ ម្យ៉ាងវិញទៀត ការបំបៅកូនដោយទឹកដោះម្តាយ ជួយកាត់បន្ថយការចំណាយលើថ្លៃទឹកដោះគោម្សៅ។ ជាពិសេសជួយឱ្យម្ដាយ និងកូនកាន់តែមានមនោសញ្ចេតនា ស្រឡាញ់គ្នាកាន់តែខ្លាំងផងដែរ។

យល់ដឹងពីការបំបៅកូនដោយទឹកដោះ ជួយដល់សុខភាពម្ដាយ និងទារក!

ជាបុគ្គលិកផ្នែកសុខាភិបាល អ្នកស្រី សុធី នាងសុធា ពិតយល់ច្បាស់ពីអត្ថប្រយោជន៍នៃការបំបៅកូនដោយទឹកដោះ។ ស្រ្តីវ័យ ៣០ឆ្នាំរូបនេះ បានបំបៅកូនដោយទឹកដោះ បន្ទាប់ពីសម្រាលរួច។ អ្នកស្រី សុធី នាងសុធា ពន្យល់ពីអត្ថប្រយោជន៍ថា ទឹកដោះម្តាយ គឺល្អបំផុត វាជាប្រភពអាហារូបត្ថម្ភ ជួយការពារកូន និងកាត់បន្ថយហានិភ័យពីជំងឺផ្សេងៗ។ ម្យ៉ាងទៀត ការបំបៅកូនដោយទឹកដោះ ក៏អាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកសុដន់ និងមហារីកក្រពេញអូវែចំពោះអ្នកស្រី សុធា ផងដែរ។
 

 អ្នកស្រី សុធី នាងសុធា បំបៅកូនស្រីក្នុងរថយន្ត។
 
អ្នកម្ដាយដែលមានកូនដំបូងរូបនេះ អធិប្បាយពីមនោសញ្ចេតនាដូច្នេះ៖«ខ្ញុំមានមោទកភាព និងមោទកភាពណាស់ ដែលខ្ញុំមានទឹកដោះឱ្យកូន ព្រោះវាជាអំណោយដ៏ល្អបំផុត ហើយវាចេញពីខ្លួនរបស់ខ្ញុំ ផ្ដល់ឱ្យទៅកូន។ ការបំបៅដោះកូនធ្វើឱ្យមានភាពស្និទ្ធស្នាលកើតឡើង និងមានអារម្មណ៍ផ្សារភ្ជាប់គ្នាកាន់តែខ្លាំង។ ក្នុងដំណើរជីវិតរបស់ខ្ញុំ ខ្ញុំឆ្លងកាត់ភាពជាម្ដាយ កូនខ្ចី ហើយបានបំបៅដោះកូន នោះជាលទ្ធផលសម្រេចបានក្នុងកំណត់ហេតុនៃជីវិតខ្ញុំ»។
 
បន្ទាប់ពីសម្រាកមាតុភាព អ្នកស្រី សុធី នាងសុធា បានជ្រើសរើសការបំបៅកូន និងបន្តបំបៅរហូតដល់អ្នកស្រីចូលបំពេញការងារវិញ។ បច្ចុប្បន្នអ្នកស្រី បានចំណាយពេលបូមទឹកដោះទុកឱ្យកូនស្រីរបស់អ្នកស្រីនៅកន្លែងធ្វើការ។ ជាធម្មតាឱសថការីរូបនេះ បូមទឹកដោះក្នុងការិយាល័យ ដែលមានមិត្តរួមការងារនៅក្នុងនោះ ។ អ្នកស្រី ត្រូវបូមទឹកដោះផង និងធ្វើការផង។ 
 
អ្នកស្រី សុធា រៀបរាប់ដូច្នេះ៖«ការងាររបស់ខ្ញុំមានចុះបេសកកម្មទៅតាមខេត្តឆ្ងាយៗជាច្រើនថ្ងៃ។ ខ្ញុំបូមទឹកដោះក្នុងឡានពេលកំពុងធ្វើដំណើរ។ ពេលខ្លះបូមនៅតាមមណ្ឌលសុខភាពដែលខ្ញុំអភិបាល ហើយនៅស្ថានីយប្រេងឥន្ធនៈក៏មាន។ ខ្ញុំចាំបាច់ត្រូវបូមទឹកដោះបង្កកទុកសម្រាប់កូន»។
 

អ្នកស្រី សុធី នាងសុធា ឈរក្នុងកម្មវិធីសិក្ខាសាលាមួយនារាជធានីភ្នំពេញ។ រូបភាពផ្ដល់ដោយអ្នកស្រី សុធី នាងសុធា
 
កន្លែងធ្វើការរបស់អ្នកស្រី សុធា មិនទាន់មានទារកដ្ឋាននោះទេ។ «ខ្ញុំសង្ឃឹមថាកន្លែងធ្វើការរបស់ខ្ញុំ នឹងមានទារកដ្ឋានដែរ។ មួយវិញទៀត បូមទឹកដោះយូរៗទៅ កូនលែងស្គាល់ដោះម្ដាយហើយ ស្គាល់តែក្បាលមឹមកំប៉ុង។ ជាក់ស្ដែងកូនស្រីខ្ញុំគាត់ភ្លេចហើយ ព្រោះខ្ញុំចុះបេសកកម្មនៅខេត្តម្ដងៗរយៈពេល១អាទិត្យឯណោះ»។ នេះជាការរៀបរាប់របស់អ្នកស្រី សុធី នាងសុធា ដែលមានកូនស្រីអាយុ ៦ខែ។
 
កន្លែងធ្វើការ មានបន្ទប់បំបៅដោះកូន ផ្ដល់ផលចំណេញដល់ម្ដាយ និងទារក 

អ្នកស្រី ឈីវ សុជាតា បុគ្គលិកផ្នែកធនធានមនុស្សនៃអង្គការទស្សនៈពិភពលោក។ ស្រ្តីវ័យ៣៣ឆ្នាំរូបនេះ មានបទពិសោធន៍បំបៅកូនដោយទឹកដោះនៅកន្លែងធ្វើការរហូតដល់កូនអាយុ២ឆ្នាំ។ អ្នកស្រី សុជាតា ពិតជាសប្បាយចិត្ត និងគិតថាខ្លួនមានសំណាង ដែលបានបម្រើការងារនៅក្នុងស្ថាប័នមួយ គិតគូររៀបចំបន្ទប់បំបៅកូន និងទារកដ្ឋានសម្រាប់បុគ្គលិកជាស្រ្តី។ 
 
ជាបុគ្គលិកក្នុងស្ថាប័នដែលយកចិត្តទុកដាក់លើអាហារូបត្ថម្ភ អ្នកស្រី សុជាតា ពិតជាយល់ពីសារៈសំខាន់នៃការបំបៅកូនដោយទឹកដោះម្ដាយ។ អ្នកស្រី បានរៀបរាប់ថា៖«ខ្ញុំយល់ពីអត្ថប្រយោជន៍នៃការបំបៅកូនដោយទឹកដោះម្ដាយ ដែលជួយដល់ការលូតលាស់ទាំងកាយសម្បទា និងបញ្ញារបស់កូនខ្ញុំ។ ជាពិសេសមានការជំរុញពីបងៗនៅកន្លែងការងារ»។ 
 
 

អ្នកស្រី ឈីវ សុជាតា។ រូបភាពពីអង្គការទស្សនៈពិភពលោក

ក្រោយសម្រាកមាតុភាពជាមួយប្រាក់បៀវត្សពេញ រយៈពេល៤ខែ អ្នកស្រី សុជាតា បានវិលទៅបំពេញការងារវិញ ជាមួយកូនប្រុសតូចរបស់ខ្លួន។ ស្ត្រីរូបនេះ ត្រូវបំពេញការងារផង និងឆ្លៀតចុះទៅបំបៅកូន រយៈពេល២ម៉ោងម្ដង តាមកាលវិភាគដែលបានកំណត់។
 
មានបន្ទប់បំបៅកូននៅកន្លែងធ្វើការនេះ បានផ្ដល់ភាពកក់ក្ដៅសម្រាប់អ្នកស្រី សុជាតា ដោយមិនព្រួយបារម្ភពីសុវត្ថិភាពរបស់កូនឡើយ។ «គ្រប់យ៉ាងគឺឥតគិតថ្លៃ ហើយកន្លែងផាសុកភាព។ ខ្ញុំគិតថាខ្លួនឯងសំណាង»។ នេះជាការបញ្ជាក់របស់អ្នកស្រី សុជាតា ដោយបន្ថែមថា អ្នកស្រីពិតជាសំណាង បើធៀបជាមួយមិត្តភក្តិអ្នកស្រី ដែលត្រូវដាក់កូននៅទារកដ្ឋាន ឬផ្ញើឱ្យអ្នកដទៃជួយមើលថែសិន ទើបបានទៅធ្វើការ ។ 
 
ចំណុចពិសេសមួយទៀត ការមានបន្ទប់បំបៅកូននៅកន្លែងធ្វើការ អាចឱ្យកូនអ្នកស្រី ចេះសម្របខ្លួនជាមួយបរិយាកាសខាងក្រៅ និងមានទំនាក់ទំនងជាមួយបុគ្គលិកក្នុងអង្គការផងដែរ។ បុគ្គលិកអង្គការទស្សនៈពិភពលោករូបនេះ ក៏មិនភ្លេចរំលេចពីការកាត់បន្ថយការចំណាយ ដែលអ្នកស្រីចំណេញរាប់ពាន់ដុល្លារពីការបំបៅកូនដោយទឹកដោះ និងមិនចំណាយប្រាក់យកកូនដាក់ទារកដ្ឋាន។ 
 
«អ្វីដែលខ្ញុំសប្បាយចិត្តខ្លាំង គឺខ្ញុំមានទឹកដោះឱ្យកូន(បំបៅដោះផ្ទាល់)»។ អ្នកស្រី សុជាតា ប្រាប់អ្នកសារព័ត៌មានថ្មីៗទាំងសម្ដីសប្បាយរីករាយដូច្នេះ។
 

អ្នកស្រី ឈីវ សុជាតា និងកូនប្រុស។ រូបភាពពី អង្គការទស្សនៈពិភពលោក

ដ្បិតកន្លែងធ្វើការខ្លះ បានគិតគូររៀបចំបន្ទប់បំបៅកូន និងទារកដ្ឋានសម្រាប់បុគ្គលិកជាស្រ្តីក្តី។ ប៉ុន្តែសកម្មភាពនេះ មិនទាន់បានទូលំទូលាយទូទាំងប្រទេសឡើយ។ អង្គការភ្លែនអន្តរជាតិ បានគាំទ្រស្ថាប័ននីមួយៗឱ្យយកចិត្តទុកដាក់លើការលើកទឹកចិត្ត និងសម្របសម្រួលក្នុងការរៀបចំបន្ទប់បំបៅកូនដោយទឹកដោះ ដើម្បីឱ្យម្តាយ និងកូន បានជួបមុខគ្នារាល់ថ្ងៃ។
 
កាលពីឆ្នាំ២០២១ នាយកអង្គការភ្លែនបានចុះហត្ថលេខាជាមួយដៃគូអភិវឌ្ឍន៍នានាក្នុងស្រុក ក្នុងការលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយ និងទប់ស្កាត់ការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលម្សៅទឹកដោះគោផ្សំតាមរូបមន្ត សម្រាប់ចិញ្ចឹមកុមារក្រោម អាយុ២ឆ្នាំ។ ការជំរុញការបំបៅដោះកូននេះ ត្រូវបានអង្គការភ្លែនយកចិត្តទុកដាក់ខ្ពស់ មិនថាប្រជាពលរដ្ឋ ឬបុគ្គលិកអង្គការភ្លែននោះទេ។

លោក យី គឹមថាន នាយករងប្រចាំប្រទេសទទួលបន្ទុកកម្មវិធីនៃអង្គការភ្លែនអន្តរជាតិកម្ពុជា បានឱ្យដឹងថា នៅការិយាល័យអង្គការភ្លែន បានរៀបចំឱ្យមានបន្ទប់គ្រួសារ ដែលជាបន្ទប់សម្រាប់បុគ្គលិកស្រ្តីអាចបំបៅដោះកូន និងថែទាំកូននៅពេលម្តាយមកធ្វើការ។ 


 លោក យី គឹមថាន នាយករងប្រចាំប្រទេសទទួលបន្ទុកកម្មវិធីនៃអង្គការភ្លែនអន្តរជាតិកម្ពុជា។ រូបភាពដោយ ញឹក ស្រីល័ក្ខ
 
ដោយឡែក អង្គការយូនីសេហ្វវិញ ក៏គិតដល់បុគ្គលិកស្រ្តីនៅកន្លែងការងារ មិនខុសពីអង្គការភ្លែនឡើយ។ យូនីសេហ្វ មានបន្ទប់សម្រាប់អ្នកម្តាយ បំបៅដោះកូន ឬច្របាច់ និងបូមទឹកដោះទុកឱ្យកូនផងដែរ។ «ការធ្វើបែបនេះ គឺលើកកម្ពស់បរិយាកាសដែលអំណោយផលដល់គ្រួសារ និងទទួលស្គាល់ពីសារៈសំខាន់នៃសុខភាពមាតា និងទារក។ គំនិតផ្តួចផ្តើមនេះមិនត្រឹមតែលើកទឹកចិត្តដល់ការបន្តការបំបៅកូនដោយទឹកដោះម្តាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់សុខុមាលភាពទូទៅរបស់ម្តាយ និងទារក ជំរុញតុល្យភាពជីវិតការងារដែលមានសុខភាពល្អសម្រាប់ឪពុកម្តាយ»។ មន្ត្រីយូនីសេហ្វ ឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មានថ្មីៗដូច្នេះ។
 
តាមច្បាប់ ស្ដីពីការងាររបស់កម្ពុជា មាត្រា១៨៧ បានកំណត់ឱ្យក្រសួងទទួលបន្ទុកវិស័យការងារ និងកំណត់ល័ក្ខខណ្ឌសម្រាប់រៀបចំឱ្យមានអនាម័យ និងត្រួតពិនិត្យបន្ទប់បំបៅកូន និងទារកដ្ឋាន។ ជុំវិញចំណុចនេះ អង្គការភ្លែនប្រចាំកម្ពុជា ដែលយកចិត្តទុកដាក់លើសុខភាពម្ដាយ និងទារក យល់ថា ការមិនមានបន្ទប់បំបៅដោះកូននេះ នឹងនាំឱ្យប៉ះពាល់ដល់ការអភិវឌ្ឍន៍ខួរក្បាលកុមារ និងប្រាក់ចំណូលសង្គម-សេដ្ឋកិច្ចទាប សម្រាប់ប្រទេសទាំងមូល។

ការគិតគូរលើមាតុភាព ការយកចិត្តទុកដាក់ពីរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធ ជាស្ពានជំរុញការបំបៅដោះកូន

ការឈប់សម្រាកមាតុភាពមានប្រាក់ឈ្នួលនៅកម្ពុជា មានត្រឹមតែ៩០ថ្ងៃប៉ុណ្ណោះ។ រយៈពេលនេះ ខ្លីជាងការណែនាំអប្បបរមារបស់អង្គការពលកម្មអន្តរជាតិ ILO ដែលមានរយៈពេល ១៨ សប្តាហ៍ (១២៦ថ្ងៃ)។ បើតាមរបាយការណ៍ កាលពីឆ្នាំ២០២២ ស្ត្រីមានចំនួន ៤៧.១ ភាគរយនៃកម្លាំងពលកម្មសរុបនៅក្នុងប្រទេសកម្ពុជា។
 
អង្គការយូនីសេហ្វ មើលឃើញថា ភាពវិជ្ជមានក្នុងអាជីវកម្មថយចុះ ដែលបង្ហាញពីកង្វះការយកចិត្តទុកដាក់ចំពោះសុខភាពរបស់ស្ត្រី ដែលបំពេញការងារឱ្យក្រុមហ៊ុនពួកគេ។ បើតាមយូនីសេហ្វ កង្វះការគាំទ្រនៅកន្លែងការងារនេះ ជាពិសេសបញ្ហាទាក់ទងនឹងមាតុភាព បានបណ្តាលឱ្យស្រ្តីអវត្តមានពីកន្លែងធ្វើការពី៣០ ទៅ៧០ ភាគរយ។ មួយវិញទៀត ការថយចុះចំនួនបុគ្គលិកជាស្ត្រី តាមអង្គភាពការងារនេះ ដោយសារតែស្ត្រីទាំងនោះ មានអារម្មណ៍ថា ខ្វះការគាំទ្រគ្រប់គ្រាន់ពីក្រុមហ៊ុន ជាពិសេសលើបញ្ហាមាតុភាពនេះ។ វាជាដើមចមនៃការលាឈប់របស់បុគ្គលិកស្ត្រីកាន់តែខ្ពស់ ដែលនាំឱ្យមានការកើនឡើងលើការចំណាយស្វែងរក និងការបណ្តុះបណ្តាលបុគ្គលិកថ្មីៗ សម្រាប់ក្រុមហ៊ុន។
 

បន្ទប់បំបៅដោះកូន និងទារកដ្ឋាន ក្នុងមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក។ រូបភាព៖ ញឹក ស្រីល័ក្ខ
 
សម្រាប់អង្គការយូនីសេហ្វវិញ យល់ថា បុគ្គលិកស្រ្តីគឺជាកម្លាំងចលករដ៏សំខាន់ សម្រាប់ក្រុមហ៊ុន។ យូនីសេហ្វ ប្រាប់សារព័ត៌មានថ្មីៗដូច្នេះ៖ «បុគ្គលិកមិនថាភេទណាមួយនោះទេ សុទ្ធតែអាចទទួលបានអត្ថប្រយោជន៍ពីសិទ្ធិឈប់សម្រាកមាតុភាព ដោយមិនគិតថាគាត់ជាម្តាយបង្កើត ឬចិញ្ចឹមនោះទេ។ នេះរាប់បញ្ចូលទាំងម្តាយតាមរយៈការពពោះជំនួស ឬការសុំកូនចិញ្ចឹម អ្នកថែទាំបឋម និងបន្ទាប់បន្សំ»។
 
នៅអង្គការយូនីសេហ្វ បុគ្គលិកអាចឈប់សម្រាកមាតុភាព ដែលមានប្រាក់បៀវត្សរយៈពេល ៦ ខែ ស្របតាមការណែនាំរបស់អង្គការសុខភាពពិភពលោក សម្រាប់ម្តាយក្នុងការបំបៅកូន។
 
ការពន្យារពេលមាតុភាពក្នុងកន្លែងការងារនេះ ផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ទំនាក់ទំនងល្អរវាងឪពុកម្តាយ និងកូន, លើកទឹកចិត្តស្ត្រីឱ្យត្រឡប់ទៅធ្វើការវិញក្រោយពេលសម្រាល, លើកកម្ពស់សិទ្ធិអំណាចស្ត្រី និងសមភាពយេនឌ័រ។ ទន្ទឹមនឹងនេះ ជួយជំរុញកំណើនសេដ្ឋកិច្ចនាពេលអនាគត និងលើកកម្ពស់ការអភិវឌ្ឍន៍ធនធានមនុស្សផងដែរ។ 
 

ការផ្សាយលើបណ្ដាញសង្គមរបស់អង្គការភ្លែនអន្តរជាតិកម្ពុជា ជុំវិញការជំរុញការបំបៅកូនដោយទឹកដោះម្ដាយនៅ​កន្លែងធ្វើការ។ រូបភាពពី​អង្គការភ្លែន

ដើម្បីលើកកម្ពស់សុខភាពស្រ្តី ក្រោយសម្រាលកូន និងបង្កើនអត្រានៃការបំបៅកូនដោយទឹកដោះម្ដាយនោះ អង្គការភ្លែនអន្តរជាតិ មានគោលនយោបាយឱ្យបុគ្គលិកស្រ្តី និងមាតា ដែលមានកូនតូចអាយុក្រោម១ឆ្នាំ បានសម្រាកមុនមួយម៉ោង ដើម្បីបំបៅដោះកូន។ បើតាមលោក យី គឹមថាន បុគ្គលិកស្ត្រីសម្រាលកូនទាំងអស់ ទទួលបានប្រាក់បៀវត្សពេញ ដូចបុគ្គលិកផ្សេងៗ ដែលបំពេញការងារពេញម៉ោង។ 
 
នាយករងប្រចាំប្រទេសរូបនេះ បន្ថែមយ៉ាងដូច្នេះ៖«អង្គការភ្លែនក៏ផ្តល់ឱកាសឱ្យបុគ្គលិកស្រ្តីជ្រើសរើសម៉ោងចូលនិងចេញពីធ្វើការ ដើម្បីផ្តល់ភាពងាយស្រួលដល់ពួកគេក្នុងការបំបៅដោះ និងមើលថែទាំកូន។ ដោយអង្គការបានផ្តល់ការឈប់សម្រាកមាតុភាពរហូតដល់៥ខែ និងជួយសម្រួលដល់បិតុភាពចំនួន១ខែ ដើម្បីឱ្យប្តីមានពេលមើលថែទាំកូន និងជួយឱ្យម្តាយអាចបំបៅដោះកូនបានពេញលេញផងដែរ»។
 
បច្ចុប្បន្នអង្គការភ្លែន និងអង្គការយូនីសេហ្វ កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើសុខភាពម្ដាយ និងទារក ជាពិសេសលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្ដាយនេះ។ អង្គការទាំងពីរនេះ បានសហការជាមួយរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល សហគមន៍ ក៏ដូចជានិយោជក និងថៅកែរោងចក្រ ដើម្បីបង្កើតបរិយាកាសកាន់តែប្រសើរឡើងសម្រាប់សហគមន៍ គ្រួសារ និងឪពុកម្តាយ ក្នុងការគាំទ្រការបំបៅកូនដោយទឹកដោះម្តាយ ។
 
 

ម្ដាយអង្គុយលើអង្រឹងបំបៅកូន។ រូបភាពពីអង្គការយូនីសេហ្វ

មិនតែប៉ុណ្ណោះអង្គការទាំងពីរ បានជំរុញឱ្យភាគីពាក់ព័ន្ធអនុវត្តតាមអនុក្រឹត្យលេខ ១៣៣ អនក្រ.បក.ស្តីពីការធ្វើទីផ្សារផលិតផលសម្រាប់ទារក និងអាហារបំប៉នសម្រាប់កុមារ ដើម្បីទប់ស្កាត់ការធ្វើទីផ្សារផលិតផលម្សៅទឹកដោះគោ គ្មានគុណភាព និងគ្មានការទទួលស្គាល់ត្រឹមត្រូវ ដែលប៉ះពាល់ដល់ការបំបៅកូនដោយទឹកដោះម្តាយ។
 
យូនីសេហ្វ ក៏ចង់ឱ្យដៃគូពាក់ព័ន្ធលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងពង្រឹងចលនាសង្គមអំពីសារៈសំខាន់នៃការចាប់ផ្តើមដំបូងនៃការបំបៅកូនដោយទឹកដោះម្តាយតែមួយគត់។ ជាមួយគ្នានេះ ការចូលរួមរបស់សមាជិកគ្រួសារ ជាពិសេសឪពុក យាយតា និងអ្នកថែទាំផ្សេងទៀត ដើម្បីជំរុញ និងលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយនេះ។
 
ការធ្វើអន្តរាគមន៍លើបញ្ហាអាហារូបត្ថម្ភ គឺជាអាទិភាពមួយរបស់ក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយអត្រាមរណភាពកុមារ និងធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសុខភាពមាតា ។ បើតាមក្រសួងសុខាភិបាល ការបំបៅកូនដោយទឹកដោះម្ដាយ គឺជាផ្នែកមួយដែលមិនអាចខ្វះបាន។ 
 
ក្នុងពិធីបើកសិក្ខាសាលាប្រារព្ធសប្តាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្តាយ នៅសណ្ឋាគារកាំបូឌីយ៉ាណា កាលពីថ្ងៃទី២៥ សីហាកន្លងទៅ លោកស្រី ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍ថា៖«ដើម្បីជំរុញ និងបង្កើនវឌ្ឍនភាពលើអត្រាបំបៅកូនដោយទឹកដោះម្ដាយ កន្លែងធ្វើការ ដែលគាំទ្រការបំបៅកូនដោយទឹកដោះម្ដាយ គឺជាគន្លឹះដ៏សំខាន់។ ភ័ស្តុតាង បង្ហាញថា អត្រាបំបៅកូនដោយទឹកដោះម្ដាយបានធ្លាក់ចុះយ៉ាងខ្លាំងនៅពេលស្រ្តីត្រឡប់ទៅធ្វើការវិញ»។ 
 

ពិធីបើកសិក្ខាសាលាប្រារព្ធសប្តាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្តាយ នៅសណ្ឋាគារកាំបូឌីយ៉ាណា កាលពីថ្ងៃទី២៥ សីហា។ រូបភាពពីហ្វេសប៊ុកអង្គការរូបភាពពីហ្វេសប៊ុកអង្គការហេឡែនខេលល័រ

បើតាមរដ្ឋលេខាធិការក្រសួងសុខាភិបាលរូបនេះ ផលប៉ះពាល់អវិជ្ជមាននេះ អាចដោះស្រាយឱ្យបានប្រសើរឡើងវិញ ប្រសិនបើកន្លែងធ្វើការនីមួយៗជួយសម្របសម្រួល និងគាំទ្រដល់ម្ដាយឱ្យបន្តបំបៅកូនដោយទឹកដោះ។ លោកស្រី ប្រាក់ សោភ័ណនារី បន្តថា៖ «គោលនយោបាយកន្លែងធ្វើការ ដែលផ្ដល់លក្ខណៈអំណោយផលសម្រាប់គ្រួសារ ដូចជា ការឈប់សម្រាកលំហែមាតុភាពដោយទទួលប្រាក់ឈ្នួល, ការផ្ដល់ពេលវេលាគ្រប់គ្រាន់សម្រាប់ស្រ្តីបំបៅកូនដោយទឹកដោះម្ដាយ និងបន្ទប់បំបៅដោះកូន ឬម្ដាយអាចច្របាច់ទឹកដោះបាន។ ទាំងអស់នេះ គឺបង្កើននូវបរិយាកាស ដែលផ្ដល់អត្ថប្រយោជន៍ មិនត្រឹមតែស្រ្តីធ្វើការ និងគ្រួសាររបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនិយោជកផងដែរ»។ 
 
បន្ថែមលើនេះ គោលនយោបាយនេះ នឹងបង្កើននូវផលចំណេញ ទាំងផ្នែកសេដ្ឋកិច្ច ។ ជាពិសេស បង្កើនការរក្សាបាននូវការងាររបស់បុគ្គលិកស្រ្តី និងកម្មការិនី និងកាត់បន្ថយលើការចំណាយលើការជួល និងបណ្តុះបណ្តាលបុគ្គលិកថ្មីៗផងដែរ។
 

លោកស្រី ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល។ រូបភាពពីហ្វេសប៊ុកអង្គការហេឡែនខេលល័រ
អត្ថបទទាក់ទង
 
សូមបញ្ជាក់ថា មួយទសវត្សរ៍កន្លងមកនេះ ការអនុវត្តបំបៅកូនដោយទឹកដោះម្តាយ នៅក្នុងកម្ពុជា ធ្លាក់ចុះជាបន្តបន្ទាប់។ ការអងេ្កតប្រជាសាស្រ្ត និងសុខភាពកម្ពុជា ២០២១-២០២២ បង្ហាញថា ការបំបៅកូនដោយទឹកដោះម្តាយភ្លាមៗ ក្នុងអំឡុង ១ម៉ោងដំបូងក្រោយសម្រាល បានថយចុះពី ៦៦ភាគរយ មក ៥៤ភាគរយ។ ដោយឡែកការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ ក្នុងរយៈពេល ៦ ខែដំបូងនៃជីវិត ក៏បានថយចុះពី ៧៤ភាគរយ មក ៥០ភាគរយ (ការអងេ្កតប្រជាសាស្រ្ត និងសុខភាពកម្ពុជា ២០២១-២០២២)៕

Tag:
 ការបំបៅកូនដោយទឹកដោះម្ដាយ
  លើកកម្ពស់
  កន្លែងការងារ
  សុខភាព
  មាតា
  ទារក
© រក្សាសិទ្ធិដោយ thmeythmey.com